ស្រាយ​អាថ៌កំបាំង «ខ្មោច​សង្កត់» ដែល​គ្រប់គ្នា​មិន​ដែល​ដឹង

ប្រិយមិត្ត​មួយ​ចំនួន ប្រហែល​ជា​ធ្លាប់​បាន​ឆ្លង​កាត់​អាការ «ខ្មោចសង្កត់» រួច​មក​ហើយ។ អាការ «ខ្មោចសង្កត់» ឬ​អ្នក​វិទ្យាសាស្ត្រ​ហៅ​ថា «Sleep Paralysis» បាន​កើត​ឡើង​នៅ​ពេល​ដែល​អ្នក ឆ្លង​កាត់​ដំណាក់​កាល រលឹក និង​គេងលក់។

 

ស្រាយ​អាថ៌កំបាំង «ខ្មោច​សង្កត់» ដែល​គ្រប់គ្នា​មិន​ដែល​ដឹង

(រូបតំណាង)

 

វា​គឺ​ជា​អារម្មណ៍​ដ៏​រន្ធត់ និង​តក់​ស្លុត​មួយ នៅ​ពេល​ដែល​ខ្លួន​ប្រាណ​អ្នក នៅ​គេង​លក់​នៅ​ឡើយ ប៉ុន្តែ​ផ្នែក​ខ្លះ​បាន​ភ្ញាក់​ដឹង​ខ្លួន និង​មិន​អាច​កម្រើក​ខ្លួន​បាន តែ​អាច​មើល​ឃើញ​អ្វីៗ​ទាំង​អស់ នៅ​ជុំ​វិញ​ខ្លួន​អ្នក។ ទោះ​ជា​យ៉ាង​ណា វា​គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ហើយ​មិន​បណ្តាល​ឲ្យ​ប៉ះពាល់​អ្វី​ឡើយ​ចំពោះ​ខ្លួនប្រាណ​អ្នក។

 

អាការ «ខ្មោចសង្កត់» ឬ «Sleep Paralysis» កើតឡើង នៅ​ចន្លោះ​ដំណាក់​កាល ចំនួន​២ គឺ «Hypnagogic» និង «Hypnopompic»។ ដំណាក់​កាល «Hypnagogic» កើត​ឡើង​នៅ​ពេល​ដែល​អ្នក​គេង​លក់ ខណៈ​ដំណាក់​កាល «Hypnopompic» កើត​ឡើង​នៅ​ពេល​ដែល​អ្នក​រៀប​នឹង​ភ្ញាក់​ដឹង​ខ្លួន ពី​ដំណាក់​កាល REM (Rapid Eye Movement)។

 

នៅ​ពេល​ដែល​អ្នក​គេង​លក់ ខ្លួន​ប្រាណ​របស់​អ្នក​បាន​សម្រាក​យ៉ាង​ខ្លាំង ខណៈ​អារម្មណ៍​របស់​អ្នក នៅ​ពេល​ស្រប​គ្នា ប្រែ​ជា​ដឹង​ខ្លួន​តិច។ ទោះ​ជា​យ៉ាង​ណា នៅ​ពេល​ដែល​ដំណាក់​កាល «Hypnagogic» កើត​ឡើង អារម្មណ៍​របស់​អ្នក​នៅ​តែ​ដឹងខ្លួន ខណៈ​ខ្លួន​ប្រាណ​អ្នក​បាន​សម្រាក ទើប​បណ្តាល​ឲ្យ​មាន​អាការ «ខ្មោចសង្កត់» ឬ «Sleep Paralysis» កើតឡើង និងធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ភិត​ភ័យ។

 

នៅ​ពេល​ខ្លះ អាការ​មួយ​នេះ អាច​បណ្តាល​ឲ្យ​មាន​សម្ពាធ​នៅ​ត្រង់​ដើមទ្រូង ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ក្រោក​ឡើង (ពី Sleep Paralysis) ដង្ហក់​រក​ខ្យល់​ដក​ដង្ហើម។ «ខ្មោចសង្កត់» ឬ «Sleep Paralysis» អាច​កើត​ឡើង​យូរ​បំផុត ចាប់​ពី ២០​វិនាទី ទៅ ២-៣នាទី។

 

យ៉ាងណាមិញ ប្រសិន​បើ​អ្នក​បាន​ជួប​អាការ​បែប​នេះ សូម​អ្នក​ព្យាយាម​កែ​ប្រែ​ទម្លាប់​នៃ​ការ​គេង​របស់​អ្នក ហើយ​គេង​ឲ្យ​បាន​គ្រប់គ្រាន់ (៨ម៉ោង)។ កង្វះ​នៃ​ការ​គេង អាច​រួម​ចំណែក​ដល់​ការ​កើត​ឡើង​នៃ​បញ្ហា​ទាំង​នេះ៕

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ interesting-facts