ជីវិតជិត៦០នាក់ ប៊ិះក្ស័យ

ខេត្តស្វាយរៀង ​៖​ សេចក្តីរាយការណ៍ឱ្យដឹងថា រថយន្ត​ដឹក​កម្មករមួយ​គ្រឿងបាន​ក្រឡាប់​ផ្ងា​ជើង​ បណ្តាល​ឱ្យ​​មនុស​រង​របួសធ្ងន់​​-​ស្រាលរហូតដល់ជិត​​​៦០​នាក់ ស្ថិត​នៅ​​កំណាត់​ផ្លូវជាតិ​លេខ​៣១៦​ ត្រង់​ចំណុច​ខាង​មុខ​ផ្សារ​ជី​ភូ​ថ្មី កាលពី​វេលា​ម៉ោង​០៧ និង១០​ព្រឹក​ថ្ងៃ​ទី​១១​ តុលា​ ២០១៦ ​។

​ប្រភពឱ្យដឹងថា ​កម្មករ​ម្នាក់​​បាន​របួស​ក្បាល​ធ្ងន់ធ្ងរ ​ដែលកំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្ត​ ។​ រថយន្ត​ដឹក​កម្ម​ករខាងលើ ម៉ាក​ហ៊ី​យ៉ាន់​​​ដាយ ចំណុះ​២​តោន​កន្លះ មាន​ដឹក​កម្មករ​-កម្ម​ការ​នី​ប្រមាណ​៦០​នាក់ ​។ ចំពោះ​​មូលហេតុ​ជំហានដំបូងថា គឺ​បណ្តាល​មក​ពី​​បើក​មាន​ល្បឿន​លឿន ហើយ​បត់​ស្តាំ​ចូល​ក្នុង​ផ្សារ​ជី​ភូ​ថ្មី​ទាំង​បង្ខំ​ ហើយដោយ​មាន​ភ្លៀង​ធ្លាក់ខ្លាំង​ ទើប​រ​អិល​​រេ​ចង្កូត​ជ្រុល​​ទៅ​បុក​រាន​​ទេវតានៅ​មុខ​ផ្ទះ​ខាង​មុខ​ផ្សារ​ជី​ភូ ​ស្ថិត​នៅ​ភូមិ​គុម្ពោត​ជ្រូក​ សង្កាត់​ព្រៃ​អ​ង្គុ​ញ​ ក្រុង​បា​វិត បណ្តាល​​ឱ្យ​​រថយន្ត​ក្រឡាប់​ផ្ងា​ជើង​ឡើង​​លើចាក់​កម្មករ​​ចោលទៅ​លើ​ថ្នល់​រង​របួស​រដូករណែល​ ​និង​មានអ្នករង​របួសធ្ងន់​២១​នាក់​ ស្រាល​៣៩​នាក់ ​។​

ក្រោយ​ពី​គ្រោះថ្នាក់​ សមត្ថកិច្ច​បាន​ហៅ​រថយន្ត​សា​មុ​យ​ដឹក​បញ្ជូន​មក​មន្ទីរពេទ្យ​ខេត្ត​២១​នាក់​ នៅ​មន្ទីរពេទ្យ​បង្អែក​ជី​ភូ​៣៩​នាក់​។​រហូត​​ដល់​ម៉ោង០​៩ ​និង​៤០​នាទី​ព្រឹក​ថ្ងៃដដែល លោក​ម៉ែ​ន ​វិបុល ​អភិបាល​​នៃ​គណៈ​អភិបាលខេត្ត លោក​អភិបាលរង​ខេត្ត​ និង​កាក​បាត​ក្រហម​កម្ពុជា​សាខា​ខេត្ត​ បាន​ចុះ​ទៅ​សួរសុខទុក្ខ​កម្មករ​កម្ម​ការ​នី​រង​គ្រោះ​ និង​បាន​ឧបត្ថម្ភអ្នក​របួសធ្ងន់​៧​នាក់ ​ក្នុង​ម្នាក់​២០​ម៉ឺន​រៀល អ្នកមាន​ផ្ទៃពោះ​៣​នាក់ ​ក្នុង​ម្នាក់​៣០​ម៉ឺន​រៀល ​(​ថវិកា​សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន​ រ៉ា​នី​ ហ៊ុន ​សែន​២០​ម៉ឺន​រៀល), លោក​អភិបាលខេត្ត​១០​ម៉ឺន​រៀល​ ​របួសធ្ងន់​ស្រាល​៥០​នាក់​ទៀត​ ក្នុង​ម្នាក់​ទទួល​បាន​១០​ម៉ឺន​រៀល​ ។