ចប់​ហើយ​លើក​នេះ អាជីវកម្ម​លើ​ផ្ទៃ​ទឹក

ខេត្តកំពង់ឆ្នាំង​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៦ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ហាមឃាត់​ការ​ធ្វើ​អាជីវកម្ម​លើ​ផ្ទៃ​ទឹក​នៅ​ភូមិ​ចុង​កោះ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

លោក ជិន សុ​ផាត នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បានអោយ​ដឹង​ថា ទីតាំង និង​កប៉ាល់​លក់​ប្រេង​អត់​ច្បាប់​ខាងលើ​នេះ​ជា​របស់​ជនជាតិ​វៀតណាម ដាក់​ទង់ជាតិ​កម្ពុជា ឈ្មោះ ង្វៀ​ង យ៉ាង​កេ នៅ​កណ្តាលទន្លេ​ចំណុច​ចុង​កោះ ។ លោក​បាន​បន្ត​ថា តាម​បញ្ជា​របស់​លោក​អភិបាលខេត្ត និង​លោកស្នងការ​ខេត្ត លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ហាមឃាត់ ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​លក់ដូរ​ប្រេង​នៅ​លើ​ផ្ទៃ​ទឹកទន្លេ ដោយ​តម្រូវ​ឲ្យ​មានការ​សុំ​ច្បាប់​ត្រឹមត្រូវ និង​ត្រូវ​លក់​នៅ​លើគោក​វិញ ។

លោកនាយ​ការិយាល័យ​រូប​នោះ​បាន​បញ្ជាក់​ដែរ​ថា មិនមែន​តែ​ផ្ទះ​លក់​ប្រេង​ខាងលើ​ម្នាក់​ទេ​ដែល​ត្រូវ​បាន​ចុះ​ហាមឃាត់ គឺ​នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ​មានផ្ទះ​មួយ​ចំនួន​ទៀត​ដែល​ប្រកប​អាជីវកម្ម​លើ​ផ្ទៃ​ទឹក ធ្វើ​អោយ​ប៉ះពាល់​បរិស្ថាន​ទឹក មាន​ដូច​ជា ផ្ទះ​ប​ញ្ជូ​ល​អា​គុយ និង​ផ្ទះ​ជួសជុល​ម៉ាស៊ីន​ជាដើម ហើយ​នៅ​ព្រឹក​នោះ​ក្រុមការងារ​របស់​លោក​បាន​ធ្វើ​កិ​ច​សន្យា​ផ្ទះ​ដែល​មាន​អា​ជីរ​កម្ម​ខាងលើ​បាន​៧​ផ្ទះ និង​បន្ត​ធ្វើ​រហូត​គ្រប់​ផ្ទះ​ដែល​មាន​អាជីវកម្ម​ប៉ះពាល់​បរិស្ថាន​លើ​ផ្ទៃ​ទឹក ។

សូម​រំ​ឮ​កថា កន្លង​មក​មានការ​ចុះ​ហាមឃាត់​ការ​ធ្វើ​អាជីវកម្ម​លើ​ផ្ទៃ​ទឹក មាន​លក់​ប្រេង ជួសជុល​ម៉ាស៊ីន និង​បញ្ជូន​អា​គុយ​ជាដើម  ប៉ុន្តែ​ការ​ចុះ​ហាមឃាត់ និង​ធ្វើ​កិច្ចសន្យា​ហាក់​គ្មាន​ប្រ​សិ​ទ្ឋ​ភាព​សោះ ។ សម្រាប់​ខេត្តកំពង់ឆ្នាំង ផ្ទះ​ប​ណ្តែ​ទឹក​ធ្វើ​អាជីវកម្ម​ដូច​ខាងលើ​នេះ​ក៏​មាននៅ​តំបន់​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍​ក៏​មាន​មិន​តិច​ខ្នង​ផ្ទះ​ដែរ ។ ចាំ​មើល​ចំណាត់ការ​របស់​លោក​អភិបាលខេត្ត​មាន​ប្រសិទ្ធភាព​បាន​ត្រឹម​កម្រិត​ណា ?