អីុរ៉​ង់​ចង់​ទិញ​អង្ករ​ពី​ថៃ​បន្ថែម ស្រប​ពេល​ថៃ​ចង់​លក់​ឱ្យ​អស់ពី​ស្ដុក

ប្រទេស​ថៃ ៖ អីុ​រ៉​ង់​បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ក្នុង​ការ​ទិញ​អង្ករ​បន្ថែម​ពី​ថៃ ក្នុងអំឡុងពេល​ដែល​រដ្ឋាភិបាល​ថៃ​កំពុង​តែ​ចង់​លក់​ចេញ​នូវ​អង្ករ​ស្តុក​ទុកជា​ច្រើន​ក្នុង​ប្រទេស ។
អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល Werachon Sukondhapatipak និយាយ​ថា ប្រធានាធិបតី​អីុរ៉​ង់ លោក Hassan Rouhani បាន​បង្ហាញ​ការ​ចាប់អារម្មណ៍​ក្នុង​ការ​ចរចា​នាំ​ចូល​អង្ករ​ជាមួយ​នាយក​មន្ត្រី​ថៃ លោក Prayut Chan-o-cha កាលពី​ថ្ងៃអាទិត្យ​កន្លង​មក  ។

ការ​ចរចា​នោះ​មិន​បាន​និយាយ​ក្បោះក្បាយ​ទៅ​លើ​ការ​ទិញ​ថ្មី​ទេ ប៉ុន្តែ​លោក​ឧត្តមសេនីយ៍ Prayut បាន​ស្នើ​ពី​ដំណឹង​នូវ​ដំណើរការ​ទិញ​លើក​មុន​រវាង​ប្រទេស​ទាំង​ពីរ ។

គួរ​បញ្ជាក់​ថា ប្រទេស​ថៃ​បាន​ចុះ MOU ជាមួយ​ប្រទេស​អីុ​រ៉​ង់​កាលពីដើម​ឆ្នាំ​នេះ ដើម្បី​លក់​អង្ករ​ប្រមាណ​៣០​ម៉ឺន​តោន ដែល​មាន​តម្លៃ​សរុប​ដល់​ទៅ​៤,៣​ប៊ី​លាន​បាត​ទៅ​កាន់​ប្រទេស​ក្នុង​មជ្ឈិម​បូព៌ា​មួយ​នេះ ។ វា​ជា​ផ្នែក​មួយ​នៃ​គម្រោង​លក់​ចេញ​អង្ករ​ដែល​មាន​ក្នុង​ស្តុក ហើយ​ប្រទេស​អីុរ៉​ង់ គឺជា​អតិថិជន​ដ៏​សំខាន់​មួយ ។

ប្រទេស​ថៃ​បាន​លក់​ចេញ​នូវ​អង្ករ​ប្រមាណ ៤,៨​លាន​តោន​ក្នុង​អំឡុង​ឆមាស​ទី​១ កើនឡើង​៩,៣% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​មុន ។

ប្រធានាធិបតី​អីុរ៉​ង់ គឺ​ស្ថិត​ក្នុង​ទីក្រុង​បាងកក នៃ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ និង​កិច្ចប្រជុំ​ពិភាក្សា​សហការ​អាស៊ី (ACD) ដែល​ធ្វើ​ឡើង​នៅ​ក្រសួងការបរទេស នា​ថ្ងៃ​ចន្ទ ។

ក្នុង​ការ​ប្រជុំ​ជាមួយ​អ្នកដឹកនាំ​អាជីវកម្ម​អាស៊ី​កាលពី​ថ្ងៃអាទិត្យ លោក​ឧត្តមសេនីយ៍ Prayut បាន​ជំរុញ​ឲ្យ​មានការ​សហការ​គ្នា​កាន់តែ​ជិតដិត​រវាង​វិស័យ​សាធារណៈ និង​ឯកជន ដើម្បី​បង្កើន​ដល់​ការ​លូតលាស់​ក្នុង​អាស៊ី ។ លោក​ក៏​បាន​ផ្តោត​សំខាន់​ទៅ​លើ​ការ​វិនិយោគ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ថា ជា​ចំណុច​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​ការ​រីក​ចម្រើន​ក្នុង​ទ្វីប​នេះ។

គួរ​បញ្ជាក់​ថា ACD ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោក Thaksin Shinawatra តាំងពី​ឆ្នាំ​២០០២​មក​ម្ល៉េះ ។ ACD បាន​ចាប់ផ្តើម​ឡើង​ដោយ​មាន​១៨​សមាជិក ប៉ុន្តែ​ពេល​នេះ​បាន​កើន​ដល់​៣៤​សមាជិក​ហើយ ៕