ភាពយន្ត TVB ថ្មីសន្លាងចំនួនពីររឿង នឹងចាក់ផ្សាយក្នុងថ្ងៃតែមួយនៅលើ PNN

ភ្នំពេញ៖ ខ្សែភាពយន្តភាគហុងកុងថ្មីសន្លាងចំនួនពីររឿងរបស់ TVB នឹងចាក់ផ្សាយក្នុងថ្ងៃតែមួយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន គឺនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង១១ ថ្ងៃត្រង់ និងម៉ោង ៦ល្ងាច។

ខ្សែភាពយន្តទាំងពីរនេះគឺរឿង «វិថីជីវិត វគ្គ២» ផ្សាយជូនទស្សនារៀងរាល់ថ្ងៃចន្ទ ដល់សុក្រវេលាម៉ោង១១ ថ្ងៃត្រង់ និងរឿង«ស្តេចស៊ើបអង្កេតហុងកុង» ផ្សាយជូនទស្សនារៀងរាល់ថ្ងៃចន្ទ ដល់សុក្រ វេលាម៉ោង៦ល្ងាច។

កញ្ញា ទូច បុប្ផា ប្រធានផ្នែកគ្រប់គ្រងកម្មវិធីផ្សាយរបស់ភីអិនអិនបានឲ្យដឹងថា «ក្នុងចំណោមកម្មវិធីកំសាន្តទូរទស្សន៍នានា កម្មវិធីភាពយន្តគឺដើរតួនាទីសំខាន់សម្រាប់បំរើសោទិន្ទ្រយារម្មណ៍ របស់ទស្សនិកជន ទើបភីអិនអិនខិតខំ ផលិតទាំងភាពយន្តក្នុងស្រុក និងទាំងនាំយកនូវភាពយន្តបរទេសល្អៗ មកចាក់ផ្សាយ ដោយក្នុងនោះយើងបានជ្រើសរើសប្រភេទសាច់រឿងខុសៗគ្នា ពាក់ព័ន្ធនឹងរឿងរ៉ាវស្នេហា បញ្ហាគ្រួសារ ការប្រកួតប្រជែងក្នុងសង្គម ការអប់រំផ្លូវចិត្ត ដែលមានគ្រប់រសជាតិ ដូច្នេះប្រិយមិត្តភីអិនអិន អាចមានជម្រើសច្រើនក្នុងការតាមដានទស្សនាភាពយន្តនៅភីអិនអិន ហើយសម្រាប់ភាពយន្ត TVB ថ្មីទាំងពីររឿងសុទ្ធសឹងតែ ជារឿងថ្មីសន្លាងទើបចាក់ផ្សាយ និងមានការគាំទ្រយ៉ាងខ្លាំង នៅទីក្រុងហុងកុង យើងសង្ឃឹមថានឹងមានការគំាទ្រនៅកម្ពុជាដូចគ្នា»។

ខ្សែភាពយន្តហុងកុងប្រចាំឆ្នាំ២០១៦ ដែលកំពុងតែចាក់ផ្សាយ និងទទួលបានការគាំទ្រយ៉ាងខ្លាំងនៅ TVB គឺរឿង «វិថីជីវិតវគ្គ២» ឬ «Brother Keeper II» គឺជាភាពយន្តដែលឆ្លុះបញ្ចាំងពីការតស៊ូពុះពារ ដើម្បីបង្កើតជំនួញជោគជ័យមួយ និងភាពស្មុគស្មាញជាច្រើនកើតឡើងក្នុងគ្រួសារ។ រឿងរ៉ាវបានបន្តតាំង តែពីវគ្គទីមួយមកម្ល៉េះ តែនឹងមានតួអង្គថ្មីៗមួយចំនួនបន្ថែមទៀតក្នុងវគ្គទី២នេះ។

Lo Wai-son (Edwin Sui) និងYiu Man-ying (Kristal Tin) បានចំណាយពេលអស់ជាច្រើនឆ្នាំទើប បានទទួលជោគជ័យក្នុងអាជីវកម្មហាងនំ របស់ពួកគេដែលមានឈ្មោះថា Law Shun Kei ល្បីល្បាយនៅទូទាំងហុងកុង និងម៉ាកាវ។ ភាពជោគជ័យរបស់ពួកគេ បានធ្វើឲ្យអ្នកអភិវឌ្ឍន៍អចលនទ្រព្យ Ko Tin-tsau (Hugo NG) មិនសប្បាយចិត្តនោះទេ ហើយព្យាយាម មិនឲ្យជំនួញពួកគេរីកដុះដាលទៀតផង។ ស្របពេលជាមួយគ្នានោះដែរ Wai-son ត្រូវបានមនុស្សជំនិតរបស់គាត់Tsui Chi-lik (Mat Yeung)ក្បត់ទៀត។

Wai-son ក៏ចាប់ផ្តើមអស់សង្ឃឹម ហើយក៏បានទៅកោះ Okinawa ដើម្បីភៀសខ្លួន។ ក្នុងអំឡុងពេលនោះលោក មិនត្រឹមតែលង់ស្រឡាញ់ នារីអាថ៍កំបាំង NaNa (Grace Chan) ទេ ប៉ុន្តែលោកថែមទាំងជាប់ពាក់ព័ន្ធរឿង មនុស្សឃាតដែលមិនទាន់ បានដោះស្រាយមួយដែលកើតឡើងកាលពី ២០ឆ្នាំមុន។

រីឯប្តីរបស់ Man-ying បានចាត់ទុកនាងជាមនុស្សចំលែក បន្ទាប់ពីគាត់រងរបួសក្បាលយ៉ាងធ្ងន់ធ្ងរ។ ចំណែកSam (Ruco Chan) ដែលជាបងប្រុសរបស់ Wai-son ក៏បានត្រឡប់មកវិញភ្លាមៗ ដើម្បីស្វែងរកស្ រីដែលគេស្រឡាញ់ឈ្មោះថា Rachel។ ប្រឈមមុខនឹងរឿងរ៉ាវគ្រួសារ ស្នេហា និងជំនួញ តើ Wai-son និង Man-ying ត្រូវដោះស្រាយបញ្ហាទាំងអស់នោះដោយរបៀបណា?

ផ្ទុយពីរឿងបែបឆាកជីវិតតស៊ូដែលចាក់ផ្សាយនៅពេលថ្ងៃត្រង់ នៅពេលល្ងាច ភីអិនអិនបានជ្រើសរើសនូវរឿង បែបកំប្លែងសប្បាយៗ តែបង្កប់នូវមេរៀនទូន្មានទៅដល់អ្នកទស្សនា។

រឿង «ស្តេចស៊ើបអង្កេតហុងកុង» ឬ «Inspector Gourmet» ជារឿងថ្មីនៅក្នុងឆ្នាំ២០១៦ នេះរបស់TVB ដែលទើបតែបញ្ចាំងចប់នៅហុងកុង។ រឿងបែបកំប្លែង ស៊ើបអង្កេតមួយនេះ មានការចូលរួមសម្តែង ដោយតារាល្បីៗរបស់ហុងកុងដូចជាលោក Kenneth Ma, Eliza Sam, Louis Yuen រួមនឹងតារាហុងកុងល្បីៗ ជាច្រើនរូបទៀត។

Yeung Tak-kei (Kenneth Ma) បានដាក់ឈ្មោះខ្លួនឯងថា Bill Kei គឺជាចុងភៅនៅហាងម្ហូបចិនមួយ។ គាត់ក៏ជាបុគ្គលិកប្រដៅមិនបាន ដែលចូលចិត្តចំណាយពេលនៅកន្លែងធ្វើការចុចទូរស័ព្ទ និងញ៉ែភ្ញៀវស្រីៗ។ ការពិតទៅបំណងប្រាថ្នា ពិតប្រាកដរបស់គាត់ចង់ក្លាយទៅជាអ្នកស៊ើបអង្កេត ដូចបងស្រីរបស់គាត់ទេ។

Bill ជួបជាមួយនឹង Mak Sai (Louis Yuen) ដែលពូកែខាងភ្លក់អាហារ នៅពេលដែល Sai បានចូលទៅហាងដែលគាត់ធ្វើការដើម្បីសាកម្ហូបប្រចាំហាង។ ចៃដន្យអី Sau-na និង Sai ស្គាល់គ្នាដោយសារធ្លាប់ជាសង្សារ និងមិត្តរួមការងារនៅកំឡុងពេលធ្វើការនៅប៉ុស្តិ៍ប៉ូលិស។ Bill ត្រូវបានគេបណ្តេញចេញពីការងារហើយលោកបានអង្វរ Sau-na ឲ្យទទួលរូបគេធ្វើការនៅក្នុងក្រុមស៊ើបអង្កេតនាង។ ទោះជាយ៉ាងណាក៏ដោយ Sau-na បានបដិសេធដោយសារBill គ្មានបទពិសោធន៍។ នាងបានផ្លាស់ប្តូរគំនិតនៅពេលដែលBillបានបង្ហាញពីការតស៊ូ និងចចារប្រាក់ខែ ដោយសារក្រុមរបស់នាងក៏កំពុងជួបការលំបាកខ្វះមនុស្សផងដែរ។

Bill បានលង់ស្រឡាញ់Tong Ka-ka(Eliza Sam)តាំងពីជួបនាងដំបូង។ Ka-ka គឺជាអ្នកសរសេរឲ្យទស្សនាវដ្តីមួយ។ ក្រោយពីលាឈប់ពីការងារ Ka-ka បានចូលរួមជាមួយក្រុមស៊ើបអង្កេត របស់ Sau-na ហើយធ្វើជាដៃគូរបស់ Bill។ ពួកគេទាំងពីរដឹងថាខ្លួនមិនសូវមានជំនាញក៏បាន បញ្ចុះបញ្ចូល Sai ឲ្យចូលរួមជាមួយក្រុមខ្លួន។

ចង់ដឹងថាតើរឿងហុងកុងទាំងពីរនេះ មានបង្កប់នូវអត្ថន័យ និងខ្លឹមសារល្អមើលយ៉ាងណានោះ សូមទូរទស្សនិកជន កុំភ្លេចរង់ចាំតាមដានទស្សនានៅថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០១៦នេះ។

ទស្សនាឈុតខ្លីរឿង «វិថីជីវិតវគ្គ២» សូមចុច៖ https://www.facebook.com/PNNDramaFanClub/videos/702868336536226/ 
ទស្សនាឈុតខ្លីរឿង «ស្តេចស៊ើបអង្កេតហុងកុង» សូមចុច៖ https://www.facebook.com/PNNDramaFanClub/videos/702895306533529/ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload