ការបង់ប្រាក់ប្រកួតក្នុងកីឡាជាតិ ត្រូវលុបចោល ខណៈកីឡាថ្មីមួយទៀត ត្រូវបានដាក់បញ្ចូល

ការ​​​ប្រកួត​កីឡា​ជាតិ លើក​ទី​១ ឆ្នាំ​២០១៦ ដែលផ្តោត​ទៅ​លើ​ការ​រៀបចំ​ឲ្យ​មាន​លក្ខណៈ​ស្តង់​ដារពិតៗ​ដូច​ការ​ប្រកួត​ស៊ីហ្គេម​នោះ បាន​សម្រេច​កែ​ប្រែ​នៅ​លក្ខខណ្ឌ​មួយ​ចំនួន ដើម្បី​គេច​ចេញ​ពី​ការ​រិះ​គន់​មួយ​ចំនួន ហើយ​ក៏​បាន​បន្ថែម​នូវប្រភេទ​កីឡាសូរិនហ្ស៊ិកាំប៉ូ​មួយ​ទៀត​ផង​ដែរ ដែល​ធ្វើ​ឲ្យ​ការ​ប្រកួត​នេះ​មាន​រហូត​ដល់​១៥​ប្រភេទ​កីឡា ខណៈ​ប្រភេទ​កីឡា​ប្រកួត​ជា​ក្រុម ត្រូវ​បាន​ចាប់​ឆ្នោត​រួច​រាល់ កាល​ពី​ថ្ងៃ​ចន្ទ ម្សិល​មិញ​។

mm2

នៅ​ក្នុង​ការ​ប្រជុំ​ចុង​ក្រោយ​របស់​គណៈកម្មការ​ចំពោះ​កិច្ច និង​គណៈ​កម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា(NOCC) កាល​ពី​ថ្ងៃ​ចន្ទ ម្សិល​មិញ ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​លោក  ស៊ាន បូរ៉ាត រដ្ឋលេខា​ធិការ​ក្រសួង​អប់រំ យុវជន និង កីឡា លោក វ៉ាត់ ចំរើន អគ្គលេខា​ធិការ​ NOCC និង​មន្ត្រី​ពាក់​ព័ន្ធ​ជា​ច្រើន​រូប​ទៀតនោះ គឺលោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សម្រេច​លុប​ចោល​នូវ​ការ​បង់​ប្រាក់​របស់កីឡាករ កីឡាការិនី គ្រូ​បង្វឹក និងប្រតិភូកីឡា សម្រាប់​ការ​ប្រកួត​កីឡាជាតិ លើក​ទី​១​នេះ។

mm3

គួរ​បញ្ជាក់​ថា ​កាល​ពី​ដំបូង​ឡើយ ​ក្រ​សួងអប់រំ យុវជន និង​កីឡា ​តម្រូវ​ឲ្យ​​អ្នក​ចូល​រួម​ទាំង​អស់ ​ក្នុង​ការ​ប្រកួត​កីឡាជាតិ​នេះ ត្រូវ​បង់​ប្រាក់​​ក្នុង​ម្នាក់ៗ​ចំនួន​១០ម៉ឺន​រៀល ប៉ុន្តែ​ពេល​នេះ​ក្រសួង​បាន​សម្រេច​លុប​ចោល​នៅ​លក្ខខណ្ឌ​មួយ​នេះ​ហើយ បន្ទាប់​ពីមាន​ការ​រិះ​គន់​ពី​មជ្ឈដ្ឋាន​ទូទៅ ពិសេស​ក្រុម​អត្ត​ពលិក និង​ប្រតិភូ​តំណាង​ឲ្យ​ប្រភេទ​កីឡា​ទាំង​១៥ ដែល​ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​ចូល​រួម​ប្រកួត​នោះ។

យ៉ាង​ណា​ក៏​ដោយ ចំពោះ​​ប្រាក់​រង្វាន់​ជូន​ដល់​​អ្នក​ឈ្នះបាន​​មេដាយ ក្នុងការ​ប្រកួត​កីឡាជាតិ​នេះ គឺ​នៅតែ​​​យក​តាម​ការ​ប្រកាស​អន្តរក្រ​សួងចាស់​ដដែល ដោយ​ក្នុង​នោះ​​ប្រភេទ​​កីឡា​ប្រយុទ្ធ ​ដែល​ប្រឈម​គ្រោះ​ថ្នាក់​ខ្លាំង​នោះ​ អ្នក​ឈ្នះ​មេដាយ​មាស​ បាន​៣០​ម៉ឺន ប្រាក់​២០​ម៉ឺន​ និង​សំរឹទ្ធ​ចំនួន​​១៦​ម៉ឺន​រៀល​ រីឯ​​កីឡា​សម្តែង​ ឬ​មិន​ប្រ​យុទ្ធ​ អ្នក​ឈ្នះ​មេដាយ​មាស​បាន​១២​ម៉ឺន​រៀល​ប្រាក់​១០​ម៉ឺន​​រៀល​ និង​សំរឹទ្ធ​បាន​៨​ម៉ឺន​រៀល​។

mm4

ដោយ​ឡែក ប្រភេទ​កីឡា​​ប្រកួត​ជា​ក្រុមចំនួន​៥ ​ ត្រូវ​បាន​ចាប់​ឆ្នោត​រួច​រាល់ កាល​ពីថ្ងៃ​ចន្ទ​នោះ​ដែរ​​ ហើយ​ក្នុង​ការ​ប្រកួត​កីឡា​ជាតិ​នេះ ប្រភេទ​កីឡា​​បាល់​ទាត់ បាល់​បោះ បាល់​ទះ វាយកូន​ឃ្លីលើតុ និងតេក្វាន់ដូ ត្រូវ​ធ្វើ​ការ​ប្រកួត​មុន​គេ គឺ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា ត​ទៅ។

គួរ​បញ្ជាក់​ថា ប្រភេទ​កីឡា​ទាំង​១៥ ដែល​ត្រូវ​ចូល​រួម​ការ​ប្រកួត​កីឡា​ជាតិ​ លើក​ទី​១ ឆ្នាំ​២០១៦​​នេះ មាន​​បាល់​ទាត់ បាល់​បោះ បាល់​ទះ អត្តពលកម្ម ហែល​ទឹក ចំបាប់ វាយ​កូន​ឃ្លី​លើ​តុ វាយ​កូន​បាល់ វាយ​សី ប្រដាល់ ប៉េតង់ ល្បុក្កតោ កាយសម្ព័ន្ធ តេក្វាន់ដូ និង​កីឡាសូរិនហ្ស៊ិកាំប៉ូ ដែល​ទើប​ដាក់​បញ្ចូល ដោយ​ចែកចេញជា១៨៩វិញ្ញាសា មានមេដាយសរុប៦២៤ ក្នុងនោះមេដាយមាស១៨៩ ប្រាក់១៨៩ និងសំរឹទ្ធិ២៤៦៕

mm1

The post ការបង់ប្រាក់ប្រកួតក្នុងកីឡាជាតិ ត្រូវលុបចោល ខណៈកីឡាថ្មីមួយទៀត ត្រូវបានដាក់បញ្ចូល appeared first on CamboSport.