លទ្ធផល​នៃ​កិច្ចប្រជុំ​បូក​សរុប​ការងារ​គយ និង​រដ្ឋាករ ប្រចាំ​ខែកញ្ញា និង​៩​ខែ ឆ្នាំ​២០១៦

នា​ព្រឹក​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៦ នៅ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា មាន​កិច្ចប្រជុំ​បូក​សរុប​ការងារ​គយ និង​រដ្ឋាករ​ប្រចាំ​ខែកញ្ញា និង​៩​ខែ ឆ្នាំ​២០១៦ ដឹកនាំ​ដោយ​លោក​បណ្ឌិត គុណ ញឹ​ម អគ្គនាយក​នៃ​អគ្គ​នាយ​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន ព្រមទាំង​ប្រធាន​នាយកដ្ឋាន ប្រធាន​សាខា និង​ប្រធាន​ការិយាល័យ​គយ និង​រដ្ឋាករ​នៅ​ទូ​ទាំង​ប្រទេស​។

​លោក​អគ្គនាយក​បាន​បង្ហាញ​លទ្ធផល​ចំណូល​ពន្ធ និង​អាករ​ប្រមូល​ដោយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា (​អគរ​) ក្នុង​ខែកញ្ញា ដែល​ទទួល​បាន ៥៤៤ ប៊ី​លាន​៛ (ប្រមាណ ១៣៤ លាន USD) ហើយ​បើ​គិត​ជា​ចំណូល​ត្រីមាស​ទី​៣ ឆ្នាំ​២០១៦ មាន​ប្រមាណ​១,៧​ទ្រី​លាន​៛ (​ត្រូវជា​ប្រមាណ ៤១៧​លាន USD) កើនឡើង​ប្រមាណ​៦,៧% ធៀប​នឹង​ត្រីមាស​ទី​៣ ឆ្នាំ​២០១៥​។ ដោយឡែក​ក្នុង​រយៈពេល​៩​ខែ​ឆ្នាំ​២០១៦ នេះ ចំណូល​ពន្ធ​អាករ​សរុប​មាន​ប្រមាណ ៥៣៨៥ ប៊ី​លាន​៛ (​ប្រមាណ ១.៣១៣ លាន USD) កើនឡើង​ជិត​១៦% ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០១៥ ។ គិត​ត្រឹម​៩​ខែ​នេះ អគរ ប្រមូល​ពន្ធ​អាករ​ចូល​ថវិកាជាតិ​បាន​៨០,៨៥% នៃ​ផែនការ​ឆ្នាំ​ដែល​បាន​កំណត់​ក្នុង​ច្បាប់​ស្ដី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៦ ។ ចំណូល​ប្រមូល​បាន​ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០១៦ នេះ បើ​ប្រៀបធៀប​ជាមួយ​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០១៥ មានការ​ប្រែប្រួល​ចំណូល​តាម​ប្រភេទ​ពន្ធ និង​អាករ ដូច​ជា ពន្ធគយ​មាន​កំណើន​៨,៥%, អាករ​ពិសេស​មាន​កំណើន​២៩,៧%, អាករ​បន្ថែម​លើ​ផលិតផល​ប្រេង (​សម្រាប់​ថែទាំ​ផ្លូវ​) មាន​កំណើន ១១,៥%, អាករ​លើ​តម្លៃបន្ថែម (VAT) មាន​កំណើន ៣៧,៥%, អាករ​នាំ​ចេញ និង​ចំណូល​ផ្សេង​ទៀត មាន​កំណើន ២,២% ។ ដោយឡែក​ប្រភព​ចំណូល​សំខាន់​ៗ​តាម​ក្រុម​ទំនិញ​មាន​យានយន្ត (៤១,៤% នៃ​ចំណូល​សរុប​ប្រមូល​ដោយ អគរ​), ប្រេងឥន្ធនៈ និង​ថាមពល (២១,៦% នៃ​ចំណូល​សរុប​), ទំនិញ​ចម្រុះ (៣៤,៧% នៃ​ចំណូល​សរុប​) និង​ផ្សេង​ទៀត (២,២% នៃ​ចំណូល​សរុប​) ។ យោង​លើ​តួលេខ​លទ្ធផល​អនុវត្ត​បាន​ក្នុង​រយៈពេល​៩​ខែ​នេះ លោក​ប្រធាន​អង្គប្រជុំ​ក៏​បាន​ព្យាករណ៍​ថា ក្នុង​ឆ្នាំ​២០១៦​នេះ អគរ នឹង​អាច​ប្រមូល​ចំណូល​ចូល​ថវិកាជាតិ​បាន​ប្រមាណ ៧១៧៦ ប៊ី​លាន​៛ (​ស្មើនឹង​ប្រមាណ ១៧៥០ លាន USD) ត្រូវជា ១០៧,៨% នៃ​ផែនការ​ចំណូល​ប្រចាំឆ្នាំ​ត្រូវ​ប្រមូល​ដោយ អគរ ដែល​បាន​កំណត់​ដោយ​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៦ ។

ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​ប្រមូល​ចំណូល​ពន្ធ និង​អាករ​នា​ពេល​ខាង​មុខ លោក​អគ្គនាយក បាន​ណែនាំ​ដល់​មន្ត្រី​គយ និង​រដ្ឋាករ​ក្រោម​ឱវាទ​ទាំងអស់​ដែល​ខ្លឹមសារ​សំខាន់ៗ មាន​ដូច​តទៅ​៖

-​    ​ត្រូវ​បន្ត​យកចិត្តទុកដាក់​អនុវត្ត​ការ​ណែនាំ​នានា របស់​ប្រមុខ​រាជរដ្ឋាភិបាល ក៏​ដូច​ជា​របស់​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ

-​    ​ពង្រឹង​ការងារ​ប្រមូល​ពន្ធ​អាករ និង​ការ​គ្រប់គ្រង និង​ត្រួតពិនិត្យ​ទំនិញ​ជា​មុខសញ្ញា​រត់គេច និង​បន្លំ​ពន្ធ

-​    ​បង្កើន​ប្រសិទ្ធភាព​ការ​បង្ការ និង​បង្ក្រាប​បទល្មើស​ឲ្យ​បាន​ជាប់​ជា​ប្រចាំ​តាម​រូបភាព​ភ្លៀងរលឹម លើ​មុខសញ្ញា​ទំនិញ​រត់គេច​ពន្ធ​សំខាន់​ៗ​ទាំង​នៅ​ដើម​ទី កណ្តាល​ទី និង​ចុង​ទី

-​    ​ជំរុញ​បង្កើត​សន្និធិ​គយ​បណ្ដោះអាសន្ន (​ផែស្ងួត​) និង​ទីលាន​ត្រួតពិនិត្យ​ទំនិញ​នៅ​តាម​មាត់ច្រក​ព្រំដែន ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង​ទំនិញ​នាំ​ចេញ​នាំ​ចូល

-​    ​បន្ត​ពង្រឹងគុណភាព​សេវា​បន្ថែម​ទៀត ដោយ​ត្រូវ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់​ខ្ចួ​ន​នូវ​លំហូរ​នីតិវិធី​គយ និង​ស្តង់ដារ​ការងារ តាម​រយៈ​ការ​អនុវត្ត​យន្តការ​ច្រកចេញ​-​ចូល​តែ​មួយ​នៅ​តាម​កន្លែង​ផ្តល់​សេ​វាង​បង់ពន្ធ និង​ការ​ប្រើប្រាស់​ប្រព័ន្ធ IT ក្នុង​ការងារ​គយ

-​    ​ចាប់ផ្ដើម​រៀបចំ​ផែនការ​សកម្មភាព​ឆ្នាំ​២០១៧

-​    ​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ អំពី​ការ​ដាក់​ឲ្យ​អនុវត្ត​តារាង​ពន្ធគយ   កម្ពុជា​ឆ្នាំ​២០១៧ ចាប់ពី​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០១៧ តទៅ​។

មុន​នឹង​បញ្ចប់ លោក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ផ្តាំផ្ញើ​ដល់​មន្ត្រី​គយ និង​រដ្ឋាករ​គ្រប់​ជាន់ថ្នាក់​ទាំងអស់​ឲ្យ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​លើ​ការងារ​ប្រមូល​ចំណូល​ពន្ធ និង​អាករ​ចូល​ថវិកាជាតិ ។