សាហាវ​ណាស់ ! ៧-៨​នាក់​ព័ទ្ធ​កាប់​ម្នាក់

ខេត្តស្វាយរៀង ៖ យុវជន​ម្នាក់​ត្រូវ​បាន​ក្រុម​ក្មេង​ទំនើង​៧-៨​ព័ទ្ធ​កាប់​យ៉ាង​សាហាវ​បណ្ដាល​ឲ្យ​របួស​ក្បាល​និង​ប្រអប់ដៃ​ធ្ងន់ធ្ងរ​កាលពី​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​កាស៊ីណូ​ថា​យ​ថេ​ន ក្រុង​បា​វិត ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ។

ប្រភព​ពី​សមត្ថកិច្ច​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​បា​វិត​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សួន សុ​ភ័​គ្រ ភេទ​ប្រុស​អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយ ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយ​ទាប ជា​បុគ្គលិក​កាស៊ីណូ​ក្រុង​បា​វិត ។

ប្រភព​បន្ត​ទៀត​ថា ជន​រង​គ្រោះ​ធ្វើការ​វេន​ថ្ងៃ ហើយ​ពេល​យប់​បាន​ទៅ​ផឹកស៊ី​នៅ​ក្នុង​ហាង​មួយ​នៅ​មុខ​កាស៊ីណូ​ជាមួយ​មិត្តភក្តិ​ម្នាក់​ទៀត លុះ​ពេល​ផឹកស៊ី​រួច​ក៏​នាំ​គ្នា​គិតលុយ ពេល​នោះ​ជន​រង​គ្រោះ​ដើរ​ចេញ​មក​យក​ម៉ូតូ​បញ្ឆេះ​បម្រុង​ចេញ​ទៅ​វិញ​ស្រាប់តែ​មាន​ក្រុម​ជន​ទំនើង​៧-៨​នាក់​មក​ស្ទាក់​ព័ទ្ធ​កាប់​ប្រហារ​បណ្ដាល​ឲ្យ​រង​របួស​ក្បាល​១​កាំបិត​ធ្ងន់ធ្ងរ និង​របួស​ប្រអប់ដៃ​ឆ្វេង​២​កាំបិត តែ​មិនដឹង​ថា​គេ​មាន​គ​នុំ ឬ​យ៉ាងណា​នោះ​ទេ ។

បន្ទាប់​មក​សមត្ថកិច្ច​ក៏​បាន​ទៅ​ដល់​កន្លែង​កើតហេតុ​ដើម្បី​អន្តរាគមន៍ ប៉ុន្តែ​ក្រុម​ជនពាល​បាន​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់​ទៅ​ហើយ សមត្ថកិច្ច​ក៏​បាន​ហៅ​រថយន្ត​សា​មុ​យ​ដឹក​ជន​រង​គ្រោះ​បញ្ជូន​មក​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ និង​កំពុង​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជន​ដៃដល់​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕