លួច​ម៉ូតូ​គេ​យក​ទៅ​បញ្ចាំ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ព្រែក​ព្នៅ​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៦ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ពោធិ​មង្គល សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​បាន​តែ​៧​ថ្ងៃ ។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ ចាន់ ផល្លា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​កម្មករ​លី​សែង ស្នាក់​នៅ​ភូមិ​ឡ​កំបោ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។ ចំណែក​ម្ចាស់​ម៉ូតូ​រង​គ្រោះ​ឈ្មោះ សំ ថា​ញ់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​វៀតណាម ជា​ជាងសំណង់ ស្នាក់​នៅ​ភូមិ​ពោធិ៍​មង្គល សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ។

ប្រភព​ពី​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ​បានអោយ​ដឹង​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​ធ្វើ​ឡើង​តាម​ពាក្យបណ្តឹង​របស់​ម្ចាស់​ម៉ូតូ​រង​គ្រោះ​បន្ទាប់​ពី​ជនសង្ស័យ​រូប​នោះ​បាន​លួច​ម៉ូតូ​ម៉ាក ស៊ី​រូស ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៨ ពាក់​ស្លាក​លេខ សៀមរាប 1A-0485 ។

ប្រភព​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​៧ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៦  ម្ចាស់​បាន​ទុក​ម៉ូតូ​នៅ​ចិញ្ចើម​ផ្លូវលំ ដែល​ស្ថិត​នៅ​ក្នុងភូមិ​ពោធិ៍​មង្គល សង្កាត់​ព្រែក​ព្នៅ រួច​ក៏​បាន​ដើរ​ចូល​ទៅ​បែរ​ចិញ្ចឹម​ត្រី​នៅ​មាត់​ទន្លេសាប នៅ​ពេល​ត្រឡប់​មក​វិញ​ស្រាប់តែ​បាត់​ម៉ូតូ ។ បន្ទាប់​ពី​បាត់​ម៉ូតូ មាន​អ្នក​ជិតខាង​បានឃើញ​ជនសង្ស័យ​ខាងលើ​ជា​អ្នក​លួច ហើយ​បាន​ទៅ​ប្តឹង​នគរបាល​ក៏​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ បាន​តែ​ម្តង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​ពិតប្រាកដ​មែន ដោយ​យក​ទៅ​បញ្ចាំ​នៅ​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ៕