កូរ៉េខាងត្បូង កោះហៅ​ទូត​ចិន​មក​សួរនាំ​រឿង​លិច​ទូក​ល្បាត​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       October-11-2016, 2:09 pm         1172

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132កូរ៉េខាងត្បូង កោះហៅ​ទូត​ចិន​មក​សួរនាំ​រឿង​លិច​ទូក​ល្បាត​កូរ៉េខាងត្បូង បាន​កោះហៅ​អគ្គរដ្ឋទូត​ចិន​ប្រចាំ​ក្រុង​សេ​អ៊ូ​ល ដើម្បី​តវ៉ា​រឿង​លិច​ទូក​ល្បាត​របស់ខ្លួន ក្រោយ​ការប៉ះទង្គិច​ជាមួយ​ទូក​នេសាទ​របស់​ចិន​កាលពីពេល​ថ្មីៗ​នេះ​។ ក្រសួងការបរទេស​កូរ៉េខាងត្បូង អះអាងថា ទូក​នេសាទ​ចិន បាន​ចូលមក​ដែនទឹក​របស់​ដោយ​ខុសច្បាប់ ដើម្បី​នេសាទ​ត្រី​នៅ​តំបន់​នោះ​។​

​អនុរដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងត្បូង លោក Kim Hyong-zhin បាន​អញ្ជើញ​អគ្គរដ្ឋទូត​ចិន​ប្រចាំ​កូរ៉េខាងត្បូង លោក Chu Guo Hong មក​សួរនាំ​រឿង​ទូក​នេសាទ​ចិន បុក​ទូក​របស់​ឆ្មាំ​ការពារ​ឆ្នេរសមុទ្រ​កូរ៉េខាងត្បូង ដែល​ក្រោយមក​ក៏បាន​លិច​។ ឆ្លៀត​ពេលនោះ មន្ត្រីជាន់ខ្ពស់​កូរ៉េខាងត្បូង ក៏​ទាមទារ​ឲ្យ​ចិន​ចាត់វិធានការ ដើម្បី​កុំ​ឲ្យ​ឧប្បត្តិហេតុ​របៀបនេះ កើតឡើង​ម្ដងទៀត​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង Yonhap អគ្គរដ្ឋទូត​ចិន លោក Qiu Guohong មិនបាន​និយាយ​អ្វី​ឡើយ ក្រោយពី​ជំនួប​ជាមួយ​អនុរដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងត្បូង​នោះ​នៅ​ថ្ងៃទី​១១ ខែកញ្ញា​ឡើយ​។ ការកោះហៅ​នេះ កើតឡើង​បន្ទាប់ពី​រដ្ឋាភិបាល​កូរ៉េខាងត្បូង បាន​ហៅ​អគ្គ​កុងស៊ុល​ចិន​ប្រចាំ​ក្រុង​សេ​អ៊ូ​ល ដើម្បី​រំលែក​ទុក្ខ​ជុំវិញ​រឿង​ប៉ះទង្គិច​នេះ​។

​ដោយឡែក​ក្រសួង​សុវត្ថិភាព​និង​សន្តិសុខ​សាធារណៈ​កូរ៉េខាងត្បូង ដែល​ទទួលបន្ទុក​គ្រប់គ្រង​ឆ្មាំ​ការពារ​ឆ្នេរ និយាយថា ទូក​ល្បាត​ទម្ងន់​៤.៥​តោន បាន​លិច​កាលពី​សប្ដាហ៍​មុន អំឡុងពេល​នៃប្រតិបត្តិ​ការបង្ក្រាប​ទូក​នេសាទ​ខុសច្បាប់​របស់​ចិន នៅ​តំបន់​ភាគ​ខាងកើត​ប្រទេស​។ យ៉ាងណាក្ដី គ្មាន​របាយការណ៍​មនុស្ស​រងគ្រោះ ក្នុង​ហេតុការណ៍​នោះឡើយ ហើយ​សារព័ត៌មាន​កូរ៉េខាងត្បូង​ក៏​ផ្សាយ​ថា ទូក​នេសាទ​ចិន​បានគេច​ខ្លួន​ក្រោយ​កើតហេតុ​។

​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ដដែល​ចុះ​ថ្ងៃទី​១០ ខែតុលា បញ្ជាក់ថា កូរ៉េខាងត្បូង ក៏​ស្នើ​ឲ្យ​ភាគី​ចិន កំណត់​អត្តសញ្ញាណ​ទូក​នេសាទ​ដែល​ត្រូវ​ចោទថា ធ្វើ​ឲ្យ​ទូក​ល្បាត​កូរ៉េខាងត្បូង​លិច​ក្នុង​សមុទ្រ​។ ជា​ទម្លាប់​នោះ កង​ឆ្មាំ​ការពារ​ឆ្នេរ​កូរ៉េខាងត្បូង តែង​បើក​ប្រតិបត្តិ​ការបណ្ដេញ​ទូក​នេសាទ​ខុស​ចិន ដែល​តែងតែ​ចូល​នេសាទ​ដោយ​ខុសច្បាប់​ក្នុង​ដែនទឹក​កូរ៉េខាងត្បូង​នោះ​។​

​ជារឿយៗ ការបង្ក្រាប​ទូក​នេសាទ​ចិន​ពី​សំណាក់​អាជ្ញាធរ​កូរ៉េខាងត្បូង បាន​រាលដាល​ខ្លាំង​រហូតដល់​មានទំនាស់​ការទូត​រវាង​ក្រុង​សេ​អ៊ូ​ល និង​ក្រុង​ប៉េកាំង​។ ក្រុង​សេ​អ៊ូ​ល តែង​បន្ទោស​ក្រុង​ប៉េកាំង​ថា បើកដៃ​ឲ្យ​ទូក​នេសាទ​របស់ខ្លួន​ចូល​ដែនទឹក​របស់ខ្លួន និង​មិនដែល​ចាត់វិធានការ​អ្វី​រារាំង​ឡើយ​។ ចំណែក​ចិន​ឯណោះ ឆ្លើយតប​វិញ​ថា ទូក​នេសាទ​របស់ខ្លួន ធ្វើ​សកម្មភាព​ក្នុង​ដែនទឹក​របស់ខ្លួន​ប៉ុណ្ណោះ​៕