មន្ត្រីនគរបាល​ខេត្តរតនគិរី ឈ្មោះ ផែន ចាន់​វិបុល ដែលជា​ឈ្មួញ​ដឹកជញ្ជូន​ឈើ​នៅតែ​អាច​គេច​ផុតពី​សំណាញ់​ច្បាប់​

លោក ផែន ចាន់​វិបុល មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តរតនគិរី គឺជា​ឈ្មួញ​ដែល​ល្បីល្បាញ​ខាង​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​ច្រើន​ឆ្នាំ​មកហើយ ពុំមាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​នោះទេ​។ ទើបតែ​កាលពី​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៦ កម្លាំង​អាវុធហត្ថ​ខេត្តរតនគិរី បាន​ចាប់​រថយន្ត​កែច្នៃ​១​គ្រឿង​ដឹកឈើ​ប្រភេទ​លេខ​១​របស់លោក ផែន ចាន់​វិបុល នៅ​ចំណុច​ភូមិ​តា​អង ឃុំ​តា​អង ស្រុក​កូន​មុំ ខេត្តរតនគិរី​។ ទោះជា​យ៉ាងណា​លោក ផែន ចាន់​វិបុល នៅតែ​អាច​គេច​ផុតពី​សំណាញ់​ច្បាប់​ដដែល ព្រោះ​ក្នុងការ​បង្ក្រាប​នោះ សមត្ថកិច្ច​កងរាជអាវុធហត្ថ​មិនបាន​ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​បទល្មើស​ណា​ម្នាក់​ឡើយ​។

ប្រភពពី​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​លោក ផែន ចាន់​វិបុល ជា​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តរតនគិរី គឺជា​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​រាប់​ឆ្នាំ​មកហើយ ដោយ​អាង​មាន​លោក នូវ ដា​រ៉ា នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តរតនគិរី ជា​ខ្នងបង្អែក​ដ៏​រឹងមាំ​។ ទោះជា​យ៉ាងណា​ការបង្ក្រាប​រថយន្ត​ដឹកឈើ​របស់លោក ផែន ចាន់​វិបុល កាលពី​ម៉ោង​៤​ល្ងាច​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៦ ត្រូវបាន​មជ្ឈដ្ឋាន​នានា​រិះគន់ថា​គ្រាន់តែ​ជា​រឿង​លេងសើច ព្រោះ​កម្លាំង​អាវុធហត្ថ​មិនបាន​ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ណា​ម្នាក់​ឡើយ ព្រោះ​ជន​ពាក់ព័ន្ធ​គេចខ្លួន​អស់​មុនពេល​សមត្ថកិច្ច​ទៅដល់​។ សមត្ថកិច្ច​កងរាជអាវុធហត្ថ​បានត្រឹមតែ​បញ្ជូន​រថយន្ត​កែច្នៃ​និង​ឈើ​ដែលជា​វត្ថុតាង​ទៅ​រក្សាទុក​នៅ​ស្នាក់ការ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ដើម្បី​ចាត់ការ​តាម​នីតិវិធី​ប៉ុណ្ណោះ​។

តាម​ការអះអាង​ពី​សមត្ថកិច្ច​ដែល​ចូលរួម​ក្នុងការ​បង្ក្រាបបាន​ឲ្យ​ដឹងថា ក្នុង​ប្រតិបត្តិការ​នោះ​កម្លាំង​អាវុធហត្ថ​រឹបអូស​បាន​ឈើ​លេខ​១​ពីរ​ប្រភេទ គឺ​សុ​ក្រំ និង​ខ្វាវ ចំនួន​៥០​ដុំ​ស្មើនឹង​២,៥៧៦​ម៉ែត្រគូប ចំណែក​អ្នកបើករថយន្ត​ដឹកឈើ​និង​អ្នក​ជាប់​ពាក់ព័ន្ធ​ដទៃទៀត​គេចខ្លួន​ដោយ​សុវត្ថិភាព​។ ប្រជាពលរដ្ឋ​ក្នុងស្រុក​កូន​មុំ បាន​ឲ្យ​ដឹងថា មួយ​រយៈពេល​កន្លងទៅ​នេះ​ឈ្មួញ​ឈ្មោះ ផែន ចាន់​វិបុល ដែលជា​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តរតនគិរី ធ្វើ​សកម្មភាព​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ឃុំ​តា​អង ជា​បន្តបន្ទាប់​ហើយ​កាលពី​ល្ងាច​ថ្ងៃទី​១០ ខែតុលា ទើប​ឃើញ​កងរាជអាវុធហត្ថ​បង្ក្រាប​យក​ស្នាដៃ​។ ការដែល​លោក ផែន ចាន់​វិបុល ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត គឺអាច​មានការ​បើកដៃ​ពី​លោក នូវ ដា​រ៉ា នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តរតនគិរី​ផងដែរ ព្រោះ​ច្រើន​ឆ្នាំកន្លងមក​នេះ​លោក នូវ ដា​រ៉ា មិនបាន​ព្រមាន​កូនចៅ​ក្រោម​ឱវាទ​របស់ខ្លួន​ឲ្យ​បញ្ឈប់​សកម្មភាព​ខុសច្បាប់​នោះឡើយ​៕

270 271