ខ្លាំងបាត់! ម្នាក់ឯងហ៊ានកាន់​៤ម៉ឺន​គ្រាប់

ខេត្តបាត់ដំបង ៖ មន្ត្រី​ព្រំដែន​ខ្មែរ​បាន​រាយ​ការ​ណ៍ថា មាន​ពលរដ្ឋ​​ខ្មែរ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​​ថៃ​ចាប់​ខ្លួន កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ តុលា កន្លងមក ស្ថិតនៅ​ចំណុច​​ផ្លូវ​មួយ​កន្លែងក្នុង​ភួ​មិ​៦ ឃុំ​កូក​ឡាន ស្រុក​តា​ផា​យ៉ា ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ពាក់ព័ន្ធ​នឹង​ការ​រត់ពន្ធ​ថ្នាំ​ញៀន​ចំនួន​៤​ម៉ឺន​គ្រាប់​ ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ ​។

សេចក្ដី​រាយ​​ការណ៍ឱ្យ​ដឹង​​ថា យុវជនខាងលើ​​ឈ្មោះ​កៅ ហេង​ អាយុ​២៣​ឆ្នាំ រស់នៅ​ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ​។ ជន​នេះ​ត្រូវ​សមត្ថកិច្ច​ថៃ​ឃាត់ខ្លួន ពេល​កំពុង​ធ្វើ​ដំណើរ​ចេញពី​ព្រំដែន​ចូល​ទៅ​ក្នុង​ទឹកដី​ថៃបាន​ចម្ងាយ​ប្រហែល​១០​គីឡូម៉ែត្រ  ក្នុង​សកម្ម​ភាព​ដ៏​គួរ​ឲ្យ​សង្ស័យ លុះ​ឃាត់​ពិនិត្យ​ក៏​ប្រទះ​ឃើញ​ថ្នាំ​ញៀន​រាប់​សិប​កញ្ចប់​លាក់​ទុក​នៅ​ក្នុង​កាបូបស្ពាយ​។

បើ​តាម​​សំដី​ពី​សមត្ថកិច្ច​ថៃ​និយាយ​ថា ជនសង្ស័យ​​រូប​នេះ​ធ្វើ​ដំណើរ​តាម​រយៈម៉ូតូ​ម៉ាក​វ៉េវ​មួយ​គ្រឿង ចាក​ចេញពី​ព្រំដែន ​។ ប៉ុន្តែ​នៅ​ពេល​ជន​នេះ​ ជិះ​ឡើង​លើ​ថ្នល់ជាតិ ​ក៏​ប្រទះ​ជាមួយ​​កង​នគរបាល​ថៃ ដែល​កំពុង​ជិះ​ល្បាត​។  ដោយ​មានការ​សង្ស័យ​ទៅ​លើ​សកម្ម​ភាព​មិន​ប្រក្រតី និង​មាន​ស្ពាយ​កាបូប​យ៉ាង​ហំហួន​ផង ទើប​ក្រុម​សមត្ថកិច្ច​ថៃឃាត់​សួរនាំ និង​ឆែកឆេ​រក៏​ប្រទះ​ឃើញ​សុទ្ធតែ​ថ្នាំ​ញៀន ​នៅ​ក្នុង​កាបូប​នោះ និង​ចាប់ខ្លួន​តែ​ម្ដង​។

​ជនសង្ស័យ​ឈ្មោះ​កៅ ហេង បាន​សារភាព​ថា ខ្លួន​គ្រាន់តែ​ជា​អ្នក​ស៊ី​ឈ្នូ​ល​ស្ពាយ​ថ្នាំ​ញៀន ឱ្យបុរស​ជនជាតិ​ខ្មែរ​ម្នាក់​ ដែល​ខ្លួន​មិន​ស្គាល់ឈ្មោះ ក្នុង​កម្រៃ​ជើងសារ​ចំនួន​៥​ម៉ឺន​បាត​ ។ ​ម្ចាស់​ថ្នាំ​ដែល​ជា​ជនជាតិ​ខ្មែរ​នោះ បាន​ប្រាប់​ឲ្យ​ខ្លួន​ស្ពាយ​ថ្នាំ​ញៀន​រាប់​ម៉ឺន​គ្រាប់​នេះ ឆ្លង​ដែន​ចូល​ប្រទេស​ថៃ ដើម្បី​ប្រគល់​ឲ្យ​ជនជាតិ​ថៃ​ម្នាក់​ដែល​រស់នៅ​ក្នុងស្រុក​តា​ផា​យ៉ា តែ​មិន​ទាន់​ដល់​គោលដៅ​ផង ក៏​ត្រូវ​សមត្ថកិច្ច​ថៃ​ឃាត់ខ្លួន​តែ​ម្ដង​។

មន្ត្រី​ព្រំដែន​ខ្មែរ​បាន​ឲ្យ​ដឹង​ដែរ​ថា ថ្នាំ​ញៀន​ដែល​ក្រុម​សមត្ថកិច្ច​ថៃ រឹបអូស​បាន​ពី​ជនសង្ស័យ​ខាងលើ ជា​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​Wy មាន​ចំនួន​៤​សុង​ធំ​ៗ ស្មើនឹង​ចំនួន​៤​ម៉ឺន​គ្រាប់​ ។ ​