ប៉ូលិស​ថៃ​ព្រមាន​ អាច​មាន​បំផ្ទុះ​គ្រាប់​បែក​​រង្គើ​ក្រុង​​បាងកក​ជាថ្មី

នៅ​ថ្ងៃ​អង្គារ​​ទី​​១១​​តុលា​នេះ ប៉ូលិស​ថៃ​​និយាយ​​ថា​​ខ្លួន​​បាន​​​រឹត​បន្តឹង​​​សន្តិសុខ​​​ខ្លាំង​​​ជាង​​មុន​​នៅ​តាម​​តំបន់​សំខាន់​នានា​​​ក្នុង​​ក្រុង​បាងកក ​ដូច​ជា​​ព្រលាន​យន្តហោះ និង​តំបន់​​មាន​​មនុស្ស​​​ច្រើន​​ផ្សេង​​ទៀត​ ក្រោយ​មាន​សេចក្ដីរាយការណ៍​ពី​ការ​​បំផ្ទុះ​គ្រាប់​បែក​​​បង្ហូរ​ឈាម​ជា​បន្ត​បន្ទាប់​នៅ​​ភាគ​ខាង​ត្បូង​​ប្រទេស។

 

ប៉ូលិស​ថៃ​ព្រមាន​ អាច​មាន​បំផ្ទុះ​គ្រាប់​បែក​​រង្គើ​ក្រុង​​បាងកក​ជាថ្មី

 

 

ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​ថៃ​​លោក​ Thawip Netniyom ថ្លែង​ថា​ “​​មាន​មនុស្ស​មួយ​ក្រុម​​ប្រដាប់​ដោយ​អាវុធ បាន​រៀប​គម្រោង​វាយ​ប្រហារ​​បំផ្ទុះ​​រថយន្ត​នៅ​ក្នុង​ខេត្ត​​ក្បែរៗ​​​ក្រុង​បាងកក។ ​ចំណែកឯ​​ ​ឧបនាយករដ្ឋមន្ត្រី​បាន​ណែនាំឲ្យ​​​ភ្នាក់ងារ​សន្តិសុខ​ទាំង​ឡាយ​​ត្រូវ​តាម​ដាន​​ និង​ត្រួត​ពិនិត្យ​​ឲ្យ​ដិតដល់ ​​​​​ករណី​មិន​ប្រក្រតី​ណាមួយ រួម​ទាំង​​របស់​​​របរ​ធ្លាប់​ប្រើ​ប្រាស់​ក្នុង​​ការ​រៀបចំ​​បំផ្ទុះ​​គ្រាប់​បែក និង​រថយន្ត​នានា”។

 

លោក​​​បន្ត​ដោយ​មិនបាន​​លម្អិត​ និង​​មិន​ដឹង​​ក្រុម​ណា​នៅ​ពីក្រោយ​ខ្នង ​ថា “​​ហេតុ​អ្វី​ក្រុង​បាងកក​​ជា​ទិសដៅ​វាយ​ប្រហារ​? ពួកគេ​ប្រហែល​​​ចង់​​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​អ្វី​មួយ​ហើយ”។

 

តំបន់​ទេសចរ​​​ដ៏​ពេញ​និយម​នៅ​ថៃ ត្រូវ​គេ​ឃើញ​កើត​មាន​បំផ្ទុះ​​គ្រាប់បែក​​ជា​បន្តបន្ទាប់​នៅ​តំបន់​ភាគ​ខាង​ត្បូង​​ប្រទេស​ ក្នុង​រយៈពេល​​ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ​នេះ ​ពិសេស​កាល​ពី​ថ្ងៃ​ទី ១១ និង​១២សីហា ដោយ​បាន​សម្លាប់​ពលរដ្ឋ​​ថៃ ៤នាក់ និង​​រាប់​សិប​នាក់​ទៀត​រង​របួស​ រួម​ទាំង​បរទេស​ផង។ គួរ​រម្លឹក​​​ថា ​កាល​ពី​ខែ​សីហា​ឆ្នាំ​ ២០១៥ ​គ្រាប់​បែក​បង្កប់​​ត្រូវ​បាន​បំផ្ទុះ​​នៅ​ទី​សក្ការ Erawan ដោយ​សម្លាប់​មនុស្ស​​អស់​ ២០នាក់ ដែល​ភាគច្រើន​ជា​ភ្ញៀវ​ទេសចរ។

 

ទីក្រុង​បាងកក បាន​ឈរ​នៅ​លំដាប់​ថ្នាក់​លេខ​មួយ​​នៅ​លើ​លោក ដែល​មាន​ភ្ញៀវ​ទេសចរ​បរទេស​​ទៅ​លេង​​ច្រើន​​​ជាងគេ​បំផុត​ក្នុង​ចំណោម​​ទីក្រុង​​​​នៃ​ ១៣២​​ប្រទេស​​ផ្សេង​ទៀត​​​ប្រចាំ​​ឆ្នាំ ២០១៦ គឺ​ប្រមាណ​ ២១,៤៧​លាន​នាក់៕

 

ចុចអាន៖ សួន​ដាយណូស័រ​ទី​មួយ​នៅ​បាងកក​​​បើក​ទ្វារ​ស្វាគមន៍ទេសចរ​​​​ចូល​ទស្សនា

ចុចអាន៖ បាង​កក​ជាប់​លេខ​១​​​ ទទួល​​​​​ភ្ញៀវ​ទេសចរ​​​ច្រើន​បំផុត​​​​ក្នុង​ឆ្នាំ​២០១៦

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ផ្ដល់សិទ្ធិឲ្យ​៖ Reuter