អ៊ុន សុធា ចេញមុខបកស្រាយរឿង ពាក់វ៉ែនតាខ្មៅ (មានវីដេអូ)

ភ្នំពេញ៖ កាលពីថ្ងៃច័ន្ទ កន្លងទៅនេះ លោក អ៊ុន សុធា ដែលជាតារាសម្ដែងប្រុសមួយរូប អាចរក្សាប្រជាប្រិយភាព ឲ្យនៅតែល្បីល្បាញបានយូរជាងគេនោះ ត្រូវបានមហាជនរិះគន់ ទាក់ទងនឹងការស្លៀកស្បង់ចីវរ ជាមួយនឹងការពាក់វ៉ែនតាខ្មៅ តែមិនយូរប៉ុន្មាន លោកក៏បានចេញមុខបកស្រាយ។

នេះបើតាមវីដេអូដែលលោក ទើបតែបង្ហោះឡើងនៅក្នុងហ្វេសប៊ុករបស់លោក បានឲ្យដឹងថា លោកពិតជាសូមទោស​ដល់ទស្សនិកជន​ ជាពិសេសនោះព្រះពុទ្ធសាសនា​ និងព្រះសង្ឃ​ ដែលលោកបានធ្វើកំហុសមួយកើតឡើងដោយអចេតនា​ ក្នុងច្បាប់ព្រះពុទ្ធសាសនា។ ជាមួយគ្នានេះ លោកក៏បានបកស្រាយបន្ថែមថា លោកទើបតែកោរសក់ ដើម្បីថតរឿងទុំទាវ និងបានបើករថយន្ដចេញពីវត្ដ ហើយដោយសារតែថ្ងៃក្ដៅពេក លោកក៏ទាញវ៉ែនតាខ្មៅមកពាក់ ដោយមិនមានចេតនាអាក្រក់ណាមួយឡើយ។

យ៉ាងណាមិញ ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

កំណត់ត្រាខ្មែរឡូត៖

គួររំលឹកថា កាលពីពេលកន្លងទៅនេះ តារាសម្តែងលោកអ៊ុន សុធា ត្រូវបានជ្រើសរើសជាតួអង្គសំខាន់ ក្នុងខ្សែភាពយន្ត បែបប្រវត្តិសាស្ត្ររឿង «ហ្លួងព្រះស្តេចកន» ដែលល្បីថានឹងចំណាយដើមទុនច្រើន ។

ខ្សែភាពយន្តបែបប្រវត្តិសាស្ត្រខ្មែររឿង «ហ្លួងព្រះស្តេចកន» នឹងចាប់ផ្តើមផលិតនៅចុងឆ្នាំ២០១៥នេះ វាជាខ្សែភាពយន្តដំបូងនៅកម្ពុជា ដែលមានការវិនិយោគទុនប្រមាណជាង១លានដុល្លារអាមេរិក ជាខ្ទង់ចំណាយច្រើន គួរឱ្យចាប់អារម្មណ៍ ។ តាមការបង្ហើបឱ្យដឹងពីក្រុមការងារផលិតថា តារាសម្តែងអ៊ុន សុធា នឹងទទួលបានតំណែងជាតួអង្គសំខាន់គឺតួស្តេចកន ។ មានតារាសម្តែងក្មេងចាស់ជាច្រើនបានដាក់ពាក្យចូលរួមសម្តែងក្នុងខ្សែភាពយន្តបែបប្រវត្តិសាស្ត្រនោះ ប៉ុន្តែចុងក្រោយលេចឮថា តួអង្គស្តេចកនបានទៅលើលោកអ៊ុន សុធា ដែលធ្លាប់ចូលរួមសម្តែងក្នុងខ្សែភាពយន្តខ្នាតធំជាច្រើនរឿង ។

ក្រុមការងារផលិតខ្សែភាពយន្តនោះលើកឡើងថា ក្រុមអ្នកដឹកនាំផលិតបានសម្រេចចិត្តជ្រើសរើសតួអង្គ សំខាន់ៗរួចរាល់ហើយ មុនពេលសម្រេចចិត្តចាប់ផ្តើមចេញថតនៅដើមខែធ្នូ ដោយទីតាំងនៃពិធីក្រុងពលី គឺទឹកដីខេត្តសៀមរាប ។ ចំពោះការសម្រេចចិត្តរបស់ផលិតករជ្រើសរើសលោកអ៊ុន សុធា ជាតួអង្គស្តេចកន ព្រោះលោកមានរាងកាយមាំមួន ពិសេសមានបទពិសោធខ្ពស់ក្នុងការសម្តែងភាពយន្ត ។

ទោះជាយ៉ាងណាក្តី លោកអ៊ុន សុធា បញ្ជាក់ថា លោកនៅមិនទាន់ច្បាស់លាស់នៅឡើយលើការទទួលបានតំណែងជាតួអង្គសំខាន់ក្នុងភាពយន្តរឿង «ហ្លួងព្រះស្តេចកន» នោះ។ កន្លងមកមានតារាសម្តែងប្រុសជាច្រើនបានដាក់ពាក្យធ្វើតេស្ត ដូចនេះលោកសុធា មិនប្រាកដទេថាបានតំណែងតួអង្គស្តេចកន ។ ម្យ៉ាងលោកសុធាមិនទាន់ទទួលបានដំណឹងណាមួយពីផលិតករនៅឡើយ ។

កន្លងមកតារាសម្តែងអ៊ុន សុធា ធ្លាប់ជោគជ័យក្នុងការសម្តែងទាំងខ្សែភាពយន្តភាគ និងភាពយន្តខ្នាតធំជាច្រើនរឿង ជាពិសេសចុងក្រោយនេះ លោកទទួលបានការគាំទ្រច្រើនចំពោះការសម្តែងក្នុងខ្សែភាពយន្តរឿង «ស្បែកគង់» ។

កន្លងមកលោកសុធា ធ្លាប់ចូលរួមសម្តែងខ្សែភាពយន្តបែបបុរាណមួយចំនួនដូចជាជារឿង «ព្រះធិនវង្សនាងពៅ» និងរឿង «ប៉ីស្នេហ៍នាងហង្ស» ជាដើម ។

មហាជននៅរង់ចាំតាមដានបន្តទៀតថាតើមានតួអង្គល្បីឈ្មោះសំខាន់ណាខ្លះដែលចូលរួមសម្តែងក្នុងរឿង «ហ្លួងព្រះស្តេចកន» ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload