ភាពយន្ត TVB ថ្មី​សន្លាង​ចំនួន​២​រឿង​នឹង​ចាក់​ផ្សាយ​ក្នុង​ថ្ងៃ​តែមួយ​នៅ​លើ PNN

ខ្សែ​ភាពយន្ត​ភាគ​ហុងកុង​ថ្មី​សន្លាង​ចំនួន​ពីរ​រឿង​របស់TVB នឹង​ចាក់​ផ្សាយ​ក្នុង​ថ្ងៃ​តែ​មួយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន គឺ​នៅ​ថ្ងៃទី​១២ ខែ​តុលា ឆ្នាំ​២០១៦ វេលា​ម៉ោង​១១​ថ្ងៃត្រង់ និង​ម៉ោង​៦​ល្ងាច។ ខ្សែ​ភាពយន្ត​ទាំងពីរ​នេះ​គឺ​រឿង «វិថី​ជីវិត វគ្គ២» ផ្សាយ​ជូន​ទស្សនា​រៀង​រាល់​ថ្ងៃ​ចន្ទ ដល់​សុក្រ​ វេលា​ម៉ោង១១ ថ្ងៃ​ត្រង់ និង​រឿង «ស្តេច​ស៊ើប​អង្កេត​ហុងកុង» ផ្សាយ​ជូន​ទស្សនា​រៀង​រាល់​ថ្ងៃ​ចន្ទ ដល់​សុក្រ វេលា​ម៉ោង​៦ល្ងាច។

 

កញ្ញា ទូច បុប្ផា ប្រធាន​ផ្នែក​គ្រប់​គ្រង​កម្មវិធី​ផ្សាយ​របស់​ភីអិនអិន​បាន​ឲ្យ​ដឹង​ថា​ ក្នុង​ចំណោម​កម្មវិធីកម្សាន្ត​ទូរទស្សន៍​នានា កម្មវិធី​ភាពយន្ត​គឺ​ដើរ​តួនាទី​សំខាន់​សម្រាប់​បម្រើ​សោទិន្ទ្រយារម្មណ៍ របស់​ទស្សនិកជន ទើប​ភីអិនអិន​ខិត​ខំ​ផលិត​ទាំង​ភាពយន្ត​ក្នុង​ស្រុក និង​ទាំង​នាំ​យក​នូវ​ភាពយន្ត​បរទេស​ល្អៗ​មក​ចាក់​ផ្សាយ។ «​ក្នុង​នោះ​យើង​បាន​ជ្រើស​រើស​ប្រភេទ​សាច់​រឿង​ខុសៗ​គ្នា ពាក់​ព័ន្ធ​នឹង​រឿង​រ៉ាវ​ស្នេហា បញ្ហា​គ្រួសារ ការ​ប្រកួត​ប្រជែង​ក្នុង​សង្គម ការ​អប់រំ​ផ្លូវ​ចិត្ត ដែល​មាន​គ្រប់​រសជាតិ ដូច្នេះ​ប្រិយមិត្ត ភីអិនអិន​ អាច​មាន​ជម្រើស​ច្រើន​ក្នុង​ការ​តាម​ដាន​ទស្សនា​ភាពយន្ត​នៅ​ភីអិនអិន ហើយ​សម្រាប់​ភាពយន្ត TVB ថ្មី​ទាំងពីរ​រឿង​សុទ្ធ​សឹង​តែ​ជា​រឿង​ថ្មី​សន្លាង​ទើប​ចាក់​ផ្សាយ និង​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​នៅ​ទីក្រុង​ហុងកុង​ យើង​សង្ឃឹមថា​នឹង​មាន​ការ​គំាទ្រ​នៅ​កម្ពុជា​ដូច​គ្នា​»។

 

ភាពយន្ត TVB ថ្មី​សន្លាង​ចំនួន​២​រឿង​នឹង​ចាក់​ផ្សាយ​ក្នុង​ថ្ងៃ​តែមួយ​នៅ​លើ PNN

 

ខ្សែ​ភាព​យន្ត​ហុងកុង​ប្រចាំ​ឆ្នាំ​២០១៦ ដែល​កំពុង​តែ​ចាក់​ផ្សាយ និង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​នៅ TVB គឺរឿង ​«វិថីជីវិតវគ្គ២» ឬ «Brother Keeper II» គឺ​ជា​ភាពយន្ត​ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​តស៊ូ​ពុះពារ​ដើម្បី​បង្កើត​ជំនួញ​ជោគជ័យ​មួយ និង​ភាព​ស្មុគស្មាញ​ជា​ច្រើន​កើត​ឡើង​ក្នុង​គ្រួសារ។ រឿងរ៉ាវ​បាន​បន្ត​តាំងតែ​ពី​វគ្គ​ទីមួយ​មក​ម្ល៉េះ តែ​នឹង​មាន​តួអង្គ​ថ្មីៗ​មួយ​ចំនួន​បន្ថែម​ទៀត​ក្នុង​វគ្គទី២​នេះ។

 

Lo Wai-son (Edwin Sui) និងYiu Man-ying (Kristal Tin) បាន​ចំណាយ​ពេល​អស់​ជា​ច្រើន​ឆ្នាំ​ទើប​បាន​ទទួល​ជោគជ័យ​ក្នុង​អាជីវកម្ម​ហាងនំ​របស់​ពួក​គេ​ដែល​មាន​ឈ្មោះ​ថា Law Shun Kei ល្បីល្បាយ​នៅ​ទូទាំង​ហុងកុង និង​ម៉ាកាវ។ ភាព​ជោគជ័យ​របស់​ពួកគេ​បាន​ធ្វើ​ឲ្យ​អ្នក​អភិវឌ្ឍន៍​អចលន​ទ្រព្យ Ko Tin-tsau (Hugo NG) មិន​សប្បាយ​ចិត្ត​នោះ​ទេ ហើយ​ព្យាយាម​មិន​ឲ្យ​ជំនួញ​ពួក​គេ​រីក​ដុះដាល​ទៀត​ផង។ ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ Wai-sonត្រូវ​បាន​មនុស្ស​ជំនិត​របស់​គាត់Tsui Chi-lik (Mat Yeung)ក្បត់​ទៀត។

 

Wai-son ក៏​ចាប់ផ្តើម​អស់​សង្ឃឹម ហើយ​ក៏​បាន​ទៅ​កោះ Okinawa ដើម្បី​ភៀស​ខ្លួន។ ក្នុង​អំឡុង​ពេលនោះ​លោក​មិន​ត្រឹម​តែ​លង់​ស្រឡាញ់​នារី​អាថ៌​កំបាំង NaNa (Grace Chan) ទេ ប៉ុន្តែ​លោក​ថែម​ទាំង​ជាប់​ពាក់ព័ន្ធ​រឿង​មនុស្ស​ឃាត​ដែល​មិន​ទាន់​បាន​ដោះស្រាយ​មួយ​ដែល​កើត​ឡើង​កាល​ពី​២០​ឆ្នាំ​មុន។ រីឯ​ប្តី​របស់ Man-ying បាន​ចាត់​ទុក​នាង​ជា​មនុស្ស​ចំលែក បន្ទាប់​ពី​គាត់​រង​របួស​ក្បាល​យ៉ាង​ធ្ងន់ធ្ងរ។ ចំណែកSam (Ruco Chan) ដែល​ជា​បង​ប្រុស​របស់ Wai-son ក៏​បាន​ត្រឡប់​មក​វិញ​ភ្លាមៗ ដើម្បី​ស្វែង​រក​ស្រី​ដែល​គេ​ស្រឡាញ់​ឈ្មោះ​ថា Rachel។ ប្រឈម​មុខ​នឹង​រឿង​រ៉ាវ​គ្រួសារ ស្នេហា និង​ជំនួញ តើ Wai-son និង Man-ying ត្រូវ​ដោះស្រាយ​បញ្ហា​ទាំង​អស់​នោះ​ដោយ​របៀប​ណា?

 

ផ្ទុយ​ពី​រឿង​បែប​ឆាក​ជីវិត​តស៊ូ​ដែល​ចាក់​ផ្សាយ​នៅ​ពេល​ថ្ងៃ​ត្រង់ នៅ​ពេល​ល្ងាច​ ភីអិនអិន​បាន​ជ្រើសរើស​នូវ​រឿង​បែប​កំប្លែង​សប្បាយៗ តែ​បង្កប់​នូវ​មេរៀន​ទូន្មាន​ទៅ​ដល់​អ្នក​ទស្សនា។

 

ភាពយន្ត TVB ថ្មី​សន្លាង​ចំនួន​២​រឿង​នឹង​ចាក់​ផ្សាយ​ក្នុង​ថ្ងៃ​តែមួយ​នៅ​លើ PNN

 

រឿង «ស្តេច​ស៊ើប​អង្កេត​ហុងកុង» ឬ «Inspector Gourmet» ជា​រឿង​ថ្មី​នៅ​ក្នុង​ឆ្នាំ២០១៦ នេះ​របស់TVB ដែល​ទើប​តែ​បញ្ចាំង​ចប់​នៅ​ហុងកុង។ រឿង​បែប​កំប្លែង ស៊ើប​អង្កេត​មួយ​នេះ មាន​ការ​ចូលរួម​សម្តែង​ដោយ​តារា​ល្បីៗ​របស់​ហុងកុង​ ដូចជា​លោក Kenneth Ma, Eliza Sam, Louis Yuen រួម​និង​តារា ហុងកុង​ល្បីៗ​ជា​ច្រើន​រូប​ទៀត។

 

Yeung Tak-kei (Kenneth Ma) បាន​ដាក់​ឈ្មោះ​ខ្លួន​ឯង​ថា Bill Kei គឺ​ជា​ចុង​ភៅ​នៅ​ហាង​ម្ហូប​ចិន​មួយ។ គាត់​ក៏​ជា​បុគ្គលិក​ប្រដៅ​មិន​បាន​ដែល​ចូល​ចិត្ត​ចំណាយ​ពេល​នៅ​កន្លែង​ធ្វើការ​ចុច​ទូរស័ព្ទ និង​ញ៉ែ​ភ្ញៀវ​ស្រីៗ។ ការ​ពិត​ទៅ​បំណង​ប្រាថ្នា​ពិត​ប្រាកដ​របស់​គាត់​ចង់​ក្លាយ​ទៅ​ជា​អ្នក​ស៊ើប​អង្កេត​ដូច​បងស្រី​របស់​គាត់​ទេ។

 

Bill ជួប​ជាមួយ​នឹង Mak Sai (Louis Yuen) ដែល​ពូកែ​ខាង​ភ្លក់​អាហារ នៅ​ពេល​ដែល Sai បាន​ចូល​ទៅ​ហាង​ដែល​គាត់​ធ្វើការ​ដើម្បី​សាក​ម្ហូប​ប្រចាំ​ហាង។ ចៃដន្យ​អី Sau-na និង Sai ស្គាល់​គ្នា​ដោយសារ​ធ្លាប់​ជា​សង្សារ និង​មិត្ត​រួម​ការងារ​នៅ​អំឡុង​ពេល​ធ្វើការ​នៅ​ប៉ុស្តិ៍​ប៉ូលិស។ Bill ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពី​ការងារ​ហើយ​លោក​បាន​អង្វរ Sau-na ឲ្យ​ទទួល​រូប​គេ​ធ្វើការ​នៅ​ក្នុង​ក្រុម​ស៊ើប​អង្កេត​នាង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ Sau-na បាន​បដិសេធ​ដោយ​សារBill គ្មាន​បទ​ពិសោធន៍។ នាង​បាន​ផ្លាស់ប្តូរ​គំនិត​នៅ​ពេល​ដែលBillបាន​បង្ហាញ​ពី​ការ​តស៊ូ និង​ចចារ​ប្រាក់​ខែ ដោយសារ​ក្រុម​របស់​នាង​ក៏​កំពុង​ជួបការ​លំបាក​ខ្វះ​មនុស្ស​ផង​ដែរ។

 

Bill បាន​លង់​ស្រឡាញ់Tong Ka-ka(Eliza Sam) តាំង​ពី​ជួប​នាង​ដំបូង។ Ka-ka គឺ​ជា​អ្នក​សរសេរ​ឲ្យ​ទស្សនា​វដ្តី​មួយ។ ក្រោយ​ពី​លា​ឈប់​ពី​ការងារ Ka-ka បាន​ចូលរួម​ជាមួយ​ក្រុម​ស៊ើប​អង្កេត​របស់ Sau-na ហើយ​ធ្វើជា​ដៃគូ​របស់ Bill។ ពួកគេ​ទាំង​ពីរ​ដឹង​ថា​ខ្លួន​មិន​សូ​វមាន​ជំនាញ​ក៏​បាន​បញ្ចុះ​បញ្ចូល Sai ឲ្យ​ចូលរួម​ជាមួយ​ក្រុម​ខ្លួន។

 

ចង់​ដឹងថា​តើ​រឿង​ហុងកុង​ទាំងពីរ​នេះ​មាន​បង្កប់​នូវ​អត្ថន័យ និង​ខ្លឹមសារ​ល្អ​មើល​យ៉ាង​ណា​នោះ សូម​ទូរទស្សនិក​ជន កុំ​ភ្លេច​រង់ចាំ​តាម​ដាន​ទស្សនា​នៅ​ថ្ងៃពុធ ទី​១២ ខែ​តុលា ឆ្នាំ​២០១៦​នេះ។

 

ទស្សនា​ឈុត​ខ្លី​រឿង «វិថីជីវិតវគ្គ២» ៖


ទស្សនា​ឈុត​ខ្លី​រឿង «ស្តេចស៊ើបអង្កេតហុងកុង»៖

 

អត្ថបទៈ ពាណិជ្ជកម្ម