មេទ័ព​ហ្វីលីពីន ថា បើ​អាមេរិក​បញ្ឈប់​ផ្តល់ជំនួយ និង​ការ​គាំពារ​ការពារជាតិ ហ្វីលីពីន​នៅតែរ​ស់បាន និពន្ធដោយ : ទេព អ៊ីវិសាល       October-11-2016, 4:17 pm         530

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132មេទ័ព​ហ្វីលីពីន ថា បើ​អាមេរិក​បញ្ឈប់​ផ្តល់ជំនួយ និង​ការ​គាំពារ​ការពារជាតិ ហ្វីលីពីន​នៅតែរ​ស់បានរដ្ឋមន្រ្តីការពារជាតិហ្វីលីពីន លោក Delfin Lorenzana (ឆ្វេង) និង​លោក​ប្រធានាធិបតី Rodrigo Duterte​ប្រមុខ​ការពារជាតិ​ហ្វីលីពីន បាន​ថ្លែង​ការពារ​ជំហរ​របស់លោក​ប្រធានាធិបតី Rodrigo Duterte លើ​ទំនាក់ទំនង​ការពារជាតិ​រវាង​ហ្វីលីពីន និង​អាមេរិក ដោយ​លោក បញ្ជាក់ថា ហ្វីលីពីន នៅតែ​អាច​ធានា​ពី​សន្តិសុខ​របស់ខ្លួន​បាន ក្នុងករណី​ដែល អាមេរិក បញ្ចប់​កិច្ចសហប្រតិបត្តិការ​លើ​ជំនួយ និង​ការពារជាតិ​នោះ​។ តែ​លោក អះអាងថា ជំហរ​របស់លោក​ប្រធានាធិបតី​ហ្វីលីពីន​បច្ចុប្បន្ន មិនមាន​ចេតនា​ក្នុងការ​លុបចោល​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​អាមេរិក​ឡើយ​។​

​ឆ្លើយតប​នឹង​សំណួរ​របស់​សមាជិក​ព្រឹទ្ធសភា​នៅ​ថ្ងៃទី​១១ ខែតុលា នាឱកាស​នៃ​ការការពារ​សំណើ​ថវិកា​លើ​វិស័យ​ការពារជាតិ ថា​តើ​នឹងមាន​អ្វី​កើតឡើង ប្រសិន​សន្ធិសញ្ញា​ការពារជាតិ​រួមគ្នា​(​អាមេរិក​និង​ហ្វីលីពីន​) ត្រូវបាន​មោឃភាព​នោះ លោក​រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន Delfin Lorenzana បាន​ថ្លែងថា «​ហ្វីលីពីន នៅតែ​អាចរ​ស់បាន​»​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន inquirer.net​។

​លោក​រដ្ឋមន្ត្រី បន្តទៀតថា​ប្រសិន អាមេរិក ពិតជា​នឿយហត់​នឹង​ការប្រើប្រាស់​ពាក្យសម្តី​របស់លោក​ប្រធានាធិបតី ហើយ​មោឃភាព​កិច្ចព្រមព្រៀង​មែន​នោះ ហ្វីលីពីន អាច​ស្វែងរក​ការគាំទ្រ​ពី​សម្ព័ន្ធមិត្ត​ផ្សេងទៀត​ដូចជា​អូស្ត្រាលី ជប៉ុន និង​កូរ៉េខាងត្បូង​ជាដើម​។ តែ​លោក ក៏​បញ្ជាក់ដែរថា ទំនាក់ទំនង​រវាង​អាមេរិក និង​ហ្វីលីពីន ស្ថិតនៅក្នុង​ស្ថានភាព​ធ​ម្ម​តា​នៅឡើយ​នោះទេ ហើយ លោក Duterte ក៏​មិនបាន​ព្យាយាម​បំផ្លាញចោល​សន្ធិសញ្ញា​ការពារជាតិ​ទ្វេភាគី​នៃ​ប្រទេស​ទាំងពីរ​ផងដែរ​។

​ប្រមុខ​ការពារជាតិ​រូបនោះ ក៏បាន​ពន្យល់​ដែរ​ថា ប្រតិកម្ម​របស់លោក​ប្រធានាធិបតី​ហ្វីលីពីន​ទៅកាន់​អាមេរិក​ជាមួយនឹង​ពាក្យសម្តី​អសុរោះ រួម​ជាមួយនឹង​ការព្រមាន​ដើរ​ចេញពី​អាមេរិក គឺ​គ្រាន់តែ លោក Duterte មាន​អារម្មណ៍មិនល្អ​ជាមួយ​អាមេរិក​ដែល​មិនបាន​ជួយ​លោក​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន តែ​បែរជា​រិះគន់​លោក​ទៅវិញ​។

​សូម​ជម្រាប​ផងដែរ​ថា រយៈពេល​ចុងក្រោយ​នេះ លោក​ប្រធានាធិបតី​ហ្វីលីពីន បាន​ប្រើប្រាស់​ពាក្យសម្តី​ជេរប្រមាថ​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​រួមទាំង​ព្រមាន​ចង់​បញ្ចប់​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​ជាមួយនឹង​អាមេរិក​ទៀតផង​។ កិច្ចសហប្រតិបត្តិការ​យោធា​នោះ ត្រូវបាន​ចុះហត្ថលេខា​តាំងពី​ឆ្នាំ​២០១៤ និង​ទើបតែ​ចូល​ជាធរ​មាននៅ​ដើមឆ្នាំ​២០១៦​នេះ​នោះទេ​។

​តាមរយៈ​កិច្ចសហប្រតិបត្តិការ​យោធា​ដែល​ផ្តួចផ្តើមឡើង​ដោយ​រដ្ឋបាល​អតីត​ប្រធានាធិបតី​ហ្វីលីពីន អាមេរិក ទទួលបាន​មូលដ្ឋាន​យោធា​អាកាស​ចំនួន​ប្រាំ​កន្លែង​នៅក្នុង​ទឹកដី​ហ្វីលីពីន​។ និយាយ​ជារួម​ក្នុង​រដ្ឋបាល​អតីត​ប្រធានាធិបតី​ហ្វីលីពីន ប៊ែ​រ​នី​ណូ អា​ហ្គី​ណូ ទំនាក់ទំនង​ហ្វីលីពីន និង​អាមេរិក បាន​មាន​ភាពស្អិតល្មួត​នឹង​គ្នា​។ ក្នុងនោះ អាមេរិក បាន​តួនាទី​យ៉ាងសំខាន់ និង​សកម្ម​ក្នុង​ជ្រោមជ្រែង​ទាំង​សន្តិសុខ​ក្នុងស្រុក និង​សន្តិសុខ​ដែនសមុទ្រ​ដែល​ហ្វីលីពីន​ប្រឈម​ជាមួយនឹង​ចិន​យ៉ាង​ផុយស្រួយ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។

​យ៉ាងណាក៏ដោយ បើទោះបីជា​លោក​ប្រធានាធិបតី​ហ្វីលីពីន នៅតែ​បន្ត​រិះគន់ និង​ប្រើប្រាស់​ពាក្យសម្តី​ខ្លាំង​ដាក់​អាមេរិក​ក៏ដោយ អាមេរិក នៅ​មិនទាន់​ដាក់​ទម្ងន់​ខ្លាំង​ឡើយ ពោលគឺ​អាមេរិក នៅតែ​អះអាងថា ទំនាក់​ទ្វេភាគី​នៃ​ប្រទេស​ទាំងពីរ​ដូច​ធម្មតា​នោះទេ​។ នៅ​សប្តាហ៍​មុននេះ លោក Josh EARNEST អ្នកនាំពាក្យ​សេត​វិមាន ក៏បាន​បញ្ជាក់ដែរថា អាមេរិក នៅតែមាន​ការតាំង​ចិត្ត​យ៉ាង​មុតមាំ​លើ​សម្ព័ន្ធភាព​ដែលមាន​ជាមួយនឹង​ហ្វីលីពីន​៕