​សុភាព​នារី​កម្ពុជា​​​មិន​សូវ​​ចាប់​អារម្មណ៍​ចូល​ហាត់​កីឡា​ចំបាប់

ប្រភេទ​កីឡា​ចំបាប់​មិន​​​សូវ​មាន​​​នារី​​ច្រើន​​ចាប់​អារម្មណ៍​ហ្វឹកហាត់​ឡើយ​ដែល​​ផ្ទុយ​​នឹង​​បុរស​​ដែល​ចូល​​ហ្វឹកហាត់​​កីឡា​ប្រភេទ​នេះ​ច្រើន។​

 

​តាម​ការ​លើក​ឡើង​ពី​រៀមច្បង​ផ្នែក​ចំបាប់​​កីឡា​ការិនី​ ចូវ​​ សុធារ៉ា​ បាន​ឲ្យ​ Sabay​ ដឹង​ថា​ កីឡា​ចំបាប់​ខុស​ពី​កីឡា​ដទៃ​។ កីឡា​ប្រភេទ​នេះ​ត្រូវ​ហ្វឹកហាត់​រយៈពេល​យូរ​ និង​តស៊ូ​បំផុត​ទើប​អាច​ទទួល​បាន​លទ្ធផល។​ រៀមច្បង​រូប​នេះ​បន្ថែម​ទៀត​ថា ​រហូត​មក​ដល់​ពេល​នេះ​មាន​កីឡា​ការិនី​ចំបាប់​ត្រឹម​តែ​៦-៧នាក់​ ប៉ុណ្ណោះ​ដែល​កំពុង​ហ្វឹកហាត់។​

 

​សុភាព​នារី​កម្ពុជា​​​មិន​សូវ​​ចាប់​អារម្មណ៍​ចូល​ហាត់​កីឡា​ចំបាប់

កីឡាការិនី ចូវ សុធារ៉ា

 

​កីឡា​ការិនី ចូវ សុធារ៉ា បន្ត​ថា កត្តា​​​ដែល​ធ្វើ​ឲ្យ​នារី​​កម្ពុជា​មិន​សូវ​ចាប់​អារម្មណ៍​​ហាត់​អាច​មក​ពី​​​ប្រពៃណី​ រយៈ​ពេល​យូរ​ក្នុង​ការ​ហ្វឹកហាត់​ ត្រូវ​ការ​មនុស្ស​ដែល​តស៊ូ​បំផុត ​និង​បញ្ហា​សុខភាព​ក្រោយ​ពេល​ហាត់។​  ​ក្រុម​គ្រួសារ​មួយ​ចំនួន​មិន​ចង់​ឲ្យ​កូន​ស្រី​​​​ចាប់យក​​កីឡា​នេះ​នោះ​ទេ​ ពី​ព្រោះ​ពេល​ហាត់​ទៅ​​​រាងកាយ​ឡើង​សាច់​ដំធ្វើឲ្យរាង​មិន​ស្អាត។​ កីឡា​នេះ​ត្រូវ​​ការ​ពេល​វេលា​ហ្វឹកហាត់​​​យូរ ​ជាក់​ស្ដែង​កីឡា​ការិនី​ចំបាប់​រូប​នេះ​ចំណាយ​ពេល​អស់​១៦ឆ្នាំ​ទើប​ទទួល​បាន​លទ្ធផល​ដូច​សព្វ​ថ្ងៃ។​​ ក្រោយ​ពេល​ហាត់​កីឡា​មួយ​នេះ​នឹង​មាន​បញ្ហា​ត្រចៀក​ដោយ​សារ​ពេល​ហាត់​ត្រចៀក​ត្រូវ​ផ្អឹប​ជា​មួយ​ខ្លួន​ដៃ​គូ​រហូត។​​

 

​សុភាព​នារី​កម្ពុជា​​​មិន​សូវ​​ចាប់​អារម្មណ៍​ចូល​ហាត់​កីឡា​ចំបាប់

កីឡាការិនីចូវ សុរធារ៉ាទទួលប្រាក់រង្វាន់

 

ចូវ​ សុធារ៉ា​ ជា​គ្រូ​ជំនួយ​ម្នាក់​របស់​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​។ កីឡា​ការិនី​រូប​នេះ​ធ្លាប់​តំណាង​ឲ្យ​កម្ពុជា​ចេញ​ទៅ​ប្រកួត​នៅ​ព្រឹត្តិការណ៍​ធំៗ​ក្នុង​ឆាក​អន្តរជាតិ​ជា​ច្រើន​ទាំងលំដាប់​តំបន់ និង​ពិភព​លោក។​ ការ​ប្រកួត​ចុង​ក្រោយ​របស់​ សុធារ៉ា​ មិនទទួលបានមេដាយ​ឡើយ​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​នៅ​ទី​ក្រុម​ RIO​​ ប្រទេស​ប្រេស៊ីល​ ២០១៦​ កន្លង​ទៅ៕

 

អត្ថបទ៖​ នួន​ ស៊ីណា