រូបភាពពីអតីតកាលរបស់ Kwan Usamanee ដែលបានចូលសិល្បៈ តាំងពីអាយុ៣ឆ្នាំ ដើម្បីរកប្រាក់ចំណូលចិញ្ចឹមគ្រួសារ!

ថៃ៖ ថ្មីៗនេះរឿងរ៉ាវក្នុងគ្រួសារ ក៏ដូចជារឿងរ៉ាវស្នេហារបស់នាង Kwan Usamanee តារាស្រីល្បីឈ្មោះប្រចាំប្រទេសថៃ កំពុងតែបានក្លាយទៅជាប្រធានបទ ដ៏ក្តៅមួយ នៅលើបណ្តាញសង្គម។ រហូតដល់ម្ចាស់ខ្លួនត្រូវចេញមុខ មកសំភាសន៍ជាមួយ អ្នកសារព័ត៌មានដោយផ្ទាល់ថា បញ្ហាចម្រូងចម្រាសដែលបានកើតឡើងនេះ គឺបណ្តាលមកពីរឿងលុយ ដែលកន្លងមកលុយបានមកពីការធ្វើការងារទាំងអស់ ខ្លួនក៏បានប្រគល់ឱ្យអ្នកម្តាយ Aeo Pranee អស់ៗគ្មានសល់ សម្រាប់ការចំណាយ ផ្គត់ផ្គង់ក្នុងផ្ទះសម្បែងទាំងមូល។ ចំណែកឯខ្លួនឯងវិញបានទទួលប្រាក់ ចាយវាយពីម្តាយមកវិញ គឺគិតជាប្រាក់ត្រឹមតែ ៣-៤ ម៉ឺនបាត (៨០០ ទៅ ៩០០ដុល្លារអាមេរិក) ប៉ុណ្ណោះក្នុង១ខែ ទោះជានាងរកបានរាប់សែនបាតក៏ដោយ។

គិតមកដល់ថ្ងៃនេះ នាងក៏នៅតែគ្មានសិទ្ធិធ្វើជាម្ចាស់ទ្រព្យសម្បត្តិណាមួយជា របស់ផ្ទាល់ខ្លួននៅឡើយដែរ។ ចាប់តាំងពីបានចូលប្រឡូកក្នុងសង្គមសិល្បៈ ជាលើកដំបូងមក អ្នកគាំទ្រពិតជាមានសេចក្តីអាណិតអាសូរដល់នាង Kwan Usamanee ណាស់ ដែលបានធ្វើការងារធ្ងន់ក្នុងការថតសិល្បៈ តាំងពីអាយុ៣ឆ្នាំ មកម្ល៉េះ។ នាងពិតជានៅក្មេងមែនទែន ប៉ុន្តែត្រូវដើរថត ដើរសម្តែងគ្រប់ទិសទី ទាំងខ្សែភាពយន្ត វីដេអូចម្រៀងកាយវិការ ការផ្សាយពាណិជ្ជកម្ម ឬឃោសនានានាក្តី ដែលអាចនិយាយបានថានាង គឺជាតារាឯកស្រីដ៏ល្បីម្នាក់នៅសម័យនោះ។

ដោយរឿងដំបូងដែលនាងសម្តែងគឺរឿង«លោកឪពុកអ្នកម្តាយជាទីស្រឡាញ់» នៅប៉ុស្តិ៍លេខ៣ រហូតដល់បានដើរតួសម្តែង ទាំងនៅប៉ុស្តិ៍លេខ៣ និងទូរទស្សន៍ ប៉ុស្តិ៍លេខ៧ទៀតជាលំដាប់ និងថតបាន១៨រឿងនៅក្នុងវ័យកុមារ។ ដូចជារឿង «រដូវរងារ» នៅប៉ុស្តិ៍លេខ៧ «ទឹកហូរច្រោះខ្សាច់» នៅប៉ុស្តិ៍លេខ៣ជាដើម។

បន្ទាប់ពីធ្វើការងារសិល្បៈអស់រយៈពេលជាង ២០ឆ្នាំមកដល់អាយុ ២៨ឆ្នាំនេះ ជាមួយនឹងខ្សែភាពយន្តជាង ៣១រឿងនៅប៉ុស្តិ៍លេខ៧ នាងក៏ទទួលបានប្រាក់កំរៃ យ៉ាងច្រើនសន្ធឹកសន្ធាប់ បូករួមផ្សំជាមួយនឹងការថតផ្សព្វផ្សាយពាណិជ្ជកម្ម ការបង្ហាញម៉ូតផ្សេងៗផង រាប់ចាត់ទុកថានាងជា អ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ មិនចាញ់កំពូលតារាស្រីល្បីៗឯទៀតនៅក្នុងប្រទេសនោះទេ។ ប៉ុន្តែអ្វីដែលគួរឱ្យខកចិត្តស្មានមិនដល់នោះគឺ នាងគ្មានអ្វីជាសម្បត្តិរបស់ខ្លួនផ្ទាល់ បន្តិចសោះទាំងដែលខំធ្វើការលំបាកឥតឈប់តាំងពីនៅតូច ដើម្បីឱ្យក្រុមគ្រួសារ រស់នៅដោយមានសេចក្តីសុខ៕

តោះទៅមើលកម្រងរូបភាពរបស់ Kwan Usamanee កាលពីវ័យកុមារបន្តិចទៅមើល៍៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload