ក្លឹប​ជា​ច្រើន​នៅ​ហូឡង់​ ​បិទ​តារាង​ស្មៅ​សិប្បនិមិត្ត ​ព្រោះ​ខ្លាច​ជំងឺ​មហារីក

ក្លឹបបាល់ទាត់នៅតាមតំបន់នាប្រទេសហូឡង់ ប្រហែលជា៣០ក្លឹប បានប្រកាសបិទឈប់ប្រើប្រាស់ទីលានស្មៅសិប្បនិមិត្ត ព្រោះតែមានការសង្ស័យ និងភ័យខ្លាចគ្រាប់កៅស៊ូតូចៗ បង្កគ្រោះថ្នាក់ដល់សុខភាព ដែលអាចកើតមានជំងឺមហារីក។

អភិបាលក្រុង Hague ប្រទេសហូឡង់ បានបញ្ជាឲ្យធ្វើការស៊ើបអង្កេតភ្លាមៗ បន្ទាប់ពីឃើញទូរទស្សន៍មួយ បានចុះផ្សាយពីបញ្ហានេះ។ សាស្ត្រាចារ្យម្នាក់ខាងស្រាវជ្រាវជាតិពុល មកពីសាកលវិទ្យាល័យ Utrecht បានលើកឡើងថា ប្រជាជនទាំងអស់ គួរតែជៀសវាងលេងលើស្មៅសិប្បនិមិត្ត រហូតទាល់តែ ហានិភ័យនេះត្រូវបានបញ្ជាក់ច្បាស់ថា ពិតជាគ្មានគ្រោះថ្នាក់ជាមុនសិន។

Loading...

លោកបញ្ជាក់ថា៖ “ក្នុងនាមខ្ញុំជាសាស្ត្រាចារ្យខាងជាតិពុលម្នាក់ ខ្ញុំសូមនិយាយថា ខ្ញុំមិនលេងលើទីលានទាំងនេះទេ ព្រោះយើងមិនទាន់ដឹងច្បាស់ ពីការវាយតម្លៃនៃហានិភ័យនេះ”។

គ្រាប់កៅស៊ូខ្មៅតូចៗ ដែលក្រាលជាមួយស្មៅសិប្បនិមិត្តនៅលើទីលានបាល់ទាត់ គឺធ្វើឡើងពីកង់រថយន្តចាស់ៗ ហើយសហព័ន្ធបាល់ទាត់ហូឡង់ (Dutch FA) ក៏បានលើកឡើងពីបញ្ហានេះផងដែរថា គួរតែស្រាវជ្រាវឲ្យបានល្អិតល្អន់ ព្រោះកៅស៊ូខ្មៅទាំងនោះ តែងតែជាប់លើខ្លួនប្រាណអ្នកលេងបាល់ទាត់ ហើយជាពិសេសនៅពេលពួកគេមានបញ្ហារបួសជាដើម។

ទោះជាយ៉ាងណា លទ្ធផលស្រាវជ្រាវពុំទាន់ដឹងច្បាស់នៅឡើយទេ ខណៈដែលការស្រាវជ្រាវដំបូងបំផុតតាំងពីឆ្នាំ២០០៦ ក៏ពុំបានបញ្ជាក់ថា មានផលប៉ះពាល់អ្វីនោះដែរ៕

ក្លឹប​ជា​ច្រើន​នៅ​ហូឡង់​ ​បិទ​តារាង​ស្មៅ​សិប្បនិមិត្ត ​ព្រោះ​ខ្លាច​ជំងឺ​មហារីក

ប្រភព៖ sabay