សភា​អូស្ត្រាលី​បដិសេធ​ច្បាប់​អាពាហ៍ពិពាហ៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា

សភា​អូស្ត្រាលី​បដិសេធ​ច្បាប់​អាពាហ៍ពិពាហ៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា

អាពាហ៍ពិពាហ៍រវាងក្រុមអ្នកស្រឡាញ់ភេទដូចគ្នា នឹងត្រូវពន្យាពេលយ៉ាងតិចរយៈពេល ៣ឆ្នាំនៅឯប្រទេសអូស្ត្រាលី បន្ទាប់ពីគណបក្សប្រឆាំងបាននិយាយនៅថ្ងៃនេះថា ខ្លួនមិនគាំទ្រការបោះឆ្នោតជាតិនោះឡើយ ដែលនេះគឺជាការវាយប្រហារមួយទៀតទៅលើនាយករដ្ឋមន្ត្រី លោក Malcom Turnbull។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

រដ្ឋាភិបាលចម្រុះរបស់អូស្ត្រាលី បានណែនាំច្បាប់នេះទៅរដ្ឋសភាកាលពីខែមុន ដើម្បីដាក់ឲ្យបោះឆ្នោតជាសាធារណៈនៅខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខថា តើគួរតែអនុញ្ញាតឲ្យមានអាពាហ៍ពិពាហ៍រវាងក្រុមមនុស្សស្រឡាញ់ភេទដូចគ្នាឬទេ។

ច្បាប់នេះតម្រូវឲ្យមានការគាំទ្រពីក្រុមគណបក្សការងារ ដោយសាររដ្ឋាភិបាលចម្រុះរបស់លោកនាយករដ្ឋមន្ត្រី Malcolm Turnbull មានសំឡេងភាគច្រើននៅក្នុងសភាជាន់ទាបប៉ុណ្ណោះ ហើយមិនមានសំឡេងភាគច្រើននៅក្នុងសភាជាន់ខ្ពស់ឡើយ។

ការជំទាស់នេះ គឺជាការវាយប្រហារទៅលើលោក Turnbull ដែលត្រូវបានគេមើលឃើញថា ប្រជាប្រិយភាពរបស់លោក កាន់តែរួមតូច ចំពេលមានភាពតានតឹងថា លោកនឹងមិនសង្ឃឹមស្ដារកេរ្តិ៍ឈ្មោះរបស់លោកឡើងវិញនោះឡើយ។

ការស្ទង់មតិមួយកាលពីខែសីហាកន្លងមក បានរកឃើញថា ច្បាប់អាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា ទទួលបានការគាំទ្រពីប្រជាជនអូស្ត្រាលី ៦១ភាគរយ ហើយអសមត្ថភាពរបស់លោក Turnbull ក្នុងការជំរុញច្បាប់នេះឲ្យចេញនោះ អាចនឹងធ្វើឲ្យប្រជាប្រិយភាពរបស់លោកកាន់តែបាត់បង់ថែមទៀត៕

ប្រភព ៖ vodhotnews

  • សភា​អូស្ត្រាលី​បដិសេធ​ច្បាប់​អាពាហ៍ពិពាហ៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/11  Category:កំសាន្ត
Tags: