រដ្ឋបាល​រាជធានី សិក្សា​បន្ថែម និង​ពិនិត្យ​ពី​កិច្ចសន្យា ការ​វិនិយោគ​របស់​វិស័យ​ឯកជន

រដ្ឋបាល​រាជធានី សិក្សា​បន្ថែម និង​ពិនិត្យ​ពី​កិច្ចសន្យា ការ​វិនិយោគ​របស់​វិស័យ​ឯកជន



ភ្នំពេញ​: លោក ប៉ា សុ​ជាតិ​វង្ស  អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ប្រជុំ គណៈ​អភិបាល រាជធានី​ភ្នំពេញ ដោយ​បាន​លើកយក របៀបវារៈ​មួយ​ចំនួន នៅ​រសៀល​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១៦ ការ​វិនិយោគ ការ​ធ្វើ​អាជីវកម្ម សេវាកម្ម​ចំណតរថយន្ដ និង​ជា​ពិសេស កំពុង​ពិនិត្យ និង​រក​ដំណោះស្រាយ លើ​កម្រិត​ទឹកភ្លៀង ដែល​បណ្ដាល​ឱ្យ​ផ្នែក​ខ្លះ នៃ​រាជធានី​ភ្នំពេញ រង​ការ​ជន់​លិច​។

ក្នុង​កិច្ចប្រជុំ​នោះ លោក ប៉ា សុ​ជាតិ​វង្ស បាន​មាន​ប្រសាសន៍ ណែនាំ​ឲ្យ​មានការ​សិក្សា​បន្ថែម និង​ពិនិត្យ​ពី​កិច្ចសន្យា -​កិច្ចសន្យា​បន្ថែម ស្ដី​ពី ការ​វិនិយោគ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ផ្សារ​អូ​ឡាំ​ពិ​ក ការ​វិនិយោគ​ធ្វើ​អាជីវកម្ម -​សេវាកម្ម​ចំណតរថយន្ដ និង​កែ​លម្អ បង្កើត​តូប​លក់ដូរ ស្ថិត​នៅ​ដី​មួយ​ផ្នែក​ទីតាំង ចំណតរថយន្ដ​ចាស់ នៃ​បរិវេណ​មជ្ឈមណ្ឌល ពាណិជ្ជកម្ម​ផ្សារ​អូ​ឡាំ​ពិ​ក និង​កិច្ច​ស​ន្យ​វិនិយោគ​ធ្វើ​អាជីវកម្ម -​សេវាកម្ម​ចំណតរថយន្ដ​បង់ប្រាក់ (Car Parking Machine) នៅ​តំបន់​មុខ​វត្ត​បទុម​វ​តី​។

លោក​អភិបាល ក៏​បាន​ណែនាំ​ឱ្យ មន្ដ្រី​ក្រោម​ឱវាទ ត្រូវ​សិក្សា​ពិនិត្យ​ពី កិច្ចសន្យា​ជាមួយ ក្រុមហ៊ុន​ឯកជន ឱ្យ​បាន​ម៉ត់ចត់ និង​ព​ន្លឿ​ន​ការងារ ឱ្យ​បាន​ឆាប់រហ័ស ដោយ​ត្រូវ​ចុះ​ទៅ​កន្លែង​ជាក់ស្ដែង ដើម្បី​សិក្សា​ពិនិត្យ ការ​កំណត់​តម្លៃ ដែល​សម​ស្រប និង​អាច​ទទួលយក​បាន​គ្រប់​ភាគី ព្រមទាំង​ការ​រៀបចំ ឱ្យ​មាន​សណ្ដាប់ធ្នាប់ សុវត្ថិភាព ក្នុង​រយៈពេល​ដំណើរការ​។

អង្គប្រជុំ ក៏​បាន​លើក​ឡើង នូវ​កម្រិត​ទឹកភ្លៀង ដែល​បណ្ដាល​ឱ្យ​ផ្នែក​ខ្លះ នៃ​រាជធានី​ភ្នំពេញ រង​ការ​ជន់​លិច និង​បាន​រៀបចំ​ផែនការ សម្រាប់​ធ្វើការ ដោះស្រាយ​បន្ដ ដោយ​ជម្រុញ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​យកចិត្តទុកដាក់ ឱ្យ​បាន​ខ្ពស់​ចំពោះ ករណី​ដែល​មាន​កន្លែង​ជន់​លិច កន្លែង​ទឹក​ឆ្លងកាត់ កម្ពស់​នៃ​ទឹក​តាម​បណ្ដា សង្កាត់​ក្នុង​រាជធានី​ភ្នំពេញ​៕