ប្រជាពលរដ្ឋ សាទរ​ពី​ការ​ផ្លាស់​ប្តូរ​មុខមាត់​ខេត្តតាកែវ អោយ​កាន់តែ​មាន​សោភ័ណ​ភាព

ប្រជាពលរដ្ឋ សាទរ​ពី​ការ​ផ្លាស់​ប្តូរ​មុខមាត់​ខេត្តតាកែវ អោយ​កាន់តែ​មាន​សោភ័ណ​ភាព



តាកែវ​: លោក ឡាយ វណ្ណៈ អភិបាល​នៃ​គណៈ​អភិបាល ខេត្តតាកែវ បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​បំណាច់ ឆ្នាំ​២០១៦​នេះ នៅ​ក្នុង​ក្រុង​ដូន​កែវ ក៏​ដូច​ជា នៅ​តាម​បណ្តា​ស្រុក ត្រូវ​តែ​មាន​ផ្លូវ​ចាក់​កៅស៊ូ ខ្វាត់ខ្វែង ដើម្បី​រួមចំណែក​កាត់​បន្ថយ គ្រោះថ្នាក់​ចរាចរណ៍ អោយ​នៅ​ក្នុង​កំរិត​ទាប និង​បង្កើន​សោភ័ណ​ភាព ផង​ដែរ ។ ការ​អះអាង​បែប​នេះ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ សាទរ​ពី​ការ​ខិតខំ​ប្រឹងប្រែង របស់​អាជ្ញាធរ​ខេត្ត ក្នុង​ការ​អភិវឌ្ឍ ផ្លាស់​ប្តូរ​មុខមាត់​ខេត្តតាកែវ អោយ​កាន់តែ​មាន​សោភ័ណ​ភាព​។

តាម​របាយការណ៍ របស់​សាលាខេត្ត​តាកែវ បាន​បង្ហាញ​ថា ក្នុង​ឆ្នាំ ២០១៦​នេះ ខេត្តតាកែវ បាន​កសាង​នូវ ហេដ្ឋារចនាសម្ព័ន្ធ យ៉ាងច្រើន រួម​មាន ការ​ជួសជុល​ផ្លូវ ចាក់​កៅស៊ូ​ប្រភេទ DBST ចំនួន ១៤ ខ្សែ ដែល​មាន​ប្រវែង​សរុប ៨.៩១១ ម៉ែត្រ ហើយ​មាន​ទទឹង​ចាប់ពី ៥ ម៉ែត្រ ទៅ ៨​ម៉ែត្រ ជា​ច្រើន​កន្លែង នៅ​ក្នុង​ខេត្ត ជួសជុល​ផ្លូវ​ក្រាល​គ្រួ​ស​ក្រហម ចំនួន ៤​ខ្សែ មាន​ប្រវែង​សរុប​ចំនួន ១០.៦០០ ម៉ែត្រ មាន​ទទឹង ៦ ម៉ែត្រ ជួសជុល​ស្ពាន​ទំហំ ៧,៩ ម X ៦​ម X ២​ម និង​បាន​ដាក់​លូ​កាត់​ផ្លូវ​ទំហំ ០,៦​ម ចំនួន ១៦​កង់ ដាក់​លូរ​មុខកាត់ ១​ម ចំនួន ២១ កង់ ចំនួន ៣​កន្លែង ធ្វើ​បង្គោល​ដងគោម និង​រៀបចំ​បណ្តាញ ខ្សែ​អគ្គិសនី ចំនួន ៦៦​បង្គោល ចាប់​បន្ត​ផ្លូវ​លេខ ១២៩ អា ដល់​ស្ថានីយ​ប្រេង ១​មក​រា និង​ជុំវិញ​ផ្សារ​តាកែវ និង​ជួល​កន្លែង​ផ្សេង ជា​ច្រើន​កន្លែង នៅ​ក្នុង​ខេត្តតាកែវ ។ 

កន្លង​មក ដោយ​មានការ​រិះគន់ របស់​បងប្អូន​ប្រជាពលរដ្ឋ​ថា ផ្លូវថ្នល់​ដែល​ធ្វើការ​ជួសជុល​រួច​ហើយ ឆាប់​ខូច​ទៅ​វិញ​នោះ លោក ណុ​ប នី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន ខេត្តតាកែវ បានអោយ​ដឹង​ថា ចំពោះ​ការ​ជួសជុល​ផ្លូវ ដោយ​ក្រុមហ៊ុន​ដេញថ្លៃ ដែល​ធ្វើ​រួច​ហើយ ឆាប់​ខូច​ទៅ​វិញ​នោះ គឺ​ក្រុមហ៊ុន​នៅ​តែ​បន្ត​ធ្វើ និង​ជួសជុល​ឡើង​វិញ រហូត​ទាល់តែ គ្រប់​មួយ​ឆ្នាំ ទើប​ផុត​លើ​កិច្ចសន្យា ព្រមព្រៀង​បញ្ចប់​ការ​ជួសជុល អ​ញ្ចឹ​ង​សូម​បងប្អូន​ប្រជាពលរដ្ឋ កុំ​មានការ​យល់​ច្រឡំ​អ្វី ព្រោះ​ក្នុង​ការ​ណី​នេះ ការ​ធ្វើ​ផ្លូវ និង​កែ​លំអ​ហេ​ដ្ឋា​រចនា​សម្ព័​ន​នេះ យើង​មាន​កិច្ចសន្យា ច្បាស់លាស់ មួយ​ជាមួយ​ក្រុមហ៊ុន​។ ប្រសិនបើ​គាត់​ធ្វើ​ទៅ​ខូចខាត​ទាំងស្រុង ហើយ​មិន​ទាន់​បាន​បញ្ចប់ លើ​ការ​ធានា​ជួសជុល​ផ្លូវ​នោះ ក្រុមហ៊ុន​ដែល​ដេញថ្លៃ​ធ្វើ​ផ្លូវ ត្រូវ​បន្ត​ជួសជុល រហូត​ទាល់តែ​ស្អាត​ឡើង​វិញ ក៏​ប៉ុន្តែ​ទន្ទឹម​នឹង​បញ្ហា​ខូច​ផ្លូវ​នេះ ដែរ សូម​អោយ​បងប្អូន ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ចូលរួម​ថែរក្សា ទាំងអស់​គ្នា​ផង ។ 

មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ ជា​ច្រើន បាន​គាំទ្រ​ចំពោះ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ របស់​សាលាខេត្ត​តាកែវ ដែល​មាន​គម្រោង ក្នុង​ការ​កសាង​ផ្លូវថ្នល់​ខ្វាត់ខ្វែង នៅ​ក្នុង​ក្រុង ក៏​ដូច​ជា នៅ​តាម​បណ្តា​ស្រុក​ផ្សេង​ទាំងនេះ ព្រោះថា ការ​ធ្វើ​ផ្លូវ​នេះ មិន​ត្រឹមតែ​ចូលរួម ក្នុង​ការ​កាត់​បន្ថយ​នូវ គ្រោះថ្នាក់​ចរាចរ​ណ៏​នោះ​ទេ តែ​ថែម​ទាំង​ជួយ​ជំរុញ ដល់​តម្លៃ​ដី​របស់​ពួក​គាត់ មាន​តម្លៃ កាន់តែ​ខ្លាំង​ជាង​មុន ។ 

ប្រជាពលរដ្ឋ នៅ​ក្នុង​ក្រុង​ដូន​កែវ​ជា​ច្រើន ដែល​មានផ្ទះ​នៅ​ជាប់​នឹង​ផ្លូវ បាន​និយាយ​ថា ផ្លូវ​ខូច​នោះ មិនមែន​មក​ពី​គេ​ធ្វើ ខុស​បច្ចេកទេស​នោះ​ទេ តែ​បណ្តាល​មក​ពី​ឡាន​ដឹក​ទំនិញ​ធំ​ៗ ឡាន​ដឹក​ដី បើកបរ​លើ ដែល​ផ្លូវ​ទើបតែ​ធ្វើការ​ជួសជុល និង​ចាក់​កៅស៊ូ​រួច បាន​តែ​មួយ​ថ្ងៃ ឬ​ពី​ថ្ងៃ​ប៉ុណ្ណោះ ទើប​បង្ក​អោយ​មានការ​ខូចខាត​បែប​នេះ ។

លោកពូ ផេង មានមុខ​របរ​រត់​ម៉ូតូឌុប ក្នុង​ក្រុង​ដូន​កែវ បាន​និយាយ​ថា ក្នុង​ឆ្នាំ ២០១៦​នេះ គាត់​សង្កេត​ឃើញ​ថា ក្នុង​ក្រុង​ដូន​កែវ ហាក់បីដូចជា​មានការ​ផ្លាស់​ប្តូរ មុខមាត់​ថ្មី និង​សំដែង​ការ​ពេញចិត្ត ចំពោះ​រាជរដ្ឋាភិបាល ដែល​តែងតែ​យកចិត្តទុកដាក់ និង​ប្រឹងប្រែង ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន ដើម្បី​ជួយ​សម្រួល​ដល់ ប្រជាពលរដ្ឋ ជា​ពិសេស​រូប​លោក នៅ​ពេល​មាន​ផ្លូវ​ចាក់​កៅស៊ូ ខ្វាត់ខ្វែង​នៅ​ជុំវិញ​ក្រុង​បែប​នេះ បាន​ធ្វើ​អោយ​គាត់ ងាយស្រួល​ក្នុង​ការ ប្រកប​របរ​រកស៊ី​ជាង​មុន ។ 

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់​ចាក់​កៅស៊ូ​ជា​ច្រើន ខ្សែ​ខ្វាត់ខ្វែង​នៅ​ក្នុង​ក្រុង ក៏​ដូច​ជា​នៅ​តាម​បណ្តា​ស្រុក ក្នុង​ខេត្ត បាន​ធ្វើ​ប្រជាពលរដ្ឋ សាទរ​យ៉ាង​ខ្លាំង ព្រោះថា មាន​ផ្លូវថ្នល់​ល្អ បាន​ជួយ​សម្រួល​ដល់​បងប្អូន ងាយស្រួល ក្នុង​ការ​ធ្វើ​ដំណើរ​ប្រកប​របរ​រកស៊ី ជា​ពិសេស​នោះ គឺ​បាន​រួមចំណែក ក្នុង​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​តែ​ម្តង​៕