«ត្រាំ កំពុង​រៀន​ធ្វើ​ផ្ដាច់ការ ព្រោះ​គម្រាម គ្លីនតុន ដាក់​គុក»

លោក ដូណាល់ ត្រាំ (Donald Trump) បេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ កំពុងរងការរិះគន់ កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត បន្ទាប់ពីវេទិកាជជែកតទល់គ្នា ជាមួយអ្នកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) បេក្ខនារី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ។ ការ​រិះគន់​បាន​ផ្ទុះឡើង យ៉ាងសន្ធោសន្ធៅ ដោយហេតុថា នៅក្នុង​វេទិកា​នោះ លោក ត្រាំ មាន​គម្រោង​នឹង​ចាប់​អ្នកស្រី គ្លីនតុន ដាក់ពន្ធនាគារ ទាក់ទង​នឹង​សំនុំ​រឿង​មួយ ដែល​ត្រូវ​បាន​បិទ​បញ្ចប់ រួច​ទៅ​ហើយ។
«ត្រាំ កំពុង​រៀន​ធ្វើ​ផ្ដាច់ការ ព្រោះ​គម្រាម គ្លីនតុន ដាក់​គុក»

ពីឆ្វេងទៅស្ដាំ៖ លោក ដូណាល់ ត្រាំ និងអ្នកស្រី ហ៊ីឡារី គ្លីនតុន។ (រូបថត ឯកសារ)

តើបេក្ខជនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កំពុងប្រើប្រាស់យុទ្ធសាស្ត្រ ដើម្បី​ឲ្យ​អ្នក​ផង​ភ្លេច​ពីរឿងរ៉ាវអាស្រូវ ដែល​ត្រូវបាន​បែកធ្លាយជាបន្តបន្ទាប់ ក្នុងរយៈពេលកន្លងមកឬ? នៅក្នុង​វេទិកា​លើក​ទីពីរ នៃការជជែកតទល់ ជាមួយអ្នកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) បេក្ខនារី​មក​ពី​គណបក្ស​ប្រជា​ធិប​តេយ្យ កាលពីយប់ថ្ងៃទី៩ ខែតុលានេះ បន្ទាប់ពីវាយប្រហារធ្ងន់ៗ ទៅលើស្វាមីរបស់បេក្ខនារី គឺ​លោក ប៊ីល គ្លីនតុន (Bill Clinton) នោះរួច បេក្ខជន​មកពីគណបក្ស​សាធារណរដ្ឋរូបនេះ នៅបានគម្រាម​អ្នកស្រី គ្លីនតុន ថាបើសិនជាលោក ជាប់ជាប្រធានាធិបតី​អាមេរិកនោះ លោកនឹង​តែងតាំង​រដ្ឋអាជ្ញា​«ពិសេស»​​មួយ តាម​រយៈ​​រដ្ឋមន្ត្រី​យុត្តិធម៌របស់លោក ដើម្បី​អង្កេត និងផ្ដន្ទាទោសអ្នកស្រី ទាក់ទងនឹងសំនុំរឿង «ទូរសា​អេឡិច​ត្រូនិក​ផ្ទាល់​​ខ្លួន» ដែល​អ្នកស្រី​​ធ្លាប់បានប្រើ នៅពេលមានតួនាទី ជារដ្ឋមន្ត្រីការបរទេស​អាមេរិក។

នៅចំពោះការគម្រាម ជាពិសេសនៅពេលដែលសំនុំរឿងនេះ ត្រូវបានបិតបញ្ចប់​តាំងពីច្រើនខែមុន ដោយ​អ្នក​ស៊ើប​អង្កេតអាមេរិក រួចទៅហើយនោះ រលក​នៃការរិះគន់ជាច្រើន បានផ្ទុះឡើង នៅបន្ទាប់ពីវេទិកា​ជជែក​តទល់ បានបញ្ចប់ទៅ។ នៅក្នុងការប្រគុំតន្ត្រីមួយ កាលពីយប់ថ្ងៃទី៩ ខែតុលាដដែល ក្រុម​អ្នក​រិះគន់​បាន បរិហា​លោក ដូណាល់ ត្រាំ ថាកំពុងរៀនសូត្រ តាមរបប​ផ្ដាច់ការ​មួយចំនួន នៅក្នុងពិភពលោក។ លោក អេរិក ហូលដ័រ (Eric Holder) អតីត​រដ្ឋមន្ត្រី​យុត្តិធម៌​របស់​​លោក បារ៉ាក់ អូបាម៉ា (Barack Obama) ប្រធានាធិបតី​អាមេរិក​ជិត​ផុត​តំណែង បាន​​វាយ​​តម្លៃ​​លោក ត្រាំ ថា​ជាមនុស្ស​ពោរពេញ​​ដោយ «គ្រោះថ្នាក់» និង​«គ្មានសមត្ថភាព»។

អ្នកស្រី គ្លីនតុន បានថ្លែងតបទៅនឹងការគម្រាម របស់លោក ត្រាំ វិញថា៖ «គឺពិតជាល្អណាស់ ដែលមនុស្ស​ត្រជាក់​ក្ដៅ ដូចលោក ដូណាល់ ត្រាំ មិនត្រូវបានជ្រើសតាំង ឲ្យទទួលខុសត្រូវ ផ្នែកច្បាប់ទម្លាប់ នៅក្នុង​ប្រទេស​របស់យើង»។ នៅ​ពេលនោះហើយ ដែលបេក្ខជន មកពីគណបក្ស​សាធារណរដ្ឋ បានលើក​ឡើង​ពី​«ពន្ធនាគារ» តប​ទៅ​បេក្ខនារី មក​ពី​គណបក្ស​ប្រជាធិបតេយ្យ។

ការគម្រាមគូប្រជែងរបស់ខ្លួន ដោយការផ្តន្ទាទោស ដាក់គុកច្រវ៉ាក់ ក្នុងករណីដែលខ្លួនឈ្នះឆ្នោតនេះ មិន​ត្រឹម​តែ​រង​ការរិះគន់ ពីសំណាក់ក្រុម​អ្នកគាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​នោះទេ តែបើសូម្បីមន្ត្រីមួយចំនួន មកពី​គណបក្ស​​សាធារណរដ្ឋខ្លួនឯង ក៏បានលើកឡើងដែរថា លោក ត្រាំ កំពុងប្រព្រឹត្តិ​កំហុសមួយដ៏ធំ នៅ​ក្នុងប្រវត្តិ​សាស្ត្រ នៃការបោះឆ្នោតជ្រើសតាំង​ប្រធានាធិបតីអាមេរិក។ លោក អ័រី ផ្លេសឆ័រ (Ari Fleischer) អតីត​អ្នក​នាំ​ពាក្យ ឲ្យ​អតីត​​ប្រធានាធិបតី «George W. Bush» ដែលមកពីគណបក្សសាធារណរដ្ឋនោះ បានសរសេរនៅ​លើ​ទំព័រ​ទ្វីសធើរ (Twitter) របស់លោកថា៖ «បេក្ខជនឈ្នះឆ្នោត មិនត្រូវគម្រាម​ចាប់​អ្នក​ប្រឆាំង​ខ្លួន ដាក់គុក​ច្រវ៉ាក់​នោះ​ទេ»។

លោក អ័រី បានសរសេរទៀតថា៖ «ប្រធានាធិបតីជាប់ឆ្នោតថ្មីមួយរូប មិនគម្រាមពលរដ្ឋណាម្នាក់ តាមផ្លូវ​តុលាការ​ឡើយ។ លោក ត្រាំ កំពុងប្រព្រឹត្តិកំ​ហុស នៅត្រង់ចំណុចនេះ។»

រីឯលោក ដេវិត ហ្វ្រូម (David Frum) អតីតអ្នករៀបចំសុន្ទរកថា ឲ្យអតីតប្រធានាធិបតី «Bush» ក៏បាន​លើក​ឡើង​ដែរថា៖ «តើនរណាម្នាក់ ដែលហ៊ានទទួលតួនាទី ជារដ្ឋមន្ត្រីយុត្តិធម៌ របស់ប្រធានាធិបតីមួយរូប ដែល​ចង់​ប្រើ​ឥទ្ធិពល​របស់ខ្លួន ដើម្បីគម្រាមតាមផ្លូវតុលាការ ទៅលើគូប្រជែងនយោបាយរបស់ខ្លួន?»។

សម្រាប់លោក ផូល គ្រូជមេន (Paul Krugman) ម្ចាស់ពានណូបែលសន្តិភាព ខាងសេដ្ឋកិច្ច និងជាអ្នក​វិភាគ​ប្រចាំ​ឲ្យ​សារព័ត៌មាន «New York Times» បានបញ្ជាក់បន្ថែមថា៖ «សូមយើងទាំងអស់គ្នា យល់ឲ្យច្បាស់​ពី​រឿង​នេះ។ បេក្ខជនមួយរូប ទើបនឹងសន្យា ចាប់គូប្រជែងរបស់ខ្លួន ដាក់ពន្ធនាគារ ប្រសិនជាខ្លួន​បាន​ឈ្នះ​ឆ្នោត។ ផ្ទុយ​ទៅវិញ រឿង​ផ្សេង​ពីនេះ មិន​សំខាន់ (សម្រាប់បេក្ខជនម្នាក់នេះ) ទេ។»៕