វីដេអូ​បង្ហាញ​ពី «Galaxy Note 7» ​ផ្ទុះ​ឆេះ​ក្នុង​ភោជនីយដ្ឋាន

វីដេអូឃ្លីបថ្មីមួយ ត្រូវបានបង្ហោះ នៅលើបណ្ដាញ​ចែករំលែកវីដេអូ យូធូប (Youtube) បង្ហាញពីការផ្ទុះ ឆេះ​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង ដែលគេអាចស្គាល់ថា ជាទូរស័ព្ទ «Galaxy Note 7»។ វីដេអូនេះ បង្កការខាតបង់​មិន​តិច​ទេ សម្រាប់​សហគ្រាស ស៊ាំស៊ុង (Samsung) ដែល​ជា​សហគ្រាស​ធំ​ជាង​គេ​ក្នុងលោក ផ្នែកទូរស័ព្ទដៃ។
អ្នកបម្រើការក្នុងភោជនីយដ្ឋាន បានពាក់ស្រោមដៃ ទៅរើសទូរស័ព្ទដៃ ដែលកំពុងផ្ទុះឆេះ យកចេញទៅ។

នៅចំពោះហេតុការណ៍ដ៏អាក្រក់នេះ ក្រុមហ៊ុនយក្សខាងបច្ចេកវិទ្យា ឈ្មោះ «ស៊ាំស៊ុង (Samsung)» របស់​ប្រទេស​កូរ៉េខាងត្បូង បានបង្ខំចិត្តប្រាប់ដៃគូ (អ្នកលក់) របស់ខ្លួន ឲ្យឈប់លក់ និងប្រាប់ទៅអ្នក​ប្រើប្រាស់ ឲ្យ​ឈប់​ប្រើ​ប្រាស់​តទៅទៀត នូវទូរស័ព្ទប្រភេទ ផាប្លេត (phablette) ដ៏ទំនើបរបស់ខ្លួន គឺ «Galaxy Note 7»។

រឿងរ៉ាវបង្កាការខាត់បង់មួយនេះ បានកម្រើកមកវិញខ្លាំងក្លា បន្ទាប់ពីវីដេអូមួយ ត្រូវបានយកមកបង្ហោះ នៅ​លើ​បណ្ដាញចែកផ្សាយវីដេអូ យូធូប (Youtube) កាលពីថ្ងៃទី៨ ខែតុលានេះ។ ក្នុងវីដេអូដ៏ខ្លី ដែលមាន​មនុស្ស​ចូល​ទៅ​មើល ជាង១លានដងនោះ គេឃើញយុវតីអ្នកបម្រើការម្នាក់ នៅក្នុងភោជនីយដ្ឋាន «Burger King» នៃ​ប្រទេស​​កូរ៉េ​​ខាង​​ត្បូង ដែលមានពាក់ស្រោមដៃ បានដើរចូលទៅរើស យកទៅបោះចោល នូវទូរស័ព្ទ​មួយ​គ្រឿង ដែល​កំពុងផ្ទុះឆេះ ចេញផ្សែងទ្រលោម នៅលើតុអាហារ។

ទូរស័ព្ទដែលផ្ទុះឆេះនោះ គឺទូរស័ព្ទទើបនឹងចេញលក់ថ្មី របស់ក្រុមហ៊ុន ស៊ាមស៊ុង មានឈ្មោះ «Galaxy Note 7»។ ហើយប្រភេទទូរស័ព្ទនេះ ក៏ជាការអះអាង របស់អ្នកនាំពាក្យ របស់ក្រុមហ៊ុនកូរ៉េខាងត្បូង​មួយនេះដែរ។

វីដេអូ​បង្ហាញ​ពី «Galaxy Note 7» ​ផ្ទុះ​ឆេះ​ក្នុង​ភោជនីយដ្ឋាន

ដោយ​សារហេតុនេះ ទើបក្រុមហ៊ុន ស៊ាមស៊ុង បានប្រកាសនៅថ្ងៃអង្គារនេះ ស្នើសុំឲ្យអ្នកប្រើប្រាស់ទូរស័ព្ទ «Galaxy Note 7» ទាំងអស់ ឲ្យបិទទូរស័ព្ទប្រភេទនេះ និងឈប់ប្រើប្រាស់ សម្រាប់រយៈពេលមួយ ដែល​ក្រុមហ៊ុន​ប្រកាសថា នឹងធ្វើការស៊ើបអង្កេត ទៅលើការផ្ទុះឆេះនេះ ដែលទំនងជាបណ្ដាល មកពី​ថ្ម​របស់​ទូរស័ព្ទ។ នៅក្នុងសេចក្ដី​ប្រកាស​ព័ត៌មានដដែលនោះ សហគ្រាសយក្សខាងបច្ចេកវិទ្យា ក៏បានប្រាប់​ទៅ​ដៃគូ ជា​អ្នក​លក់​របស់ខ្លួន ឲ្យឈប់ចែកចាយទូរស័ព្ទប្រភេទនេះ ហើយអាចធ្វើការផ្លាស់ប្ដូរ ជាមួយ​ទូរស័ព្ទ​ប្រភេទ​ថ្មី​មួយ ដែលមិនមែនជា «Galaxy Note 7»។

ភ្លាមៗ ក្រោយការចេញផ្សាយព័ត៌មាន ជាផ្លូវការខាងលើនេះ ទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុន បានធ្លាក់​ចុះ​យ៉ាង​គំហុក ប្រមាណជា ៧,៦% ដែលស្មើនឹងទឹកប្រាក់ ប្រមាណជា ១៥កោដដុល្លារអាមេរិក។ ការខាតបង់នេះ នៅ​មិន​ទាន់​ចប់នៅឡើយទេ ដោយសារហេតុការណ៍ដ៏អាក្រក់នេះ កំពុងត្រូវបានតាមដាន យ៉ាង​យក​ចិត្ត​ទុកដាក់ ពី​សំណាក់អ្នកប្រើប្រាស់ នៅជុំវិញពិភពលោក ជាពិសេសអ្នកប្រើប្រាស់ ផលិតផលផ្សេងទៀត របស់​ក្រុមហ៊ុន។

ដោយឡែក សម្រាប់ម្ចាស់ភោជនីយដ្ឋាន «Burger King» ខាងលើ បានប្រកាសតាមគេហទំព័រ «Wikitree» ថា​ខ្លួនបានទាមទារឲ្យមានសំណង ពីក្រុមហ៊ុន ស៊ាមស៊ុង ទាក់ទងនឹងតុអាហាររបស់ខ្លួន ដែល​រង​ការ​ខូច​ខាត៕