ខណៈ​នេះ​សមត្ថកិច្ច​ចុះ​ទៅ​ព្រោងព្រាត​ជុំវិញ​បរិវេណ​សណ្ឋាគារ​អាំង​ទែ​រ​កុង​ទី​ណ​ង់​តា​ល់

រាជធានី​ភ្នំពេញ ៖ ខណៈ​ពេល​នេះ សមត្ថកិច្ច​ខណ្ឌចំការមន​បាន​ចុះ​ទៅ​ព្រោងព្រាត​ជុំវិញ​បរិវេណ​សណ្ឋាគារ​អាំង​ទែ​រ​កុង​ទី​ណ​ង់​តា​ល់​ស្ថិត​ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​ប្រមាណ​៤​រសៀល ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៦ ។

លោក ព្រុំ សំខាន់ អភិបាល​ខណ្ឌចំការមន បាន​ឲ្យ​ដឹង​ថា ការ​ចុះ​ជុំវិញ​បរិវេណ​សណ្ឋាគារ​អាំង​ទែ​រ​កុង​ទី​ណ​ង់​តា​ល់​នេះ​គឺ​ចុះ​មក​ធ្វើ​រដ្ឋបាល​ដើម្បី​ងាយស្រួល​ក្នុង​ការ​រៀបចំ​សណ្ដាប់ធ្នាប់​មុន​ពេល​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់​ប្រធានាធិបតី​នៃ​សាធារណៈរដ្ឋ​ប្រជា​មា​និត្យ​ចិន លោក ស៊ី ជិន​ពីង នៅ​កម្ពុជា ។

លោក​អភិបាល​ខណ្ឌ​បន្ត​ថា ការ​ចុះ​ធ្វើ​រដ្ឋបាល​នេះ​គឺ​ធ្វើការ​ណែនាំ​ដល់​ផ្ទះ​លក់ដូរ ការដ្ឋាន​សំណង់ និង​ជា​ពិសេស​កន្លែង​លក់​សាំង ហ្គា​ស ដែល​នៅ​ជុំវិញ​នេះ​ឲ្យ​ផ្អាក​ការ​លក់ដូរ​រយៈពេល​២​ថ្ងៃ​គឺ​ថ្ងៃ​ទី​១៣ និង​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៦ ដើម្បី​ងាយស្រួល​ក្នុង​រៀបចំ​សណ្ដាប់ធ្នាប់​ក្នុង​ការ​ទទួល​ស្វាគមន៍​លោក ស៊ី ជិន​ពីង ប្រធានាធិបតី​នៃ​សាធារណៈរដ្ឋ​ប្រជា​មា​និត្យ​ចិន ដែល​មក​ទស្ស​និក​ច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ៕