វី​ដេ​អូ​ធ្វើ​ត្រាប់​ពី​សកម្មភាព​ចាក់​កម្ទេច​កែវភ្នែក​សម្លាប់​ប្តី​-​ប្រពន្ធ​ដើរ​រក​ខ្យង​ពេល​យប់​យ៉ាង​ឃោរឃៅ

ខេត្តព្រៃវែង ៖ ជុំវិញ​រឿង​ឃាតកម្ម​យ៉ាង​ឃោរឃៅ​មកលើ​ជន​រង​គ្រោះ​២​នាក់​ប្តី​-ប្រពន្ធ​ដើរ​រក​ខ្យង​ពេល​យប់សម្លាប់​ចាក់​កម្ទេច​កែវភ្នែក​ទាំង​២ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​ចំណុច​វាលស្រែ​ខាងលិច ​ភូមិ​ព្រៃ​ផ្តៅ ឃុំ​កញ្ជ្រៀច ស្រុក​កញ្ជ្រៀច និង​មាន​ចម្ងាយ​ប្រមាណ​៨៥០​ម៉ែត្រ​ពី​ផ្ទះ​ជន​រង​គ្រោះ កាល​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១៦ ។ ពេលនេះឃាតករត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ ក្រោយ​ពី​ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត​អស់​រ​យៈ​ពេល​២​យប់​២​ថ្ងៃ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​១១ តុលា នេះ សមត្ថកិច្ច​ក៏​បាន​នាំ​ខ្លួន​ជនសង្ស័យ​ជា ឃាតករ មក​ធ្វើ​ត្រាប់​ពីសកម្មភាព​សម្លាប់​យ៉ាង​ឃោរឃៅ​ឡើង​វិញ​។

សូម​ជម្រាប​ឡើង​វិញ​ថា មុន​ការ​ប្រទះ​ឃើញ​សាកសព​២​នាក់​ប្តី​ប្រពន្ធ​នេះ​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​៨ តុលា ទាំង​២​នាក់​ប្តី​ប្រពន្ធ​បាន​នាំ​គ្នា​ទៅ​រក​ខ្យង ត្រី តាម​ទម្លាប់​នៅ​វេលា​ម៉ោង​ប្រមាណ​២១ ហើយ​ក៏​បាន​បាត់​មិនឃើញ​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​ទេ ។ ស្ត្រី​ចំណាស់​ជា​ម្តាយ​ដែល​មានផ្ទះ​នៅ​ទីទៃ​ពី​គ្នា​បាន​ដើរមក​សួរ​ពួក​ចៅ​ៗ ព្រោះ​បាត់​ឪពុក​ម្តាយ​ពួក​គេ​មិនឃើញ​ត្រឡប់​មក​ផ្ទះ​ដូច​សព្វមួយដង ។ ដោយ​មានការ​សង្ស័យ​ក៏​នាំ​គ្នា​តាម​រក​រហូត​ដល់​ម៉ោង​១០​ព្រឹក​ទើប​ប្រទះ​ឃើញ​សាកសព​ទាំង​២​នាក់ ។ ជន​រង​គ្រោះ​ប្រពន្ធ​ឈ្មោះ កាក់ ប៊ុ​ន​ថា​ន អាយុ​៤៨​ឆ្នាំ និង​ប្តី​ឈ្មោះ មាន យ៉​ន អាយុ​៤៣​ឆ្នាំ ។

ប្រភព​ពី​លោក​វរសេនីយ៍ឯក ពៅ ជីវី នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​បានអោយ​ដឹង​ថា ឃាតករ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន មានឈ្មោះ ឆាយ ហេង ហៅ តឹង អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ជាមួយ​គ្នា​នឹង​ជន​រង​គ្រោះ​។

លោក​បាន​បញ្ជាក់​ទៀត​ថា តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ មូលហេតុ​ដែល​រូបគេ​សម្លាប់​ជន​រង​គ្រោះ គឺ​ដោយសារ​តែ​រូបគេ​មាន គំនុំ​ខឹង​នឹង​ស្ត្រី​ជា​ប្រពន្ធ ដែល​រាល់ពេល​រូបគេ បបួល​ជន​រង​គ្រោះជា​ប្តី​ទៅ​ផឹក​ជាមួយ​ម្តង​ៗ ស្ត្រី​ជា​ប្រពន្ធ តែងតែ​ទៅ​ជេរ​ប្រមាថ​មក​លើ​រូបគេ ជា​រឿយ​ៗ រឿង​បបួល​ប្តី​ខ្លួន​ផឹក ទើប​ធ្វើ​អោយ​រូបគេ​ខឹង ចង គំនុំ ហើយ​ប៉ុនប៉ង ចាំ​ឱកាស​សម្លាប់​ចោល​តែ​ម្តង ។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​សម្លាប់​ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ហើយ ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ​ធ្វើ​ដូច​ធម្មតា ហើយ​ក៏​មិន​បានរ​ត់ទៅ​ណា​ដែរ ព្រោះ​ខ្លាច​គេ​សង្ស័យ​។ ប៉ុន្តែ​តាម​រយៈ​ការ​ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត នៅ​ក្នុង​មូលដ្ឋាន​កើតហេតុ និង​ដោយ​មានការ​បំភ្លឺ​ពី​សាក្សី​អ្នកស្រុក​ចំនួន​៦​នាក់ រួម​ទាំង​ប្រពន្ធ​ជនសង្ស័យ​ផង ទើប​ធ្វើ​អោយ​សមត្ថកិច្ច​អាច​ឈាន​ទៅ​កំណត់​មុខសញ្ញា​ជនសង្ស័យ​បាន រហូត​ដល់​ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅ​ល្ងាច​ថ្ងៃ​ទី​១០ តុលា ២០១៦ ។

បើ​តាម​វី​ដេ​អូ ដែល​សមត្ថកិច្ច​ថត​ត្រាប់​សកម្មភាព​របស់​ឃាតករ សម្លាប់​២​នាក់​ប្តី​-​ប្រពន្ធ វាយ​កម្ទេច​ភ្នែក​ទាំង​២ បាន​បង្ហាញ​ថា នៅ​យប់​កើតហេតុ ពេល​ដែល​ស្ត្រី​រង​គ្រោះ​ចេញ​ទៅ​ឆ្លុះត្រី នៅ​វាលស្រែ​តែ​ម្នាក់ឯង ប្តី​ទៅ​តាម​ក្រោយ ពេល​នោះ​ជនសង្ស័យ ឃើញ​ស្ងាត់​ឱកាសល្អ រូបគេ​ក៏​ធ្វើ​សកម្មភាព ចាប់​ស្ត្រី​រង​គ្រោះ ជ្រមុជ​ទឹក​រហូត​ស្លាប់ ដោយ​មុន​នឹង​ស្លាប់ ស្ត្រី​រង​គ្រោះ​មានការ​ប្រតាយប្រតប់​ជាមួយ​ឃាត​ករ យ៉ាង​ខ្លាំង​ផង​ដែរ ហើយ​ពេល​ជន​រង​គ្រោះ ជា​ប្តី​ទៅ​ទាន់ ទើប​មានការ​ប្រតាយប្រតប់​គ្នា​ទៀត ប៉ុន្តែ​មិន​ឈ្នះ ទើប​២​នាក់​ប្តី​ប្រពន្ធ​ក៏​ត្រូវ​ជនល្មើស ចាប់​ជ្រមុជ​ទឹក​រហូត​ដល់​ស្លាប់​ទាំង​២ ។

ដើម្បី​អោយ​កាន់តែ​ច្បាស់​សូម​ទស្សនា​វី​ដេ​អូ​ឃ្លី​ប ការ​ត្រាប់​ពី​សកម្មភាព​របស់​ជនសង្ស័យ​សម្លាប់​ជន​រង​គ្រោះ​ទាំង​២​នាក់ មាន​ដូច​ខាងក្រោម ៖