ប្រធានាធិបតី​រុ​ស្ស៊ី​និង​តួ​ក​គី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​កសាង​បំពង់​បង្ហូរ​ឧស្ម័ន​TURKSTREAM

ប្រធានាធិបតី​តួ​ក​គី​លោក​វី​ស៊ី​ប​តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន និង​សម​ភាគី​រុ​ស្ស៊ី​លោក​វ្លា​៉​ឌី​មៀរ ពូ​ទី​ន បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​១០ តុលា នៅ​ទីក្រុង​អីុ​ស្តង់​ប៊ុល ក្រោយ​ការ​ជួប​ពិភាក្សា​គ្នា​លើ​កិច្ចព្រមព្រៀង​មួយ​ស្តី​ពី​គម្រោង​កសាង​បំពង់​បង្ហូរ​ឧស្ម័ន TURKSTREAM ដែល​នឹង​អាច​បញ្ជូន​ឧស្ម័ន​ធម្មជាតិ​រុ​ស្ស៊ី​ទៅ​កាន់​តួ​ក​គី​ហើយ​អាច​ទៅ​កាន់​អឺរ៉ុប​ផង ។

ក្នុង​ពិធី​ចុះហត្ថលេខា​លោក​អ័​រ​ដូ​ហ្គា​ន​ថ្លែង​ថា ខ្ញុំ​មាន​ជំនឿ​មុតមាំ​ថា ដំណើរការ​ធ្វើ​ឱ្យ​មាន​ប្រក្រតី​ភាព​ឡើង​វិញ​នៃ​ទំនាក់ទំនង​រវាង​តួ​ក​គី​និង​រុ​ស្ស៊ី​នឹង​បន្ត​ទៅ​មុខ ។  ចំណែក​លោកពូ​ទី​ន គូសបញ្ជាក់​ថា ក្នុង​ក្រប​ខណ្ឌ​នៃ​គម្រោង TURKSTRAM យើង​ក៏​យល់​ស្របគ្នា​ដែរ​លើ​ការ​តថ្លៃ​គ្នា​លើ​តម្លៃ​ឧស្ម័ន​ធម្មជាតិ​លក់​ឱ្យ​តួ​ក​គី ។

គម្រោង TURKSTREAM ដែល​ក្នុង​ក្រប​ខណ្ឌ​នៃ​គម្រោង​នោះ​ឧស្ម័ន​រុ​ស្ស៊ី​នឹង​បញ្ជូន​ឆ្ពោះទៅ​តួ​ក​គី​និង​អឺរ៉ុប​កាត់​ក្រោម​សមុទ្រ​ខ្មៅ​ត្រូវ​បាន​ជំរុញ​ដោយ​លោកពូ​ទី​ន កាលពី​ឆ្នាំ​២០១៤ ដើម្បី​ជំនួស​គម្រោង​កសាង​បំពង់​បង្ហូរ​ឧស្ម័ន SOUTH STREAM ដែល​ពេល​នេះ​ត្រូវ​បោះបង់​ចោល ខណៈ​បំពង់​បង្ហូរ​ឧស្ម័ន​នោះ​ត្រូវ​ឆ្លងកាត់​ប្រទេស​ប៊ុល​ហ្គា​រី ។

គម្រោង​TURKSTREAM ត្រូវ​ផ្អាក​ចាប់តាំងពី​តួ​ក​គី​បាញ់​ធ្លាក់​យន្តហោះ​ប្រដេញ​រុ​ស្ស៊ី​មួយ​គ្រឿង​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៥ ក៏​ប៉ុន្តែ​ការ​ចរចា​បាន​ធ្វើ​ឡើង​វិញ​ពេល​ក្រុង​អង់កា​រ៉ា​និង​ក្រុង​មូ​ស្គូ សម្រេច​ស្តារ​ឡើង​វិញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២​កាលពី​ដំណាច់ខែ​មិថុនា ។

វត្តមាន​របស់​លោកពូ​ទី​ន​នៅ​ទីក្រុង​អុ​ី​ស្តង់​ប៊ុល​ដើម្បី​ចូលរួម​ក្នុង​សមាជ​ពិភពលោក​ស្តី​ពី​ថាមពល​លើក​ទី​២៣ និង​ការ​ជួប​គ្នា​លើក​ទី​៣​របស់​លោក​ជាមួយ​លោក​អ័​រ​ដូ​ហ្គា​ន រយៈពេល​២​ខែ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​សញ្ញា​យ៉ាង​ច្បាស់​មួយ​នៃ​ការ​ជំរុញ​ឡើង​វិញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២ ។

មេដឹកនាំ​ទាំង​២​ក៏​ប្រកាស​ផង​ដែរ​ថា​បាន​ពិភាក្សា​លើ​គ្រប់​ទិដ្ឋភាព​នៃ​បញ្ហា​ស៊ី​រី ។ លោកពូ​ទី​ន​ថ្លែង​ថា មេដឹកនាំ​ទាំង​២​បាន​ព្រមព្រៀងគ្នា​ថា ការ​បង្ហូរឈាម​ក្នុង​តំបន់​ត្រូវ​តែ​បញ្ឈប់​ឱ្យ​បាន​ឆាប់ ។  លោក​គូសបញ្ជាក់​ថា ខ្ញុំ​បាន​ជម្រាប​លោក​អ័​រ​ដូ​ហ្គា​ន​ពី​សំណើ​របស់​យើង​ចំពោះ​សហរដ្ឋអាមេរិក​ស្តី​ពី​ការ​ធានា​សន្តិសុខ​ដល់​ការ​ផ្តល់​ជំនួយ​មនុស្សធម៌​តែ​លោក​សម្តែង​ការ​សោកស្តាយ​ដែល​សហរដ្ឋអាមេរិក​ពុំ​ឆ្លើយ​តប​សំណើ​នោះ​របស់​រុ​ស្ស៊ី ។

ចំណែក​លោក​អ័​រ​ដូ​ហ្គា​ន​វិញ​ថ្លែង​ថា រូប​លោក​និង​ប្រធានាធិបតី​រុ​ស្ស៊ី​បាន​ព្រមព្រៀង​គ្នា​ពង្រីក​យុទ្ធសាស្ត្រ​ថ្មី​ដើម្បី​ផ្តល់​ជំនួយ​មនុស្សធម៌​នៅ​ស៊ី​រី ជា​ពិសេស​ដល់ទី​ក្រុង​អា​ឡែ​ប​ដែល​ជាប់​ការ​ឡោម​ព័ទ្ធ ។

ការ​ខ្វែងគំនិត​គ្នា​លើ​ការ​ប្រយុទ្ធ​នៅ​ក្រុង​អា​ឡែ​ប​ឈាន​ទៅ​ដល់​ការ​បញ្ឈប់​ការ​ចរចា​រវាង​ក្រុង​មូ​ស្គូ​និង​ក្រុង​វ៉ា​ស៊ី​ន​តោន ។ លោក​អ័​រ​ដូ​ហ្គា​ន​អះអាង​ប្រាប់​លោកពូ​ទី​ន​ពី​ព័ត៌មាន​នានា​ទាក់ទិន​ដល់​ប្រតិបត្តិការ​យោធា​របស់​តួ​ក​គី​នៅ​ស៊ី​រី​ដែល​បើក​ធ្វើ​ពី​ថ្ងៃ​ទី​២៤ សីហា​មក​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​និង​ពួក​ជីវពល​ឃើ​ត​ស៊ី​រី ៕