ចោរ​រួចខ្លួន ម្ចាស់​ជាប់គុក

ចោរ​រួចខ្លួន ម្ចាស់​ជាប់គុក



សៀមរាប​: សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ចាត់​អោយ លោក​ឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប ចុះ​ពិនិត្យ​ស្រាវជ្រាវ​មើល​រឿង ដ៏​អយុត្តិធម៌​មួយ គឺ​ឈ្មោះ ប្រាក់ សង្វាត ភេទ​ស្រី អាយុ​៤៦​ឆ្នាំ ដែល​ជា​ស្ត្រី​មេម៉ាយ មានកូន​៤​នាក់ មាន​ទីលំនៅ​ភូមិ​អ​ញ្ជា​ញ សង្កាត់​នគរធំ ក្រុង​សៀមរាប ខេត្តសៀមរាប ដែល​តុលា​រការ ខេត្តសៀមរាប​ឃុំខ្លួន​។

លោក​ឧកញ៉ា សៀង ណាំ បាន​មាន​ប្រសាសន៍​ថា លោក​ក៏​បាន​ស្រាវជ្រាវ​បន្ទាន់ ហើយ​ក៏​បាន​ឲ្យ​មេធាវី ឈាង ប៊ុ​ណា ធ្វើ​លិខិត​សុំ​ដោះ​លែង អោយ​នៅ​ក្រៅ​ឃុំ ដើម្បី​ឲ្យ​ឈ្មោះ ប្រាក់ សង្វាត បាន​ចេញពី​ពន្ធនាគារ ដើម្បី​មក​តតាំង​ក្តី​។ ការ​ស្នើ​សុំ​របស់​មេធាវី តុលាការ ក៏​បាន​ដោះ​លែង​ឈ្មោះ ប្រាក់ សង្វាត កាលពី​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៦​។

លោក​ឧកញ៉ា សៀង ណាំ ដែល​បាន​ស្រាវជ្រាវ​ដឹង តាម​រយៈ​មេធាវី  សូម​ជំរាប​អង្គហេតុ​ពិតប្រាកដ នៅ​ក្នុង​រឿង​នេះ​ថា មាន​គ្រូ​ចូល​រូប​ខាង​បារមី​ម្នាក់ ឈ្មោះ ឈិ​ត ស្រី​នាង ភេទ​ស្រី និង​បក្ខពួក ២ នាក់​ទៀត គឺ​ឈ្មោះ លី ធា​រី ភេទ​ប្រុស និង​ឈ្មោះ កេ​ត វីឡា ភេទ​ប្រុស ។ ដោយឡែក​ឈ្មោះ លី ធា​រី ភេទ​ប្រុស ជា​ក្មួយបង្កើត​របស់​ឈ្មោះ ប្រាក់ សង្វាត បាន​មក​ប្រាប់​ឈ្មោះ ប្រាក់ សង្វាត ថា​ពួក​គេ​ជីក​បាន​កំណប់​កេស​សំ​រិ​ទ្ធ មាន​អាយុកាល ១.៥០០០ ឆ្នាំ ។

រឿង​ពិត​នោះ បានដឹង​ថា នៅ​ពេល​នោះ ទាំង​គ្រូទាយ​ស្រី និង​បក្ខពួក​ទាំង​ពីរ​នាក់​ទៀត បានអោយ ឈ្មោះ ប្រាក់ សង្វាត ដើរ​គៀងគរ​បងប្អូន​ប្រជាពលរដ្ឋ ជា​ច្រើន​នាក់​ទៀត អោយ​ប្រមូល​លុយ​គ្នា អោយ​បាន​ច្រើន ដើម្បី​ដាក់​ក្នុង​កេស​សំ​រិ​ទ្ធ​នោះ ដើម្បី​ធ្វើ​អោយ​ចំនួន​លុយ កើនឡើង ហើយ​ទទួល​បាន​សេចក្តីសុខ សប្បាយ នៅ​ពេល​អ្នក​ដាក់​លុយ បើក​កេស​សំ​រិ​ទ្ធ តាម​ការ​យល់​សុបិន ឬ​តាម​គេ​មក​ប្រាប់​។

នៅ​ពេល​ឮ​សូរ​គ្រូទាយ និង​បក្ខពួក ២ នាក់​ទៀត និយាយ​យ៉ាង​ដូច្នោះ ឈ្មោះ ប្រាក់ សង្វាត បាន​គៀងគរ​បងប្អូន​របស់​គាត់ ជា​ច្រើន​អ្នក ហើយ​ប្រមូល​បាន​ថវិកា ចំនួន ១០ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក យក​មក​តម្កល់ ក្នុង​កេស​សំ​រិ​ទ្ធ​នោះ តាម​អ្វី​ដែល​គ្រូទាយ និង​បក្ខពួក​ប្រាប់ ដើម្បី​អោយ​រកស៊ី​ត្រជាក់ ត្រជុំ មានបាន និង​មានការ​កើនឡើងចំនួន​លុយ​ថែម​ទៀត​។

ក្នុង​ការ​តម្កល់​លុយ​នោះ មិន​មាន​រយៈពេល​កំណត់​ទេ ទាល់តែ​បារមី​សណ្ឋិត​ប្រាប់ ទើប​ម្ចាស់​លុយ អាច​បើក​យក​លុយ​នោះ បាន​មក​វិញ​។ ប៉ុន្តែ​ដោយ​រង់ចាំ​យូរ​ពេក អស់​រយៈពេល​ជាង ១ ឆ្នាំ មិនឃើញ​បារមី សណ្ឋិត​ប្រាប់​អោយ​បើក  ឈ្មោះ​ប្រាក់ សង្វាត ក៏​មានការ​សង្ស័យ ហើយ​ក៏​ទៅ​បើក​មើល ទូ​តម្កល់​លុយ​នោះ ស្រាប់តែ​ឃើញ​លុយ​ទាំងអស់ សុទ្ធតែ​លុយ​ក្លែងក្លាយ មិនឃើញ​លុយ​ពិត ដែល​បាន​ដាក់​តម្កល់​នោះ​ទេ​។ មាន​ន័យ​ថា លុយ​ចំនួន ១០ ម៉ឺន​ដុល្លារ​នោះ ត្រូវ​បាន​គ្រូទាយ និង​បក្ខពួក​នោះ យក​ទៅ​បាត់​ហើយ​។

ចាប់ពី​ពេល​នោះ​មក ឈ្មោះ ប្រាក់ សង្វាត ក៏​បានដឹង​ខ្លួន​ថា ចាញ់បោក​គ្រូ​ចូល​រូប​នោះ ហើយ​ក្រោយមក ក៏​បាន​ប្តឹង​មក​សមត្ថកិច្ច ហើយ​សមត្ថកិច្ច ក៏​នាំ​ខ្លួន ឈិ​ត ស្រី​នាង (​គ្រូ​ចូល​រូប​) និង លី ធា​រី (​ក្មួយបង្កើត ប្រាក់ សង្វាត​) និង​ឈ្មោះ កេ​ត វីឡា មក​តុលាការ​ខេត្តសៀមរាប​។ ចុង​ក្រោយ តុលាការ​ខេត្តសៀមរាប បាន​កាត់ក្តី អោយ​អ្នក​ទាំង ៣ ជាប់​ពន្ធនាគារ រយៈពេល​មួយ​ឆ្នាំ តែ​ទោស​ជាប់​ពន្ធនាគារ ជាប់​តែ​៦​ខែ ឯ​ទោស​៦​ខែ​ទៀត ត្រូវ​ព្យួរ​។

នៅ​ពេល​ដែល​អ្នក​ទាំង ៣ ចេញពី​ពន្ធនាគារ គឺ​ឈ្មោះ លី ធា​រី  បាន​ប្តឹង​មីង​របស់​ខ្លួន​ឈ្មោះ ប្រាក់ សង្វាត ទៅ​តុលាការ ចោទប្រកាន់ ប្រាក់ សង្វាត ដែល​ជា​មីង​របស់​ខ្លួន​ពី​បទ​ឆបោក​ប្រាក់​ចំនួន​៥​ម៉ឺន ដុល្លារ​ទៅ​វិញ ព្រោះថា​ការ​ប្តឹង​នោះ​គឺ​ឈ្មោះ លី ធា​រី ចោទ​ថា​ក្នុង​កេស​សំ​រិ​ទ្ធ​នោះ កាលពី​ដាក់​លុយ​ដំបូង រូបគេ និង​បក្ខពួក បាន​ដាក់​លុយ​តម្កល់ ក្នុង​កេស​សំ​រិ​ទ្ធ ចំនួន ៥ ម៉ឺន​ដុល្លារ​ដែរ​។

ក្នុង​ដំណាក់កាល​តម​ក គឺ​ឈ្មោះ ប្រាក់ សង្វាត ត្រូវ​បាន​តុលាការ ចាប់​ឃុំ​ដាក់​ពន្ធនាគារ កាលពី​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៦ នូវ​បទ​ឆបោក​ប្រាក់​ពី​ឈ្មោះ លី ធា​រី ទៅ​វិញ ។ ការ​ឃុំខ្លួន​នោះ គឺ​ធ្វើ​ឡើង​ដោយ​ចៅក្រម គឺ​លោកស្រី ជុំ សង្វារ ចៅក្រម​ស៊ើបសួរ អម​សាលាដំបូង​ខេត្តសៀមរាប ។ ដោយសារ​ឈ្មោះ ប្រាក់ សង្វាត ជាប់​ពន្ធនាគារ ដោយ​អយុត្តិធម៌ រូប​គាត់ ក៏​ពឹងពាក់​ត​គ្នា អោយ​ប្រព័ន្ធ​ព័ត៌មាន ជួយ​ផ្សាយ​រឿង​ពិត​ខាងលើ​នេះ​។ ការ​ផ្សាយ​នេះ ត្រូវ​បាន​សម្តេច​កិត្តិ​ព្រឹទ្ធ បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ដឹង​ពី​ព័ត៌មាន​នេះ ក៏​បាន​បញ្ជា​អោយ​លោក​ឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ មណ្ឌល​សៀមរាប ស្រាវជ្រាវ​ករណី​នេះ​បន្ទាន់ ទើបបាន​លោក​រក​មេធាវី អោយ​ធានា​ឈ្មោះ ប្រាក់ សង្វាត អោយ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន នៅ​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៦​។

រឿង​ដ៏​ចម្លែក​ដែល​ពី​ស​ទៅ​ខ្មៅ ពី​ខ្មៅ​ទៅ​ស ត្រូវ​បាន​ខាង​ជន​រង​គ្រោះ ក៏​ដូច​លោក​ឧកញ៉ា សៀង ណាំ និយាយ​ថា ចោរ​រួចខ្លួន ម្ចាស់​ជាប់គុក​។ នៅ​ពេល​ចេញពី​ពន្ធនាគារ គឺ​នៅ​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៦ គឺ​លោក​ឧកញ៉ា សៀង ណាំ បាន​ហៅ​ឈ្មោះ ប្រាក់ សង្វាត និង​បងប្អូន​សាច់ញាតិ ប្រមាណ​ជា ១០​នាក់​ផ្សេង​ទៀត មក​ពិសា​របាយ​សាមគ្គី នៅ​សណ្ឋាគារ​ស៊ី​ធី​អង្គរ និង​ផ្តល់​ប្រាក់​ចំនួន ២០០ ដុល្លារ ជូន​ទៅ​លោកស្រី ប្រាក់ សង្វាត ផង​ដែរ​។ លោក​ឧ​ញ៉ា សៀង ណាំ ក៏​បាន​ហួសចិត្ត អំពី​រឿង​នេះ ហើយ​គាត់​សួរ​ខ្លួនឯង​ថា តើ​រឿង​បែប​នេះ នៅ​សល់​ប៉ុន្មាន​ករណី​ទៀត​៕