កម្មករ​រោងចក្រ ចំនួន​៥៥​នាក់ រង​របួសធ្ងន់​ស្រាល ដោយសារ​ក្រឡាប់​រថយន្ត នៅ​ក្រុង​បា​វិត

កម្មករ​រោងចក្រ ចំនួន​៥៥​នាក់ រង​របួសធ្ងន់​ស្រាល ដោយសារ​ក្រឡាប់​រថយន្ត នៅ​ក្រុង​បា​វិត



ស្វាយ​រៀង​: យ៉ាង​ហោច​ណាស់ កម្មករ​.​កម្មការិនី រោងចក្រ​ចំនួន ៥៥ នាក់ (​ជាបឋម​) បាន​រង​របួសធ្ងន់ និង​ស្រាល ដោយសារ​គ្រោះថ្នាក់ ក្រឡាប់​រថយន្ត​ដឹក​កម្មករ ខណៈ​ពេល​ដែល​កម្មករ ទាំង​អស់នោះ កំពុង​ជិះ​នៅ​ក្នុង​រថយន្ត ដើម្បី​ធ្វើ​ដំណើរ​ទៅ​ធ្វើការ នៅ​តាម​រោងចក្រ​នានា នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុង​បា​វិត​។

សមត្ថកិច្ច បានឱ្យ​ដឹង​ថាៈ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បាន​បណ្ដាល​ឱ្យ​ក្រឡាប់ រថយន្ត​ដឹក​កម្មករ​នេះ បាន​កើតឡើង នៅ​វេលា​ម៉ោងជាង ៧ ព្រឹក​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៦​នេះ នៅ​លើ​ផ្លូវ​ចាក់​បេតុង បត់​ចូល​ផ្សារ​ថូ​ម៉ាក់ ក្រុង​បា​វិត ស្ថិត​ក្នុងភូមិ​គោក​ល្វាង សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បា​វិត ខេត្តស្វាយរៀង​។

ប្រភព​ខាងលើ បានឱ្យ​ដឹង​ទៀត​ថាៈ នៅ​មុន​ពេល​កើតហេតុ រថយន្ត​បង្កហេតុ បាន​ដឹក​កម្មករ ចេញពីផ្ទះ​ដូច​សព្វមួយដង ដែល​ភាគច្រើន អ្នកមាន​ទីលំនៅ​ក្នុង​ឃុំ ច្រេស និង​ឃុំ​មេ​.​ស​.​ថ្ង​ក ស្រុក​ច​ន្ទ្រា ។ លុះ​មក​ដល់​កន្លែង​កើតហេតុ តៃកុង​រថយន្ត បាន​បត់​ស្តាំ ដោយ​បួង​ចង្កូត​ខ្លាំង គួប​ផ្សំ​នឹង​ល្បឿន​លឿន​ផង​នោះ ក៍​បណ្តាល​ឱ្យ​រថយន្ត​ក្រឡាប់ ទៅ​បុក​នឹង​រាន​ទេវតា ហើយ​ជះ​កម្មករ ដែល​នៅ​លើ​រថយន្ត​នោះ រេល​ពេញ​ផ្លូវ​បេតុង ចូល​ផ្សារ​ថូ​ម៉ាក បណ្តាល​ឱ្យ​មាន​មនុស្ស រង​របួស​ទាំង​ធ្ងន់ និង​ស្រាល រហូត​ដល់ ៥៥ នាក់​។

សមត្ថកិច្ច បាន​បន្ត​ទៀត​ថាៈ រថយន្ត​បង្កហេតុ​ខាងលើ ពាក់​ស្លាក​លេខ​ភ្នំពេញ ៣B៩១៤៣ ចំណុះ​២​តោន​កន្លះ បើកបរ​ដោយ​បុរស​ម្នាក់ ឈ្មោះ នុ​ត ណាគ្រី អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយ​គុយ ឃុំ មេ​.​ស​.​ថ្ង​ក ស្រុក​ច​ន្ទ្រា ខេត្តស្វាយរៀង​។ ក្រោយ​កើតហេតុ តៃកុង​រថយន្ត បាន​រត់​បាត់​ស្រមោល​។ រី ឯ​រថយន្ត ត្រូវ​បាន​សមត្ថកិច្ច យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល សង្កាត់​ព្រៃ​អ​ង្គុ​ញ ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​ផ្លូវច្បាប់​។ 

ក្រោយ​កើត​មាន​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ លោក ម៉ែ​ន វិបុល អភិបាល​ខេត្តស្វាយរៀង រួម​ដំណើរ​ដោយ​អភិបាលរង​ខេត្ត​. ប្រធាន​មន្ទីរ​មួ យ​ចំនួន នៅ​ក្នុង​ខេត្ត ក៍បាន​អញ្ជើញ ចុះ​សួរសុខទុក្ខ និង​នាំ​យក​នូវ​ថវិកា​មួយ​ចំនួន យក​ទៅ​ចែក​ជូន​ដល់​កម្មករ ដែល​កំពុង​សម្រាក​ព្យាបាល មុ ខរ​បួស នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ចំនួន​២៤​នាក់ មន្ទីរពេទ្យ​បង្អែក​ជី​ភូ ចំនួន​៣១​នាក់ អ្នក​រង​របួសធ្ងន់​ទទួល​បាន​ថវិកា​ម្នាក់​ៗ ៣០ ម៉ឺន​រៀល អ្នក​រង​របួសស្រាល ម្នាក់​ៗ ១៥ ម៉ឺន​រៀល ផង​ដែរ​៕