មន្ត្រី​ជំនាញ​ចង់​ឲ្យ​មាន​អ្នក​ជំនាញ​ខាង​វាយ​តម្លៃ​ផល​ប៉ះពាល់​លើ​លិខិត​បទដ្ឋាន​គតិយុត្តិ​បន្ថែម

មន្ត្រី​ជាង ១០០​នាក់​ដែល​ជំនាញ​ខាង​វាយ​តម្លៃ​ផល​ប៉ះពាល់​ទៅ​លើ​លិខិត​បទដ្ឋាន​គតិយុត្តិ​ផ្សេងៗ​មក​ពី​ក្រសួង​ចំនួន​១៤ របស់​រដ្ឋាភិបាល បាន​ជួបជុំ​គ្នា​នៅ​ក្នុង​ដំណើរ​កម្មសិក្សា​ឯ​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​១១ ខែ​តុលា។ ដំណើរ​សិក្សា​ដែល​មាន​ទិសដៅ​ជំរុញ​ឲ្យ​មាន​អ្នក​ជំនាញ​ខាង​វាយ​តម្លៃ​ផល​ប៉ះពាល់​ទៅ​លើ​លិខិត​បទដ្ឋាន​គតិយុត្តិ​កាន់​តែ​ច្រើន​ថែម​ទៀត​សម្រាប់​កម្ពុជា ក្នុង​ពេល​អនាគត​នោះ គឺ​រៀបចំ​ដោយ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ឧបត្ថម្ភ​ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB)

មន្ត្រី​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ថ្លែង​ថា រដ្ឋាភិបាល​កំពុង​ប្រឹងប្រែង​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ឲ្យ​មាន​ជំនាញ​ខាង​វាយ​តម្លៃ​លើ​ផល​ប៉ះពាល់​នៃ​សេចក្តី​ព្រាង​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា ឲ្យ​មាន​នៅ​គ្រប់​ក្រសួង​ទាំងអស់​សម្រាប់​ពេល​អនាគត។

ការ​ជំរុញ និង​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​ផ្នែក​វាយ​តម្លៃ​ផល​ប៉ះពាល់​ទៅ​លើ​លិខិត​បទដ្ឋាន​គតិយុត្តិ​ឲ្យ​មាន​នៅ​គ្រប់​ក្រសួង​នេះ គឺ​ដើម្បី​ឲ្យ​សាមី​ក្រសួង​នីមួយៗ​អាច​យល់​ដឹង​ក្នុង​ការ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់ ឬ​ក៏​លិខិត​បទដ្ឋាន​ដែល​ពាក់ព័ន្ធ​នានា ឲ្យ​ជៀស​ផុត​ពី​ការ​ប៉ះពាល់​ទាំងឡាយ​នៅ​ក្នុង​ការ​រួម​គ្នា​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​ជាតិ។

អនុប្រធាន​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី គឺ​លោក យឹម ណុលសន។ លោក​មាន​ប្រសាសន៍​បន្ទាប់​ពី​ថ្លែង​បើក​ដំណើរ​ការ​សិក្សា​ស្ដីពី​ការ​វាយ​តម្លៃ​លើ​ផល​ប៉ះពាល់ នៃ​លិខិត​បទដ្ឋាន​គតិយុត្តិ​នៅ​ឯ​ខេត្ត​សៀមរាប នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១១ ខែ​តុលា ថា កម្ពុជា កំពុង​ត្រូវ​ការ​ធនធាន​មនុស្ស​ផ្នែក​បច្ចេកទេស​វាយ​តម្លៃ​លើ​ផល​ប៉ះពាល់​នៃ​លិខិត​បទដ្ឋាន​គតិយុត្តិ ឲ្យ​មាន​នៅ​គ្រប់​ក្រសួង​ទាំងអស់​សម្រាប់​អនាគត។ ក្រុម​បច្ចេកទេស​វាយ​តម្លៃ​លើ​ផល​ប៉ះពាល់​លិខិត​បទដ្ឋាន​គតិយុត្តិ​នេះ គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​ជួយ​វិភាគ​ទៅ​លើ​បទប្បញ្ញត្តិ ឬ​ក៏​សេចក្តី​ព្រាង​ច្បាប់​ណា​មួយ​ដែល​ក្រសួង​ធ្វើ​ឡើង ដោយ​មាន​អ្នក​ជួយ​សិក្សា​រក​ផល​ប៉ះពាល់​នានា ព្រម​ទាំង​ជួយ​ដោះស្រាយ​ជា​ស្រេច មុន​នឹង​បញ្ជូន​ទៅ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​សម្រេច៖ «ប្រទេស​ដែល​អភិវឌ្ឍន៍​នៅ​លើ​សកលលោក គេ​កំពុង​អនុវត្ត​វិធីសាស្ត្រ​នេះ​តឹងតែង។ ដូច្នេះ​លិខិត​បទដ្ឋាន​គតិយុត្តិ​កាន់​តែ​មាន​ប្រសិទ្ធភាព ហើយ​យើង​ក៏​ខំ​ដំណើរ​ដូច​គ្នា​ហ្នឹង​ដែរ»

ចាប់​តាំង​ពី​អំឡុង​ឆ្នាំ​២០១១ រហូត​ដល់​ឆ្នាំ​២០១៥ រដ្ឋាភិបាល​បាន​សាកល្បង​កម្មវិធី​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ផ្នែក​ជំនាញ​បច្ចេកទេស វាយ​តម្លៃ​លើ​ផល​ប៉ះពាល់​នៃ​លិខិត​បទដ្ឋាន​គតិយុត្តិ​នេះ នៅ​ក្នុង​ក្រសួង​ចំនួន​៧ ហើយ​ចាប់​ពី​ឆ្នាំ​២០១៦ រដ្ឋាភិបាល​គ្រោង​នឹង​បន្ត​បណ្ដុះបណ្ដាល​អ្នក​ជំនាញ​ផ្នែក​នេះ​ទៅ​ក្នុង​ក្រសួង​ចំនួន​៦ បន្ថែម​ទៀត។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា អេ.ឌី.ប៊ី (ADB) គឺ​ជា​ដៃគូ​ពាក់ព័ន្ធ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ឧបត្ថម្ភ​ដល់​កម្មវិធី​នេះ​ឲ្យ​ដំណើរ​ការ។

តំណាង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី អ្នកស្រី អេវីលីន វី តាល់ចា (Evelyn V.Talja) ថ្លែង​ថា ប្រសិន​បើ​នៅ​តាម​ក្រសួង​នានា​មាន​អ្នក​ជំនាញ​បច្ចេកទេស វាយ​តម្លៃ​លើ​ផល​ប៉ះពាល់​នៃ​លិខិត​បទដ្ឋាន​គតិយុត្តិ គឺ​វា​មាន​សារសំខាន់​យ៉ាង​ខ្លាំង​ក្នុង​ការ​ជួយ​ដល់​កំណែ​ទម្រង់​ការ​គ្រប់គ្រង​នានា ព្រម​ទាំង​អាច​ជួយ​ឲ្យ​សេដ្ឋកិច្ច និង​សង្គម អភិវឌ្ឍ​បាន​ល្អ៖ «ធនាគារ​អភិវឌ្ឍន៍​អាស៊ី ស្វាគមន៍​យ៉ាង​ខ្លាំង​ចំពោះ​ឯកឧត្តម យឹម ណុលសន ដែល​កំពុង​តែ​ប្រឹងប្រែង​លើ​បទប្បញ្ញត្តិ ព្រម​ទាំង​ដឹកនាំ​ដំណើរ​សិក្សា​ក្រុម​អ្នក​ជំនាញ វាយ​តម្លៃ​លើ​ផល​ប៉ះពាល់​នៃ​លិខិត​បទដ្ឋាន​គតិយុត្តិ​នៅ​ក្នុង​ខេត្ត​សៀមរាប។ អ្នក​គ្រប់​គ្នា​ដែល​កំពុង​មាន​វត្តមាន​នៅ​ទីនេះ គឺ​ជា​ក្រុម​អ្នក​ជំនាញ​វាយ​តម្លៃ​លើ​ផល​ប៉ះពាល់​នៃ​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា»

ពេញ​មួយ​ថ្ងៃ​អង្គារ ទី​១១ ខែ​តុលា មាន​មន្ត្រី​វ័យ​ក្មេង និង​វ័យ​កណ្ដាល​ចំនួន ១០៥​នាក់​មក​ពី​ក្រសួង​ចំនួន​១៤ បាន​ចូលរួម​ដំណើរ​សិក្សា​វាយ​តម្លៃ​លើ​ផល​ប៉ះពាល់​នៃ​លិខិត​បទដ្ឋាន​គតិយុត្តិ​នៅ​ខេត្ត​សៀមរាប។

ក្រសួង​ទាំងនោះ​មាន ក្រសួង​ពាណិជ្ជកម្ម ក្រសួង​រ៉ែ និង​ថាមពល ក្រសួង​បរិស្ថាន ក្រសួង​ទេសចរណ៍ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ក្រសួង​សុខាភិបាល ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ព្រម​ទាំង​ក្រសួង​យុត្តិធម៌៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។