មន្ទីរពេទ្យ​ខេត្ត​ព្រះសីហនុ​ពិនិត្យ​និង​វះ​កាត់​ជំងឺ​ភ្នែក​ដោយ​មិន​គិត​ថ្លៃ​ចាប់​ពី​ថ្ងៃ​ទី​១២-១៤​តុលា

មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​ដែល​មាន​បញ្ហា​ភ្នែក ឲ្យ​ទៅ​ទទួល​សេវា​ពិនិត្យ​ព្យាបាល​សុខភាព​ភ្នែក​នា​មន្ទីរពេទ្យ​នេះ​រយៈពេល ៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៤ ខែ​តុលា ដោយ​មិន​គិត​ថ្លៃ​ព្យាបាល។

មន្ត្រី​សង្គម​ស៊ីវិល គាំទ្រ​សកម្មភាព​របស់​ថ្នាក់​ដឹកនាំ និង​បុគ្គលិក​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ ដែល​ជួយ​ឈឺ​ឆ្អាល​អំពី​សុខភាព​ភ្នែក​ជូន​ប្រជាពលរដ្ឋ ដើម្បី​ឈាន​ដល់​ចូលរួម​កាត់​បន្ថយ​ភាព​ពិការ​ភ្នែក​នៅ​កម្ពុជា។

ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ លោក​វេជ្ជបណ្ឌិត សេង ណុង មាន​ប្រសាសន៍​ថា ដើម្បី​អបអរ​សាទរ​ទិវា​សុខភាព​ភ្នែក​ពិភពលោក​ឆ្នាំ​២០១៦ មន្ទីរពេទ្យ​បង្អែក​ខេត្ត​នេះ​មាន​កម្មវិធី​ផ្តល់​ជូន​ការ​ពិគ្រោះ ពិនិត្យ និង​វះ​កាត់​ភ្នែក​ជូន​ប្រជាពលរដ្ឋ​ទូទៅ​ដែល​មាន​បញ្ហា​សុខភាព​ភ្នែក​ចំនួន ៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៤ ខែ​តុលា ដោយ​ឥត​គិត​ថ្លៃ។

លោក​វេជ្ជបណ្ឌិត​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ដែល​មាន​បញ្ហា​សុខភាព​ភ្នែក មាន​ដូចជា​ភ្នែក​ឡើង​បាយ ដុះ​កន្ទុយ​ថ្លែន និង​បញ្ហា​ផ្សេង​ទៀត សូម​ទៅ​ទទួល​សេវា​ពិនិត្យ​ព្យាបាល​នេះ​ឲ្យ​បាន​ច្រើន​កុះករ តាម​ពេលវេលា​ធ្វើ​ការ​របស់​រដ្ឋ៖ «យើង​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​មានបញ្ហា​សុខភាព​ភ្នែក សូម​អញ្ជើញ​មក​ពិគ្រោះ និង​ពិនិត្យ​ព្យាបាល​ភ្នែក​ជាមួយ​គ្រូពេទ្យ​ឯកទេស​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ ដោយ​ឥត​គិត​ថ្លៃ ដើម្បី​កាត់​បន្ថយ​ភាព​ពិការ​ភ្នែក​នៅ​កម្ពុជា»

កម្មវិធី​ពិនិត្យ​ព្យាបាល និង​វះ​កាត់​ជំងឺ​ភ្នែក​ជូន​ពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃ ដើម្បី​អបអរ​សាទរ​ទិវា​សុខភាព​ភ្នែក​ពិភពលោក រៀបចំ​ដោយ​ថ្នាក់​ដឹកនាំ និង​បុគ្គលិក​នៃ​មន្ទីរពេទ្យ​បង្អែក​នា​ឱកាស​នេះ ទទួល​បាន​ការ​សាទរ​ពី​មន្ត្រី​សង្គម​ស៊ីវិល​ឃ្លាំ​មើល​ការងារ​អភិវឌ្ឍន៍​សង្គម និង​ប្រជាពលរដ្ឋ​មាន​ប្រាក់​ចំណូល​ទាប ហើយ​កំពុង​ជួប​ប្រទះ​បញ្ហា​ភ្នែក។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ស្វាគមន៍​កម្មវិធី​ទទួល​ពិគ្រោះ ពិនិត្យ ព្យាបាល និង​វះ​កាត់​ជំងឺ​ភ្នែក​ជូន​ប្រជាពលរដ្ឋ ដោយ​មិន​យក​លុយ​របស់​ថ្នាក់​ដឹកនាំ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ ដើម្បី​ឈាន​ដល់​ចូលរួម​កាត់​បន្ថយ​ភាព​ពិការ​ភ្នែក​នៅ​កម្ពុជា ពេល​នេះ។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បាន​កត់​សម្គាល់​ថា ទាំង​ថ្នាក់​ដឹកនាំ​មន្ទីរពេទ្យ និង​ក្រុម​គ្រូពេទ្យ​ជំនាញ​គ្រប់​ផ្នែក កំពុង​បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ ថា​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការងារ​សង្គ្រោះ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​មិន​រើស​មុខ ឬ​មិន​គិត​ប្រាក់​ជា​ធំ​នោះ​ទេ ដោយ​គ្រូពេទ្យ​ទាំងនោះ​បាន​បំពេញ​ការងារ ឬ​តួនាទី​មាន​ការ​ទទួល​ខុស​ត្រូវ និង​មាន​វិជ្ជាជីវៈ​ល្អ ជាពិសេស​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​ជំងឺ និង​សប្បុរសជន​គាំទ្រ​ទាំង​ថវិកា ស្មារតី និង​សម្ភារៈ​ផ្សេងៗ​ជា​បន្តបន្ទាប់​មក​ដល់​ពេល​នេះ៖ «ពិនិត្យ​ឃើញ​ថា សម្ភារៈ​ដែល​ប្រើប្រាស់​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ គឺ​ជា​ជំនួយ​ផ្តល់​ជូន​ដោយ​រដ្ឋាភិបាល​អូស្ត្រាលី និង​មាន​ឧបករណ៍​កាត់​វ៉ែនតា ព្រម​ទាំង​សម្ភារៈ ឬ​ឧបករណ៍​ទំនើបៗ​ច្រើន​មុខ​ទៀត។ ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា បង​ប្អូន​ប្រជាពលរដ្ឋ​នឹង​អញ្ជើញ​មក​រក​សេវា​ព្យាបាល​នេះ​ច្រើន​កុះករ»

ទាក់ទិន​បញ្ហា​សុខភាព​ភ្នែក​នេះ​ដែរ លោក យ៉ាន់ ទិត្យសារ៉ាត់ វេជ្ជបណ្ឌិត​ឯកទេស​ភ្នែក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ បាន​ផ្តល់​សម្ភាស​ថា ជា​រៀង​រាល់​ខែ មន្ទីរពេទ្យ​នេះ​មាន​ពលរដ្ឋ​មក​រក​សេវា​ពិនិត្យ​ព្យាបាល និង​វះ​កាត់​ភ្នែក​ចន្លោះ​ពី ១០០​នាក់​ទៅ ១៥០​នាក់​ជា​រៀង​រាល់​ខែ ហើយ​ភាគច្រើន​ជា​ប្រភេទ​ជំងឺ​ឡើង​បាយ ដុះ​កន្ទុយ​ថ្លែន និង​ភ្នែក​ម្ញូប ជាដើម។ លោក​វេជ្ជបណ្ឌិត​រំពឹង​ថា ការ​ទទួល​សេវា​ពិគ្រោះ ពិនិត្យ ព្យាបាល និង​វះ​កាត់​សុខភាព​ភ្នែក​រយៈពេល ៣​ថ្ងៃ អបអរ​ទិវា​សុខភាព​ភ្នែក​ពិភពលោក​ពេល​នេះ នឹង​មាន​ប្រជាពលរដ្ឋ​រាប់​រយ​នាក់​មក​ទទួល​សេវា​នេះ ព្រោះ​តាម​ការ​កត់​សម្គាល់ អត្រា​ប្រជាពលរដ្ឋ​មាន​ជំងឺ​ភ្នែក​មាន​កំណើន​ខ្ពស់​ជា​បន្តបន្ទាប់៖ «សូម​ជូន​ដំណឹង​ជូន​ដល់​លោក​យាយ​លោក​តា បង​ប្អូន​ពូ​មីង ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ដែល​មាន​បញ្ហា​ភ្នែក ដូចជា​ភ្នែក​ដុះ​កន្ទុយ​ថ្លែន សូម​មក​ទទួល​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ ចាប់​ពីថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៤ ខែ​តុលា»

ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ លោក​វេជ្ជបណ្ឌិត សេង ណុង បាន​ឲ្យ​ដឹង​ថា សម្ភារៈ​ពិនិត្យ ព្យាបាល និង​វះ​កាត់​ជំងឺ​ភ្នែក​ជូន​ពលរដ្ឋ​ដោយ​មិន​យក​ប្រាក់​កម្រៃ​នៅ​ពេល​នេះ គឺ​ជា​ជំនួយ​ផ្តល់​ជូន​ដោយ​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ប្រទេស​អូស្ត្រាលី។ លោក​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​ភ្នែក សូម​អញ្ជើញ​មក​ទទួល​សេវា​ព្យាបាល​នេះ​ឲ្យ​បាន​ច្រើន ដើម្បី​កាត់​បន្ថយ​ភាព​ពិការ​ភ្នែក​កម្ពុជា នា​ថ្ងៃ​អនាគត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។