តុលាការ​ក្រុង​ភ្នំពេញ​កោះ​ហៅ​ប្រធាន​បក្ស​ប្រឆាំង​លោក សម រង្ស៊ី មួយ​ករណី​ទៀត

ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ ចេញដីកា​កោះហៅ លោក សម រង្ស៊ី ដើម្បី​សាកសួរ​ពី​ករណី​មួយ​ទៀត ចំពោះ​​ដំណើរ​រឿង​ញុះញង់ បង្ក​ចលាចល ប៉ះពាល់​ដល់​សន្តិសុខ​សង្គម នៅ​ថ្ងៃ​ទី​២១ តុលា។

ដីកានេះចុះ​កាល​ពី​ថ្ងៃ​ទី​៦ តុលា បានផ្សព្វផ្សាយនៅថ្ងៃទី១១តុលា ​មិន​បាន​បញ្ជាក់​ពី​ដំណើរ​រឿង​ញុះញង់​កាល​ពី​ថ្ងៃ​ទី​១១ កញ្ញា ២០១៦ ថាតើលោក សម រង្ស៊ី ធ្វើ​ឡើង​ដោយ​បែប​ណា និង​នៅ​ទីណា​នោះ​ទេ។

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ លោក យឹម សុវណ្ណ ថ្លែង​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១១ តុលា ថា លោក​មិន​ចាប់​អារម្មណ៍​ចំពោះ​ដីការបស់​តុលាការ កោះហៅលោក សម រង្ស៊ី ទៀតនេះឡើយ។ លោក​ចាត់​ទុក​ករណី​លោក សម រង្ស៊ី គឺ​ជា​រឿង​នយោបាយ ហើយ​លោក​ក៏​មិន​ដឹង​ថា ដីកា​របស់​សាលាដំបូងរាជធានីភ្នំពេញ​នៅ​ពេល​នេះ លើក​ឡើង​ពី​អ្វី​នោះ​ដែរ។

បច្ចុប្បន្ន​លោក សម រង្ស៊ី កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ខណៈ​លោក​កំពុង​ជាប់​បណ្ដឹង​បរិហារកេរ្តិ៍​ចំនួន​៣​ករណី នៅ​តុលាការ​ក្រុង​ភ្នំពេញ រួម​មាន​បណ្ដឹង​របស់​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បណ្ដឹង​របស់​ប្រធាន​រដ្ឋសភា លោក ហេង សំរិន និង​បណ្ដឹង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្ដឹងពីបទបរិហាកេរ្តិ៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។