ចិន​រិះគន់​អាមេរិក​រឿង​លូកដៃ​ចូល​តំបន់​អាស៊ី​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       October-11-2016, 8:39 pm         475

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ចិន​រិះគន់​អាមេរិក​រឿង​លូកដៃ​ចូល​តំបន់​អាស៊ី​រដ្ឋមន្ត្រីការពារជាតិចិន លោក Chang Wanquan (រូបភាពពី Xinhua)​ស្រប​ពេលដែល​កំពុង​មើលមុខ​គ្នា​មិនសូវ​ត្រូវ​ផង​នោះ ប្រមុខ​ការពារ​ជាតិចិន​បាន​រិះគន់​អាមេរិក​ខ្លាំងៗ ជុំវិញ​ការ​លូកដៃ​ចូល​តំបន់​អាស៊ី ដែល​ចិន​កំពុង​ពង្រីក​ឥទ្ធិពល​នោះ​។ ចិន និង​អាមេរិក កំពុង​ប្រឈមមុខគ្នា​លើ​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង និង​ការស្វែងរក​ដំណោះស្រាយ​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ដែល​ចេះតែ​សាកល្បង​អាវុធ​របស់ខ្លួន ផ្គើន​អន្តរជាតិ​ជា​បន្ត​បន្ទាប់មក​នោះ​។

​រដ្ឋមន្ត្រី​ការពារ​ជាតិចិន លោក​ឧ​ត្ត​ម​សេនីយ៍ ចាង វ៉ាន​ឈ័ន (Chang Wanquan) បាន​ប្រតិកម្ម​នឹង​សកម្មភាព​ថ្មីៗ​របស់​អាមេរិក​នៅក្នុង​តំបន់​អាស៊ី​។ ក្រុង​វ៉ាស៊ីនតោន បាន​បញ្ជូន​នាវា​របស់ខ្លួន​ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង​ក្រោម​ហេតុផល​អនុវត្ត​សិទ្ធិសេរីភាព​នាវាចរណ៍ ពង្រាយ​ប្រព័ន្ធ​ការពារ​អាកាស​នៅ​កូរ៉េខាងត្បូង ដើម្បី​ការពារ​ការ​គំរាម​វាយប្រហារ​ពី​សំណាក់​ក្រុង​ព្យុងយ៉ាង បើទោះជា​ប៉េកាំង​ជំទាស់​ដាច់ខាត​ក៏ដោយ​។​

​ថ្លែង​ទៅកាន់​វេទិកា​សន្តិសុខ Xiangshan លើក​ទី​៧ នៅ​ក្រុង​ប៉េកាំង​ដែល​ចូលរួម​ប្រមុខ​ការពារជាតិ​ជាច្រើន​ប្រទេស លោក ចាង វ៉ាន​ឈ័ន និយាយថា ប្រទេស​ខ្លះ​កំពុងតែ​បង្ហាញ​ឫទ្ធិ​អំណាច​យោធា​របស់ខ្លួន ហើយ​ថែមទាំង​ខិត​ពង្រឹង​សម្ព័ន្ធមិត្ត​យោធា​ទៀត​។ ដោយនិយាយ​សំដៅ​អាមេរិក​នោះ ប្រមុខ​ការពារ​ជាតិចិន​បន្តថា ប្រទេស​ខ្លះ​នោះ ក៏​ខិតខំ​ការពារ​សន្តិសុខ​របស់​ខ្លួន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​អ្នកដទៃ​ទៅវិញ​។​

​នៅក្រោម​អាណត្តិ​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា អាមេរិក បាន​លូកដៃ​យ៉ាងជ្រៅ​មកកាន់​អាស៊ី តាមរយៈ​គោលនយោបាយ​ងាក​មក​តំបន់​អាស៊ី​។ ការ​លូកដៃ​របស់​ក្រុង​វ៉ាស៊ីនតោន ធ្វើ​ឲ្យ​ក្រុង​ប៉េកាំង​ព្រួយបារម្ភ​យ៉ាងខ្លាំង ដ្បិត​អាមេរិក​នៅតែ​បន្ត​ពង្រីក​ឥទ្ធិពល​របស់ខ្លួន ដើម្បី​ប្រជែង​ជាមួយ​ឥទ្ធិពល​ចិន នៅក្នុង​តំបន់ ជាពិសេស​ការប្រឈមមុខ​ដាក់គ្នា​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​ចិន​មាន​ជម្លោះ​ជាមួយ​សមាជិក​អាស៊ាន​បួន ដែល​ក្នុងនោះ​ក៏មាន​សម្ព័ន្ធមិត្ត​អាមេរិក​ដែរ​។ 

​ងាក​មក​វេទិកា​សៀង​សាន​បន្តិច វេទិកា​នេះ ជា​កិច្ចប្រជុំ​ប្រចាំឆ្នាំ​សម្រាប់​កិច្ចសន្ទនា​កម្រិត​ខ្ពស់​ស្ដីពី​បញ្ហា​សន្តិសុខ និង​ការពារជាតិ​នៅ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ដោយមាន​ការចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ការពារជាតិ តំណាង​អង្គការ​អន្តរជាតិ អតីតមន្ត្រី​រដ្ឋាភិបាល មន្ត្រី​យោធា អ្នកជំនួញ និង​សា​ស្រា្ត​ចា​រ្យ មកពី​បណ្ដា​ប្រទេស​ក្នុង​អាស៊ី​ប៉ាស៊ីហ្វិក និង​តំបន់​ពាក់ព័ន្ធ​ផ្សេងទៀត​។ វេទិកា​នេះ មាន​គោលដៅ​ពិភាក្សា​អំពី​ការអភិវឌ្ឍ​ផ្នែក​សន្តិសុខ បញ្ហា​ក្ដៅ​មួយចំនួន ពង្រឹង​ការផ្លាស់ប្ដូរ កិច្ចសហប្រតិបត្តិការ និង​ចូលរួមចំណែក​លើ​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​។​
 
​ក្រោម​ពាក្យស្លោក​«​ការលើកកម្ពស់​កិច្ចសន្ទនា និង​សហប្រតិបត្តិការ​សន្តិសុខ កសាង​គំរូ​ទំនាក់ទំនង​អន្តរជាតិ​ថ្មី​» វេទិកា​សៀង​សាន​លើក​ទី​៧ នេះ នឹង​ដោះស្រាយ​បញ្ហា​នានា​នៃ​តួនាទី​យោធា​ក្នុង​អភិបាលកិច្ច​សកល ការគ្រប់គ្រង​កិច្ចសហប្រតិបត្តិការ​នៃ​ភាព​ប្រឈម  សន្តិសុខ​អាស៊ី​ប៉ាស៊ីហ្វិក​ថ្មី ដូចជា កិច្ចសហប្រតិបត្តិការ​សន្តិសុខ​លំហ​សមុទ្រ ការគំរាមកំហែង និង​ឆ្លើយតប​ភេរវកម្ម​អន្តរជាតិ​៕