លោក កែវ រ៉េមី ធានា​ផ្ដល់​មេធាវី ដល់​ពលរដ្ឋ​រងរបួស​ដោយ​ហិង្សា បើសិនជា​ត្រូវការ និពន្ធដោយ : រឿន ភារុន       October-11-2016, 9:59 pm         94

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក កែវ រ៉េមី ធានា​ផ្ដល់​មេធាវី ដល់​ពលរដ្ឋ​រងរបួស​ដោយ​ហិង្សា បើសិនជា​ត្រូវការ​ភ្នំពេញ​៖ ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី មិន​ហ៊ាន​សន្និដ្ឋានថា ភាគី​ខាង​ប្រជាពលរដ្ឋ និង​ខាង​កងកម្លាំង​សន្តិសុខ ខុស​ឬ​ត្រូវ​ឡើយ ពាក់ព័ន្ធ​នឹង​ការប៉ះទង្គិច​គ្នា កាលពី​ថ្ងៃទី​១០ តុលា​។ លោក កែវ រ៉េមី ជំរុញ​ឲ្យ​ភាគី​រងគ្រោះ​ដាក់ពាក្យ​ប្ដឹង​តាម​ប្រព័ន្ធយុត្តិធម៌ ដើម្បី​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​។ មន្ត្រីជាន់ខ្ពស់​អង្គការ​លីកាដូ លោក អំ សំអាត និង​ប្រជាពលរដ្ឋ អះអាងថា អាជ្ញាធរ​ខណ្ឌដូនពេញ បាន​ប្រើ​ហិង្សា​វាយ​លើ​ពួកគេ ខណៈដែល​ពលរដ្ឋ​កំពុង​ដង្ហែ​ក្បួន ប្រារព្វ​ទិវា​សិទ្ធិ​លំនៅដ្ឋាន​លើក​ទី​៣១​។​

​ថ្លែង​ចំពោះមុខ​អ្នកកាសែត ក្រោយ​ជួប​អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ លោកស្រី រ៉ូ​ណា​ល់ ស្មី​ត នៅ​រសៀល​នេះ​លោក កែវ រ៉េមី អះអាងថា លោក​នឹង​ផ្ដល់​មេធាវី​ផ្នែក​ច្បាប់​ដល់​អ្នករងរបួស ដែល​ចង់​ដាក់ពាក្យ​ប្ដឹងទៅ​តុលាការ​ដើម្បី​រក​យុត្តិធម៌​តាមផ្លូវ​ច្បាប់ បើសិនជា​ពួកគេ​ត្រូវការ​ជំនួយ​ពី​លោក​។ «​ខ្ញុំ​សូម​ជូន​ជា​ដំណោះស្រាយ​ទៅវិញ គឺ​នៅពេល​សាមីខ្លួន​ដែល​រង​ការវាយដំ​នេះ អាច​ប្ដឹង​រក​យុត្តិធម៌​នៅ​ផ្នែក​តុលាការ​បាន​។ ហើយ​បើសិនជា​មិនមាន​មេធាវី ខ្ញុំ​នឹង​សហការ​ផ្ដល់​មេធាវី​ជូន ដើម្បី​ជួយ​រក​យុត្តិធម៌​នៅ​ចំពោះមុខ​»​។​នេះ​ជាការ​បញ្ជាក់​របស់លោក កែវ រ៉េមី ដែល​បានដាក់​ការងឿងឆ្ងល់​ថា ហេតុអ្វី​បានជា​ករណី​ប៉ះទង្គិច​គ្នា​កាលពី​ម្សិលមិញ កើតឡើង​ស្រប​ពេលដែល​លោកស្រី រ៉ូ​ណា​ល់ ស្មី​ត មក​កម្ពុជា​នេះ​។​

​តែ​យ៉ាងណា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​រូបនេះ នៅតែ​អះអាងថា កម្ពុ​ជាមាន​ការគោរព​សិទ្ធិមនុស្ស និង​ផ្ដល់​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ សម្រាប់​ប្រជាពលរដ្ឋ​ពេញលេញ បើទោះជា​សង្គម​ស៊ីវិល រិះគន់ថា កម្ពុជា​រំលោភសិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ​ក្តី​៕