ដី​បឹង​កំប្លោក​នឹង​បាត់​រូបរាង ក្រោយ​ក្លាយទៅជា​កម្ម​សិទ្ធ​ឯកជន

ខេត្តកំពង់ចាម ៖ បឹង​កំប្លោក​ដែល​គេ​ធ្លាប់​បានឃើញ ចាប់​តាំង​តែ​ពីក្រោយ​ឆ្នាំ​១៩៧៩ ស្ថិត​នៅ​ភូមិ​ទី​៣ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម មិន​មាន​ទំហំ​ធំ​ប៉ុន្មាន​នោះ​ទេ ក្រោយមក​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចេះ​តែ​ចាក់​ដី​ដើម្បី​ពង្រីក​លំនៅ​ឋាន​បន្តិច​ម្តង​ៗ  លុះ​មក​ដល់​ឆ្នាំ​២០១៦​នេះ ត្រូវ​បាន​ក្លាយទៅជា​កម្ម​សិទ្ធ​ស្របច្បាប់​របស់​បុគ្គល  ដោយ​ថែម​ទាំង​មាន​ចេញ​ប្លង់​រឹង​ពី​លោក ឌី កាលី​នី ប្រធាន​មន្ទីរ​ដែនដី​នគរ​រូប​នី​យ​កម្ម និង​សំណង់​ខេត្ត​ថែម​ទៀត នៅ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ធំ​ម្តង​ៗ ត្រូវ​ឡើង​លិច​ចូល​ក្រោមផ្ទះ​និង​ខ្លះ​ទៀតរ​ត់ទៅ​ដេក​នៅផ្ទះ​គេ  ទាំង​យប់​ក៏​មាន​ដែរ​។

អ្នកស្រី សេង ផល្លា អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ទី​៣ ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១១ តុលា ២០១៦​ថា ដើម្បី​គ្រោង និង​សាងសង់​ផ្ទះ​នោះ​នៅ​ដី​កន្លែង​លាង​ម៉ូតូ និង​រថយន្ត កាលពី​៨​ខែ​មុន​ត្រូវ​បាន​ទិញ​ដី​តាម​រថយន្ត​តូច​ៗ​មក​ចាក់​បន្ថែម​ឲ្យ​ស្មើ​ល្អ  តែ​នៅ​ពេល​ដែល​ចាក់​នោះ​ត្រូវ​បាន​គេ    មក​ហាមឃាត់​កុំ​ឲ្យ​ចាក់​ដី​ទៅ​វិញ​ដោយ​បាន​លើក​ហេតុផល​ថា  បាន​ចាក់​ចូល​ទៅ​ក្នុង​ដី​របស់​គេ​វិញ​។ ក្រោយមក​ទៀត​គាត់​បាន ទៅ​ជួប​លោក​ចៅសង្កាត់ និង​លោក​អភិបាលក្រុង​កំពង់ចាម ដោយ​បាន​ឲ្យ​រង់ចាំ និង​ដោះស្រាយ​ជូន ហើយ​ចេះ​តែ​ចាំ​បាត់​ៗ  ក៏​បាន​សម្រេចចិត្ត​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​សាលាដំបូង​ខេត្ត​ដើម្បី​រក​យុ​តិ្ត​ធម៌​។ បន្ទាប់​មក​ក៏​មានការ​ព្រមព្រៀង​គ្នា  គឺ​គាត់ និង​ភាគី​ម្ខាង​ទៀត​ដោយ​មិន​ឲ្យ​នរណា​ម្នាក់ បន្តសកម្មភាព​ធ្វើ​អ្វី​បាន​ទៀត​ទេ រង់ចាំ​ការ​ស៊ើបអង្កេត​ឲ្យ​ដឹង​ថា តើ​អ្នក​ណា​ជា​អ្នក​រំលោភ​បំពាន​នោះ​។

ហើយ​មក​ដល់​ថ្ងៃ​ទី​៩ តុលា ២០១៦ ភាគី​ម្ខាង​ទៀត​បាន​មក​ចាក់​ដី​លុប​ចូល​បឹង​បន្ត​ទៀត មក​លើ​ព្រំ​របង​គាត់​ទើប​តវ៉ា​រហូត​ដល់​លោក ចាន់ ផ​ល្លី អភិបាលក្រុង​កំពង់ចាម បាន​ចុះ​មក​ដោះស្រាយ​ឲ្យ​ផ្អាក​ការ​ចាក់​ដី​អ្នក​ដែល​មាន​ប័ណ្ណ​កម្ម​សិទ្ធ​នោះ​។  លោកតា​ឈ្មោះ ច​ន្ថា អាយុ​៧៧​ឆ្នាំ រស់នៅ​ភូមិ​ទី​៣ សង្កាត់​វាលវង់ មាន​ប្រសាសន៍​ថា គាត់​បាន​មក​សាង​សង់ផ្ទះ​ដែល​មាន​ដី​នៅ​ជាប់​បឹង​កំប្លោក​ខាងក្រោយ​ផ្ទះ ចាប់តាំងពី​ឆ្នាំ​១៩៨២  ក្នុង​ពេល​ដែល​ភ្លៀង​មន​ដែល​លិច​នោះ​ទេ​ក្រោមផ្ទះ​។

តែ​ចាប់តាំងពី​ស្ពាន​គី​ហ្ស៊ុ​ណា​ធ្វើ​រួច បែរជា​ទឹក​បឹង​បាន​ហូរ​លិច​ចូល​មក​ដល់​ក្រោមផ្ទះ​ថែម​ទាំង​ចូល​ដល់​បន្ទប់ទឹក​ទៀត  ព្រោះតែ​មាន​ប្រព័ន្ធ​លូ​នៅ​ជាប់​ស្ពាន​បាន​ស្ទះ​ដោយ​គេ​ចាក់សំរាម​នោះ ។ ស្ត្រី​ឈ្មោះ ចាន់ សិ​ទ្ធី អាយុ​៥៥​ឆ្នាំ ដែល​មានផ្ទះ​ថ្ម​នៅ​ជាន់​ក្រោម​ផ្ទាល់​ដី  សល់​ពី​សម័យ​សង្គមរាស្ត្រនិយម បាន​ប្រាប់​ថា ផ្ទះ​នេះ​គាត់​បាន​ចូល​ទៅ​រស់នៅ​តែ​ម្នាក់ឯង​ចាប់តាំងពី​ឆ្នាំ​១៩៩៦ បន្ត​រហូត​ម​ដល់​សព្វថ្ងៃ តែ​បញ្ហា​ចោទ​ទឹក​បឹង​កំប្លោក​បាន​ហូរ​ចូល​មក​ដល់​ក្នុងផ្ទះ  ជួន​ពេល​យប់​ភ្លៀង​ធ្លាក់​មក​ត្រូវ​រត់​ចេញ​ទៅ​សុំ​ផ្ទះ​អ្នក​នៅ​ខាង​មុខ​សុំ​គេ​ដេក​ក៏​មាន  សំណូមពរ​ដល់​អាជ្ញាធរ​ឲ្យ​រៀបចំ​ដាក់​ប្រព័ន្ធ​លូ​ផង​។​អ្នកស្រី មាស កណ្ណិកា មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម សព្វថ្ងៃ​រស់នៅ​រាជធានី​ភ្នំពេញ​បាន​ប្រាប់ ឲ្យ​ដឹង​ថា ដី​បឹង​នោះ​ត្រូវ​បាន​ឪពុក​របស់​គាត់ បាន​គ្រប់គ្រង​ចាប់តាំងពី​ឆ្នាំ​១៩៨២​ដោយ​មាន​បង្កាន់ដៃ​ដី​ត្រឹមត្រូវ​ថែម​ទៀត​ផង​។

ហើយ​ភាគី​ឈ្មោះ ផល្លា បាន​មក​ធ្វើ​របង​រំលោភ​មក​ចូល​ដី​របស់​គាត់​ទើប​កើត​មាន​បញ្ហា​ឡើង​តែ​ម្តង  ដី​របស់​គាត់​នៅ​ក្នុង​ប្លង់​រឹង​ចុះ​ថ្ងៃ​ទី​១៤ មក​រា ២០១៦ ដោយ​លោក ឌី កាលី​នី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម និង​សំណង់​ខេត្ត មាន​ទំហំ​១៧៣៣​ម៉ែត្រការ៉េ  ក្បាលដី​២៧,៥ម៉ែត្រ​គុណ ៧៤​ម៉ែត្រ​។  គាត់​បាន​អះអាង​ថា​ក្នុង​១​ឆ្នាំ​ត្រូវ​បង់​ថវិកា​ជាង​៦០​ម៉ឺន​រៀល​លើ​ពន្ធ​ដី  ជាមួយ​នោះ​ក៏​មាន​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ទទួលស្គាល់​ថា  ដី​បឹង​នោះ​ជា​របស់​គាត់​ប្រសិនបើ​ដី​មិន​ត្រឹមត្រូវ​គឺ​អាជ្ញាធរ​មិន​បាន​ចេញ​ប្លង់​ឲ្យ​នោះ​ទេ ។

លោក ម៉ឹង សុខ​ថាវរៈ  ប្រធាន​កា​រិ​ល័យ​ភូមិបាល​សាលាក្រុង​កំពង់ចាម ប្រាប់​ឲ្យ​ដឹង​ដែរ​ថា នៅ​ទីក្រុង​បឹង​មិន​អាច​នៅ​រហូត​នោះ​ទេ គឺ​ត្រូវ​តែ​មានការ​លុប​ដី​ដើម្បី​ធ្វើការ​អភិ​វ​ឌ្ឈ​ន៍  សម្រាប់​ដី​ម្ចាស់​ខាងលើ​នៅ​ពេល​ដែល​ក្រុម​មន្ត្រី​សុរិយោដី​បាន​ចុះ​វាស់វែង និង​បិទ​ប្រកាស  ដើម្បី​ឲ្យ​មានការ​តវ៉ា​តែ​ត្រង់​ប្លង់​ឈ្មោះ មាស កណ្ណិកា មានការ​តវ៉ា​ទើប​ចេញ​ប័ណ្ណ​កម្ម​សិទ្ធ​ឲ្យ​។  ក្រោយមក​ទើប​អ្នកស្រី ផល្លា បាន​ធ្វើការ​ប្តឹងជំទាស់​ទៅ​សាលាដំបូង​ខេត្ត  ដូច្នេះ​ទុក​ឲ្យ​ច្បាប់​ជា​អ្នករក​ខុស​ត្រូវ  តើ​អ្នក​ណា​ខុស​អ្នក​ណា​ត្រូវ? ៕