ដឹង​អត់​ថា​ឆ្កែ​មួយ​ក្បាល​នេះ​គឺ​ជា​អ្នក​រក​ឃើញ​ពាន​រង្វាន់​ World Cup ដែល​បាត់​នៅ​ក្នុង​ឆ្នាំ​១៩៦៦​

កាល​ពី​អំឡុង​ឆ្នាំ​១៩៦៦​ប្រទេស​អង់គ្លេស​បាន​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ព្រឹត្តិការណ៍​ World Cup ដូចនេះ​ពួក​គេ​ក៏​បាន​យក​ពាន​រង្វាន់​ World Cup ដើម្បី​ធ្វើ​ការ​ដាក់​បង្ហាញ​មុន​ព្រឹត្តិការណ៍​ប្រកួត​មកដល់​ តែ​ជា​អកុសល​នៅ​ថ្ងៃ​២០​ខែ​មីនា​ឆ្នាំ​១៩៦៦​ពាន​រង្វាន់​មួយ​នោះ​ត្រូវ​បាន​ចោរ​លួច​ទៅ​បាត់​ ។

ប៉ុន្តែ​ជា​សំណាង​ល្អ​នៅ​ថ្ងៃ​២៧​ខែ​មីនា​ឆ្នាំ​ដដែល​នោះ​គឺ​៧​ថ្ងៃ​បន្ទាប់​ពី​បាត់​ ពាន​រង្វាន់​នោះ​ក៏​ត្រូវ​បាន​រក​ឃើញ​មក​វិញ​ ដោយ​អ្នក​ដែល​រក​ឃើញ​គឺ​ជា​ឆ្កែ​មួយ​ក្បាល​ដែល​មាន​ឈ្មោះ​ថា​ Pickles ។ តាម​ពិត​ការ​រក​ឃើញ​នោះ​អាច​និយាយ​បាន​ថា​ជា​រឿង​ដ៏​ចៃដន្យ​ដោយ​នៅ​ថ្ងៃ​ដែល​រក​ឃើញ​នោះ​ Pickles និង​ម្ចាស់​របស់​គេ​គឺ​លោក​ David Corbett បាន​ធ្វើ​ដំណើរ​ទៅ​តំបន់​ Beulah Hill នៅ​ភាគ​អាគ្នេយ៍​នៃ​ទី​ក្រុង​ឡុង​ ពេល​នោះ​ស្រាប់​តែ​ Pickle បាន​បង្ហាញ​សកម្ម​ភាព​ចម្លែក​គឺ​គេ​ចាប់​ផ្ដើម​ហិត​ក្លិន​ហើយ​ដើរ​ទៅ​រក​ហើយ​ក៏​ប្រទះ​ឃើញ​របស់​មួយ​ដែល​រុំ​ដោយ​កាសែត​ជិត​ឈឹង​ ។

ក្រោយ​មក​លោក​ Corbett ក៏​បាន​បើក​វា​មើល​ក៏​ដឹង​ថា​នោះ​ជា​ពាន​រង្វាន់​ World Cup ដែល​បាន​បាត់​ដូចនេះ​គាត់​ក៏​បាន​ប្រគល់​វា​ទៅ​ប៉ូលីស​តែ​ម្ដង​ ។ ក្រោយ​ពី​ប្រគល់​ពាន​រង្វាន់​នោះ​វិញ​លោក​ Corbett ដែល​ជា​ម្ចាស់​របស់​ Pickle ក៏​បាន​ទទួល​នូវ​រង្វាន់​លើក​ទឹក​ចិត្ត​ចំនួន​៥០០០​ផោន​ផង​ដែរ​ ។

គួរ​រំលឹក​ថា​ការ​បាត់​ពាន​នេះ​គឺ​កើត​មាន​មុន​ព្រឹត្តិការណ៍​ World Cup មក​ដល់​ប្រមាណ​ជា​៤​ខែ​ ហើយ​ប្រទេស​ដែល​ឈ្នះ​ពាន​រង្វាន់​ World Cup នៅ​ឆ្នាំ​១៩៦៦​នោះ​គឺ​ជា​ប្រទេស​អង់គ្លេស​នេះ​តែម្ដង​ ។

គួរ​បញ្ជាក់​ថា​នៅ​ឆ្នាំ​១៩៧០​ក្រោយ​ពី​ប្រេស៊ីល​ឈ្នះ​ពាន​ World Cup ជា​លើក​ទី​៣​​ពួក​គេ​ក៏​មាន​សិទ្ធិ​ទទួល​បាន​ពាន​មួយ​នោះ​ទៅ​រក្សា​ទុក​ តែ​ជា​អកុសល​នៅ​ឆ្នាំ​១៩៨៣​ពាន​រង្វាន់​មួយ​នោះ​ក៏​ត្រូវ​ចោរ​លួច​សារ​ជា​ថ្មី​ហើយ​ពុំ​មាន​អ្នក​រក​ឃើញ​នោះ​ទេ​ ។ សូម​បន្ថែម​ថា​សម្រាប់​ពាន​រង្វាន់​ដែល​ប្រើ​ក្នុង​ព្រឹត្តិការណ៍​ World Cup បច្ចុប្បន្ន​គឺ​ទើប​តែ​បង្កើត​ឡើង​ក្នុង​អំឡុង​ឆ្នាំ​១៩៧០​ប៉ុណ្ណោះ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • ដឹង​អត់​ថា​ឆ្កែ​មួយ​ក្បាល​នេះ​គឺ​ជា​អ្នក​រក​ឃើញ​ពាន​រង្វាន់​ World Cup ដែល​បាត់​នៅ​ក្នុង​ឆ្នាំ​១៩៦៦​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/12  Category:ចំនេះដឹង
Tags: