ក្តី​​ប្រាថ្នា​របស់​ កែវ សុខផេង​ ជួយ​កម្ពុជា​ក្នុង​ពាន AFF​ Suzuki Cup

ការ​ជួយ​ក្រុម​កម្ពុជា​ឲ្យ​ឆ្លង​ផុត​វគ្គ​ជម្រុះ​ និង​បាន​ឡើង​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ​នៃ​ពាន​រង្វាន់​តំបន់​អាស៊ាន​ AFF Suzuki Cup 2016 ជា​ក្តី​ស្រមៃ​របស់​តារា​វ័យ​ក្មេង​មក​ពី​ភ្នំពេញ​ក្រោន​ កែវ សុខផេង។

 

ក្តី​​ប្រាថ្នា​របស់​ កែវ សុខផេង​ ជួយ​កម្ពុជា​ក្នុង​ពាន AFF​ Suzuki Cup កែវ សុខផេង (លេខ១០)

 

បន្ទាប់​ពី​ស៊ុត​​ចូល​២​គ្រាប់​ជួយ​ឲ្យ​កម្ពុជា​ឈ្នះ​ស្រី​លង្កា​ដោយ​លទ្ធផល​ ៤-០ កីឡាករ​កំពុង​ល្បី​ កែវ សុខផេង​ បាន​ឲ្យ​ដឹង​ថា ការ​ជួយ​កម្ពុជា​​ក្នុង​វគ្គ​ជម្រុះ​ពាន​រង្វាន់​ AFF Suzuki Cup 2016 ជា​បំណង​​ប្រាថ្នា​របស់​គេ​មួយ។ ដូច្នេះ​រូប​គេ​នឹង​ខិត​ខំ​​​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​​​ដើម្បី​ជួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​បង្កើត​ប្រវត្តិ​សាស្ត្រ​ឈាន​ដល់​​ជុំ​ផ្តាច់​ព្រ័ត្រ​នៃ​ពាន​រង្វាន់​​លំដាប់​ទី​១​នៅ​តំបន់​អាស៊ាន​នេះ។

 

សុខផេង​និយាយ​ថា ៖«​សម្រាប់​ខ្ញុំ​ ខ្ញុំ​ប្រឹង​​១០០​%​ដើម្បី​ជួយ​កម្ពុជា​ ព្រោះ​​នេះ​ជា​លើក​ដំបូង​របស់​ខ្ញុំ​​​ក្នុង​​ពាន Suzuki Cup ហើយ​​វា​ជា​​បំណង​ប្រាថ្នា​របស់​ខ្ញុំ​ដែរ»។

 

 

ទន្ទឹម​ជា​មួយ​គ្នា​នេះ សមាជិក​មក​ពី​ភ្នំពេញ​ក្រោន​រូប​នេះ​បាន​​សំណូម​ពរ​ដល់​អ្នក​គាំទ្រ​ឲ្យ​ចូល​រួម​ទស្សនា​​ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​បាន​ច្រើន​កុះករ។ រូប​គេ​គ្មាន​អ្វី​តប​ស្នង​ដល់​អ្នក​គាំទ្រ​ទេ​ ក្រៅ​ពី​អរគុណ​ និង​លើក​ដៃ​សំពះ​ម្រាម​ដៃ​ទាំង​១០​អរគុណ​ដល់​អ្នក​គាំទ្រ។

 

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​នឹង​ត្រូវ​ជួប​ក្រុម​ខ្លាំង​ឡាវ​សម្រាប់​ថ្ងៃ​បើក​ឆាក​របស់​ខ្លួន​ថ្ងៃ​ទី​១៥​ តុលា និង​ប្រកួត​លើក​ទី​២​ជា​មួយ​ក្រុម​ប្រ៊ុយណេ​​ថ្ងៃ​ទី​១៨ តុលា​ ហើយ​ប្រកួត​ចុង​ក្រោយ​ថ្ងៃ​ទី​២១​តុលា​ជា​មួយ​ក្រុម​ទីម័រ​ខាង​កើត៕

 

ក្តី​​ប្រាថ្នា​របស់​ កែវ សុខផេង​ ជួយ​កម្ពុជា​ក្នុង​ពាន AFF​ Suzuki Cup កែវ សុខផេង សោកស្តាយ​ពេល​ស៊ុត​ខុស​ទី​របស់ ឆានីសតៃប៊ិ កន្លងមក

 

អត្ថបទ៖ ជាន ចាន់រ៉ា​