ក្រុមការងារ​ពិសេស​អាមេរិក​គាំទ្រ​ឲ្យ​មានការ​ផ្លាស់ប្តូរ​នៅ​កូរ៉េខាងជើង​ប៉ុន្តែ​មិនមែនជា​ការផ្លាស់ប្តូ​ររ​បប​ដឹកនាំ​ទេ​ និពន្ធដោយ : VOA       October-12-2016, 7:39 am         490

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ក្រុមការងារ​ពិសេស​អាមេរិក​គាំទ្រ​ឲ្យ​មានការ​ផ្លាស់ប្តូរ​នៅ​កូរ៉េខាងជើង​ប៉ុន្តែ​មិនមែនជា​ការផ្លាស់ប្តូ​ររ​បប​ដឹកនាំ​ទេ​​សេ​អ៊ូ​ល​៖ សមាជិក​នៃ​ក្រុមការងារ​ពិសេស​មួយ​ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​វ៉ាស៊ីនតោន និង​ប្រទេស​សម្ព័ន្ធមិត្ត​ខ្លួន​ផ្លាស់ប្តូរ​វិធីសាស្ត្រ​របស់​ពួកគេ​ក្នុង​កិច្ច​ដោះស្រាយ​ការគំរាមកំហែង​ដោយ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង និង​បាន​និយាយថា វា​ដល់ពេល​ដែល​យើង​ត្រូវ​គិត​រក​វិធី​ផ្សេង​លើ​បញ្ហា​នេះហើយ​។​

​លោក Mike Mullen ឧ​ត្ត​មនា​វី​ឯក​សហរដ្ឋអាមេរិក​ចូលនិវត្តន៍ និង​អតីត​ប្រធាន​នាយអគ្គសេនាធិការ ចម្រុះ​នៃ​កង​យុទ្ធ​ពល​សហរដ្ឋអាមេរិក រួមជាមួយ​នឹង​លោក Sam Nunn អតីត​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​ដែល​បច្ចុប្បន្ន​ជា​សហប្រធាន​នៃ​អង្គការ​គំនិត​ផ្តួចផ្តើម​អំពី​ការគំរាមកំហែង​ដោយ​អាវុធ​នុយក្លេអ៊ែរ (The Nuclear Threat Initiative organization) បាន​ដឹកនាំ​ក្រុមការងារ​ពិសេស​ដែលមាន​អ្នកជំនាញ​សន្តិសុខ​ថ្នាក់​តំបន់ ដើម្បី​បង្កើត​យុទ្ធសាស្ត្រ​ថ្មី​មួយ​ដែល​អាច​នឹង​ជំរុញ​លើកទឹកចិត្ត​ជាថ្មី​ដល់​ដំណើរការ​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​។​

​ក្រុមការងារ​ពិសេស​ដែល​រៀបចំឡើង​ដោយ​ក្រុមប្រឹក្សា​ទំនាក់ទំនង​បរទេស​នេះ បានផ្តល់​អនុសាសន៍​ឲ្យ​មានការ​ផ្តល់ជំនួយ​លើកទឹកចិត្ត​ដល់​ប្រទេស​កូរ៉េខាងជើង​ឲ្យ​យល់ព្រម​ផ្អាក​បណ្តោះអាសន្ន​លើ​ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ និង​គ្រាប់​មី​ស៊ី​ល ហើយ​ងាក​មករក​តុ​ចរចា​អន្តរជាតិ និង​ធ្វើ​ការអះអាង​ជាថ្មី​ថា​ខ្លួន​នឹង​គោរព​តាម​គោលដៅ​នៃ​ការបំផ្លាញ​ចោលការ​បង្កើត​អាវុធ​នុយក្លេអ៊ែរ​ដែល​បាន​ឯកភាព​ក្នុង​សេចក្តីថ្លែងការណ៍​រួម​ឆ្នាំ​២០០៥ ក្នុងអំឡុងពេល​នៃ​កិច្ចចរចា​៦​ភាគី​ធ្វើឡើង​ដោយ​ប្រទេស​កូរ៉េខាងជើង ចិន សហរដ្ឋអាមេរិក កូរ៉េខាងត្បូង រុស្ស៊ី និង​ជប៉ុន​។​

​ជំនួយ​ឧបត្ថម្ភ​លើកទឹកចិត្ត​ទាំងនោះ រួមមាន​ជំនួយ​ស្បៀងអាហារ​បឋម និង​លទ្ធភាព​ក្នុងការ​កាត់បន្ថយ​ចំនួន​សមយុទ្ធ​យោធា​រួមគ្នា​របស់​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង ខណៈពេលដែល​កិច្ចចរចា​កំពុងតែ​ធ្វើឡើង​។​

​ប្រទេស​កូរ៉េខាងជើង បានទាមទារ​ជា​យូរណាស់​មកហើយ​ឲ្យ​បញ្ឈប់​សមយុទ្ធ​យោធា​រួមគ្នា​នេះ ដែល​កូរ៉េខាងជើង​បាន​ហៅ​វា​ថា​ជាការ​ហាត់​សម​សម្រាប់​ការឈ្លានពាន​។​

​ជាការ​ដោះដូរ ដើម្បី​ឲ្យ​ប្រទេស​កូរ៉េខាងជើង អាចឈាន​ទៅរក​ការឯកភាព​យល់ព្រម​រុះរើ​ផែនការ​ផលិត​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន ក្រុមការងារ​ពិសេស​បាន​បញ្ចេញ​របាយ​ការណ៍​មួយ​ដោយ​ផ្តល់​អនុសាសន៍​ដល់​សហ​រដ្ឋ​អាមេរិក និង​ប្រទេស​សម្ព័ន្ធមិត្ត​ខ្លួន ឲ្យ​ផ្តល់នូវ​សន្ធិសញ្ញា​សន្តិភាព​ទូលំទូលាយ​មួយ​ដើម្បី​បញ្ចប់សង្គ្រាម​កូរ៉េ​ជា​ផ្លូវការ (​ហើយ​អាច​នឹង​បញ្ចប់​វត្តមាន​យោធា​សហរដ្ឋអាមេរិក​នៅ​ប្រទេស​កូរ៉េ​) ក៏ដូចជា​ការធ្វើ​ឲ្យ​ទំនាក់ទំនង​មាន​ប្រក្រតីភាព​ឡើងវិញ ការដក​ទណ្ឌកម្ម​នានា និង​ការធ្វើសមាហរណកម្ម​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ​ដល់​ប្រទេស​កូរ៉េខាងជើង​។​

​ការគិត​បែប​ស្រមើស្រមៃ​
​ទោះយ៉ាងណា ក៏មាន​គំនិត​ផ្ទុយគ្នា​នៅក្នុង​ក្រុមការងារ​ពិសេស​នេះ ដែល​ក្នុងនោះ​រួមមាន​អ្នក​ដែល​ជឿថា ភាពជោគជ័យ​នៃ​ការចរចា​ដោយ​សន្តិវិធី​មិនអាច​នឹង​កើតឡើង​បានទេ​ជាមួយ​រដ្ឋាភិបាល​ប្រទេស​កូរ៉េខាងជើង ដែល​ធ្លាប់​បោះបង់ចោល​កិច្ចព្រមព្រៀង​អាវុធ​នុយក្លេអ៊ែរ​រួចមកហើយ​កាលពីពេល​កន្លងទៅ​។​

​លោក Nicolas Eberstadt បម្រើ​ការងារ​នៅ​វិទ្យាស្ថាន​សហគ្រិន​អាមេរិក (The American Enterprise Institute) បាន​និយាយថា គំនិត​ផ្តួចផ្តើម​នេះ​វា​ដូចគ្នា​ទៅនឹង «​ការគិត​បែប​ស្រមើស្រមៃ ដោយហេតុថា​សហរដ្ឋអាមេរិក​បរាជ័យ​ស្ទើរតែ​ទាំងស្រុង​លើ​កិច្ចការ​ការទូត​ជាមួយ​ប្រទេស​កូរ៉េខាងជើង​អំពី​បញ្ហា​នុយក្លេអ៊ែរ​ក្នុង​រយៈពេល​កន្លងមក ហើយ​ការបរាជ័យ​នេះ​ពិបាក​នឹងមាន​ការផ្លាស់ប្តូ​រណាស់ បើសិនជា​គ្មាន​វត្តមាន​ដៃគូ​ចរចា​នៅ​ប្រទេស​កូរ៉េខាងជើង​ទេនោះ​»​។​

​សមាជិក​ព្រឹទ្ធសភា លោក Nunn បាន​និយាយថា ការផ្លាស់ប្តូរ​របប​ដឹកនាំ​អាច​កើតឡើង​បាន​អាស្រ័យ​លើ​ការផ្លាស់ប្តូរ​ផ្ទៃក្នុង ក្នុង​ជួរ​រដ្ឋាភិបាល​លោក Kim Jong Un  ឬ​ដោយសារ​ការឆ្លើយតប​ទៅនឹង​ការវាយប្រហារ​របស់​កូរ៉េខាងជើង ប៉ុន្តែ​ការផ្លាស់ប្តូរ​របប​ដឹកនាំ​នេះ មិនមែនជា​គោលដៅ​កំណត់​របស់​សហរដ្ឋអាមេរិក ឬ​ប្រទេស​សម្ព័ន្ធមិត្ត​ខ្លួន​ឡើយ​។​

​លោក Nunn បាន​និយាយថា​៖ «​ការផ្លាស់ប្តូរ​បែបនេះ គឺជា​ជម្រើស​ចុងក្រោយ ប៉ុន្តែ​ប្រសិនបើ​ការផ្លាស់ប្តូរ​នេះ​កើតឡើង​មែន ហើយ​យើង​ឈានដល់​ដំណាក់​កាលនោះ​មែន នេះ​មានន័យថា យុទ្ធសាស្ត្រ​របស់​យើង​មិន​ជោគជ័យ​ឡើយ​»​។​

​សហរដ្ឋអាមេរិក និង​ប្រទេស​សម្ព័ន្ធមិត្ត​ខ្លួន​នៅ​អាស៊ី​ឦសាន កំពុងតែ​បង្កើន​សមត្ថភាព​កម្លាំង​យោធា​របស់គេ​រៀងៗ​ខ្លួន​ដើម្បី​ការពារ និង​ប្រឆាំង​ទប់ទល់​ទៅនឹង​ការកើនឡើង​នៃ​ការគំរាមកំហែង​ដោយ​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េខាងជើង​។​

​ប្រទេស​ទាំងនោះ ក៏​កំពុងតែ​អំពាវនាវ​ឲ្យ​មានការ​ដាក់ទណ្ឌកម្ម​បន្ថែម និង​ថ្កោលទោស​រដ្ឋាភិបាល​លោក Kim Jong Un ដែល​បាន​បន្ត​ការកៀបសង្កត់​ប្រជាជន​កូរ៉េខាងជើង​របស់ខ្លួន ដែល​ប្រជាជន​ភាគច្រើន​រស់នៅក្នុង​ជីវភាព​ក្រីក្រ​។​

​ប៉ុន្តែ​ប្រទេស​ទាំងនេះ បាន​បញ្ឈប់​ការព្យាយាម​របស់​ពួកគេ​ឲ្យ​មានការ​ផ្លាស់ប្តូរ​របប​ដឹកនាំ​ហើយ​។​

​លោក​ឧ​ត្ត​មនា​វី​ឯក​ចូលនិវត្តន៍ Mullen បាន​និយាយថា​៖ «​តាម​ប្រវត្តិសាស្ត្រ របប​ដឹកនាំ​ជាច្រើន​ប្រាកដ​ណាស់​តែងតែ​ផ្លាស់ប្តូរ ប៉ុន្តែ​ការផ្លាស់ប្តូរ​របប​ដឹកនាំ​បច្ចុប្បន្ននេះ​មិនបាន​កើតមាន​ដូច​តាម​ប្រវត្តិសាស្ត្រ​ឡើយ​»​។​

​ស្ថានការណ៍​បច្ចុប្បន្ន​
​ប្រទេស​កូរ៉េខាងជើង​បាន​ឆ្លើយតប​យ៉ាង​គឃ្លើន​ចំពោះ​ការដាក់ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​កាលពី​ខែមីនា ដោយបាន​បង្កើន​ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ និង​គ្រាប់​មី​ស៊ី​ល​របស់ខ្លួន​ក្នុងឆ្នាំនេះ​។​

​ក្រុមអ្នកវិភាគ​កិច្ចការ​យោធា​បាន​និយាយថា ក្នុងឆ្នាំនេះ​ប្រទេស​កូរ៉េខាងជើង​អាច​ផលិត​បន្ទះ​វត្ថុ​ធាតុ​នុយក្លេអ៊ែរ​គ្រប់គ្រាន់​នៅតាម​កន្លែង​ចម្រាញ់​សារជាតិ​អ៊ុយ​រ៉ា​ញ៉ូ​ម​របស់ខ្លួន​ដែល​អាច​ផលិត​គ្រាប់បែកនុយក្លេអ៊ែរ​ប្រមាណ​២០​គ្រាប់ ហើយ​នៅត្រឹម​ឆ្នាំ​២០២០ ប្រទេស​នេះ ទំនងជា​អាច​កសាង​សមត្ថភាព​ដែល​អាច​ទុកចិត្តបាន​ក្នុងការ​បំពាក់​គ្រាប់​មី​ស៊ី​ល​ផ្លោង​ឆ្លង​ទ្វីប​ដោយមាន​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ទំហំ​តូច​ជាង​មុន​។​

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​កូរ៉េខាងត្បូង កំពុងតែបន្ត​ការដាក់​ពង្រាយ​ប្រព័ន្ធ​កម្ទេច​កាំជ្រួច​មី​ស៊ី​ល​ហៅ​កាត់​ថា THAAD នៅក្នុង​ឧបទ្វីប​កូរ៉េ និង​បានធ្វើ​សមយុទ្ធ​យោធា​ច្រើនលើកច្រើនសា ដែលមាន​គោលដៅ​បំផ្លាញ​ទីតាំង​យោធា​សំខាន់ៗ​នៅ​ប្រទេស​កូរ៉េខាងជើង​។​

​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដែល​ប្រទេស​សមាជិក រួមមាន​សហរដ្ឋអាមេរិក និង​ប្រទេស​សម្ព័ន្ធមិត្ត​សំខាន់​របស់​កូរ៉េខាងជើង គឺ​ចិន និង​រុស្ស៊ី បានធ្វើការ​ថ្កោលទោស​លើ​ការរំលោភបំពាន​ម្តង​ហើយ​ម្តងទៀត លើ​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ​ក្នុងការ​ហាមឃាត់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​កុ​ម្មុនី​ស្ត​មួយ​នេះ និង​កំពុង​ពិចារណា​លើ​ការដាក់ទណ្ឌកម្ម​ជា​បន្ត​ទៀត​។​

​ប៉ុន្តែ​ប្រទេស​ចិន មាន​ភាព​អល់អែក​ក្នុងការ​ចូលរួម​អនុវត្ត​វិធានការ​នានា​ដែល​អាច​នឹងធ្វើ​ឲ្យ​រដ្ឋាភិបាល​លោក Kim Jong Un ដួលរលំ និង​អាចធ្វើ​ឲ្យ​សហរដ្ឋអាមេរិក និង​ប្រទេស​កូរ៉េខាងត្បូង​ដែលជា​សម្ព័ន្ធមិត្ត​ខ្លួន​គ្រប់គ្រង​ឧបទ្វីប​កូរ៉េ​ទាំងស្រុង​៕