ក្មេងស្រី​ស៊ីរី ស្រែក​យំ និង​មាន​ឈាម​ហូរ​ពេញ​ផ្ទៃ​មុខ កំពុង​ធ្វើ​ឲ្យ​ពិភពលោក​រំជួល​ចិត្ត

កាល​ពី​ពេល​ថ្មីៗ​នេះ រូបថត និង​វីដេអូ​ក្មេង​ស្រី​ស៊ីរី រង​របួស និង​មាន​ឈាម​ហូរ​ពេញ​ផ្ទៃមុខ ត្រូវ​បាន​គេ​ចែកចាយ​ពាសពេញ​បណ្ដាញ​សង្គម និង​ធ្វើ​ឲ្យ​ពិភពលោក​រំជួល​ចិត្ត​យ៉ាង​ខ្លាំង។

 

រូបថត និង​វីដេអូ​នោះ បាន​បង្ហាញ​ឲ្យ​ឃើញ ក្មេង​ស្រី​ស៊ីរី អាយុ​៨​ឆ្នាំ​ម្នាក់ មាន​ឈ្មោះ​ថា Aya កំពុង​អង្គុយ​ស្រែក​យំ​នៅ​ក្នុង​មន្ទីរពេទ្យ ដោយ​សក់ និង​ខ្លួន​ប្រាណ ពោរពេញ​ដោយ​ធូលី​ដី ខណៈ​ឈាម​បាន​ហូរ​ពី​លើ​ថ្ងាស ចុះ​មក​ដល់​ច្រមុះ​របស់​នាង ត្រូវ​បាន​បង្ហោះ​ដោយ​ក្រុម​សកម្មជន​មួយ ដែល​គាំទ្រ​គណបក្ស​ប្រឆាំង មាន​ឈ្មោះ​ថា «Talbiseh Media Center»។

 

ក្មេងស្រី​ស៊ីរី ស្រែក​យំ និង​មាន​ឈាម​ហូរ​ពេញ​ផ្ទៃ​មុខ កំពុង​ធ្វើ​ឲ្យ​ពិភពលោក​រំជួល​ចិត្ត

នាង Aya មុន និងក្រោយពេលរងរបួស

 

ក្មេង​ស្រី​រងគ្រោះ​រូប​នោះ មាន​ការ​ភ័យ​ខ្លាច និង​បន្ត​ហៅ​ឪពុក​របស់​នាង​រហូត។ ក្រុម​បុគ្គលិក និង​អ្នក​ស្ម័គ្រ​ចិត្ត​នៅ​ឯ​មន្ទីរពេទ្យ បាន​ព្យាយាម​សម្អាត​ខ្លួន និង​របួស​នាង ខណៈ​នាង​នៅ​តែ​បន្ត​យំ​ខ្សឹប​ខ្សួល​មិន​បាត់​សោះ។

 

គួរ​បញ្ជាក់​ថា Aya ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ ដោយ​ទាញ​ចេញ​ពី​គំនរ​អគារ​បាក់​បែក ជាមួយ​នឹង​សមាជិក​គ្រួសារ​នាង បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស ទៅ​លើ​ផ្ទះ​សម្បែង​របស់​ពួក​គេ នៅ​ក្នុង​ទីក្រុង Talbiseh កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១១ ខែ​តុលា ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ។

 

ក្រុម​សកម្មជន​នៅ​ទី​នោះ បាន​និយាយ​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន ២​នាក់​បាន​ស្លាប់ និង​៣០​នាក់​ផ្សេង​ទៀត​រងរបួស។ ជា​មួយ​គ្នា​នេះ​ដែរ ម្តាយ ឪពុក និង​បងប្អូន ៣​នាក់ របស់ Aya ក៏​បាន​ទទួល​រង​របួស​នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ​ផង​ដែរ។

 

បច្ចុប្បន្ន​នេះ ក្រុម​គ្រួសារ Aya កំពុង​ស្វែង​រក​ទីកន្លែង​ស្នាក់​អាស្រ័យ ព្រោះ​តែ​ផ្ទះ​សម្បែង​របស់​ពួកគេ ត្រូវ​បាន​បំផ្លាញ​បាត់​ទៅ​ហើយ៕

 


 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ CNN