ពានហ្វុតសាលមានប្រាក់រង្វាន់សរុបចំនួន៥០លាន កំពុងប្រកាសរកក្រុមចូលរួម

​ការ​ប្រកួត​បាល់​ទាត់​ហ្វុត​សាល​មួយ​ឈ្មោះ​ថា Sponsor Futsal Cup ២០១៦ កំពុង​​ប្រកាស​រក​ក្រុម​ហ្វុត​សាល នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ឲ្យ​ចូល​រួម​ការ​ប្រកួត​​ប្រជែង ដើម្បី​ប្រជែង​យក​ពាន និង​ប្រាក់​រង្វាន់​​សរុប​ចំនួន​៥០លាន​រៀល។

mm1

បើ​តាម​ខ្លឹម​សារ ដែល​ត្រូវ​បាន​ប្រកាស នៅ​ក្នុងសន្និសីទ​កាសែត កាល​ពី​ថ្ងៃសុក្រ សប្តាហ៍មុន បាន​ឲ្យ​ដឹង​ថា ការ​ប្រកួត​ហ្វុតសាល​ដណ្តើម​ពាន​រង្វាន់​ស្ពនស័រ រដូវ​កាល​ថ្មី​ទី​៥ ឆ្នាំ​២០១៦​នេះ មាន​ការ​ប្រកួត​រហូត​ដល់​៥​មណ្ឌល ដើម្បីរក​ក្រុម​​ទទួល​បាន​​លេខ​១ និង​លេខ​២​នៃ​ពូល​នីមួយ ឡើង​មក​ប្រកួត​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ដែល​យក​មក​ធ្វើ​នៅ​ភ្នំពេញ។

លោក សឹម សាន​ត្រាន តំណាងភេសជ្ជៈ​ស្ពនស័រ និង​ជា​អ្នក​គ្រប់​គ្រងការ​ប្រកួត​នេះ បាននិយាយ​ថា៖​«សម្រាប់មណ្ឌល​​ទាំង​​៥ ដែល​ត្រូវ​ប្រកួត​ជម្រុះ​នៅ​ឆ្នាំ​នេះ​ ​​មណ្ឌល​ខេត្តកណ្តាល នឹង​ត្រូវ​​ធ្វើ​​មុន​គេ ​គឺ​នៅ​ថ្ងៃ​ទី​២២ និង​ថ្ងៃ​ទី​២៣ ខែតុលា ហើយ​បន្ទាប់​មក​មណ្ឌល​ភ្នំពេញ ថ្ងៃ​ទី២៩ និង​ទី​៣០ ខែតុលា មណ្ឌល​ខេត្តសៀម​រាប នៅថ្ងៃ​ទី​៥ និង​ទី​៦ ខែវិច្ឆិកា មណ្ឌល​​បាត់​ដំបង ថ្ងៃ​ទី​១៩ និង​ទី​២០ ខែតុលា មណ្ឌលព្រះសីហនុ ថ្ងៃ​ទី២៦ និង​ថ្ងៃ​ទី​២៧ ខែតុលា រីឯ​​ការ​ប្រកួត​​ផ្តាច់​ព្រ័ត្រ ​នឹង​ធ្វើនៅ​ថ្ងៃ​ទី​១០ និង​​ថ្ងៃ​ទី​១១ ខែធ្នូ»។

mm2

ចំណែក​លក្ខខណ្ឌ​នៃ​ការ​ប្រកួត​គឺ​មាន​តែ​កីឡាករ ​​លេង​នៅ​ក្នុង​ក្របខ័ណ្ឌ​លីក​កំពូល​កម្ពុជា ប្រចាំ​ឆ្នាំ​២០១៦​ប៉ុណ្ណោះ ដែល​មិន​ត្រូវ​អនុញ្ញាតិ​ឲ្យ​ចូលលេង ក្រៅ​ពី​នោះ​ ទាំង​កីឡាករ​អាជីព មិន​អាជីព និង​កីឡាករបរទេស អាច​ចូល​រួម​ប្រកួត​ប្រជែង​បាន​ទាំង​អស់ ហើយ​នៅ​ពេល​នេះ​គណៈកម្មការ កំពុង​ចាំ​ទទួល​ពាក្យ​សុំ​ចូល​រួម​ការ​ប្រកួត​នេះ ពី​សំណាក់​ក្រុម​ដែល​មាន​បំណង​ចូល​រួម។

ចំពោះ​ការ​ប្រកួត​នេះ ក្រុម​ហ៊ុន ហេរ៉ូ ឃីង ដែល​ជា​​ក្រុម​ហ៊ុននាំ​ចូល និង​ចែក​ចាយភេសជ្ជៈ​ស្ពនស័រ​នៅ​កម្ពុជា បាន​​ចំណាយថវិកា​ចំនួន​៥០​លាន​រៀល សម្រាប់​ផ្តល់​ជា​​ប្រាក់​រង្វាន់​ដល់​ការ​ប្រកួត​​នេះ ដោយ​ក្នុង​នោះ​ការ​ប្រកួត​ជម្រុះ​តាម​មណ្ឌល​ទាំង​៥ ក្រុម​លេខ​១​បាន​២លាន​រៀល និង​ក្រុម​លេខ​២បាន​១៦០០០០០រៀល។ ចំណែក​ការ​ប្រកួត​វគ្គ​​ផ្តាច់​ព្រ័ត្រ ក្រុម​ម្ចាស់​ជើង​ឯក​បាន​៨​លានរៀល ក្រុម​លេខ​២​បាន​៦​លាន ក្រុម​លេខ​៣​បាន​៤​លាន ឯ​ក្រុម​ធ្លាក់​គឺ​លេខ​៤ ដល់​លេខ​១០ បាន​២លាន​រៀល​ដូច​គ្នា ហើយ​ក្រុម​ទាំង​១០​នេះ ទទួល​បាន​ភេសជ្ជៈ​ចំនួន​៦កេស​បន្ថែម​ដូច​គ្នា ខណៈ​ក្រុម Fair Play បាន​៥០​ម៉ឺន​រៀល និង​អ្នក​ទាត់បាល់​បញ្ចូល​ទី​ច្រើន​ជាង​គេ នឹង​ទទួល​បាន​ប្រាក់​ពី​ការ​ពិន័យ​ទាំង​អស់ ដោយ​ក្នុង​នោះ​​អ្នកទទួល​​បាន​កាត​លឿង១ពិន័យ១ម៉ឺន​រៀល និង​កាត​ក្រហម​ពិន័យ៣ម៉ឺន​រៀល៕​

The post ពានហ្វុតសាលមានប្រាក់រង្វាន់សរុបចំនួន៥០លាន កំពុងប្រកាសរកក្រុមចូលរួម appeared first on CamboSport.