ទស្សនកិច្ច និង​សុន្ទរកថា​របស់​ឧត្តម​សេនីយ Charles de Gaulle កាល​៥០​ឆ្នាំ​មុន នៅ​តែ​មាន​បច្ចុប្បន្ន​ភាព!

ឆ្នាំ២០១៦នេះ គឺជាខួបលើកទី៥០ នៃដំណើរទស្សនកិច្ចរបស់លោកឧត្តមសេនីយ Charles de Gaulle នៅកម្ពុជា។ ប៉ុន្មានថ្ងៃនេះ សុន្ទរកថាកាលពី ៥០ឆ្នាំមុនរបស់ប្រធានាធិបតីបារាំងរូបនេះ ត្រូវគេលើកមកនិយាយឡើងវិញ។ អ្នកការទូតបារាំង និងរដ្ឋមន្ត្រីធំៗរបស់កម្ពុជា បានរៀបចំពិធីរម្លឹកខួបនេះ យ៉ាងធំដុំ ដោយមានព្រះរាជវត្តមានរបស់ព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែផងដែរ។

កាលពី ៥០ឆ្នាំមុន ព្រះប្រមុខរដ្ឋ និងពលរដ្ឋខ្មែរ ប្រមាណ ២០ម៉ឺន បានទទួលស្វាគមន៍លោកប្រធានាធិបតីបារាំង Charles de Gaulle យ៉ាងធំសម្បើម។ ប្រជាពលរដ្ឋខ្មែរ បានឈរលើកបដាស្វាគមន៍ ស្រែកហោ និងទះដៃអបអរតាមដងផ្លូវតាំងតែពីព្រលានយន្តហោះភ្នំពេញ រហូតដល់ព្រះបរមរាជរាំង។ គ្រានោះ លោកឧត្តមសេនីយ De Gaulle បានឈ្វេងយល់ពីប្រពៃណី និងរបាំខ្មែរ។ លោកមើលអុំទូក ទស្សនអង្គរវត្ត ព្រមទាំងបានថ្លែងសុន្ទរកថាជាប្រវត្តិសាស្ត្រ នៅស្តាតអូឡាំពិក ដែលមានមនុស្សចូលរួមតាំងពេញណែន។

Loading...

នៅព្រឹកថ្ងៃអង្គារនេះ នៅសាលសន្និសីទចតុមុខ ជាទីដែលលោក Charles de Gaulle មើលរបាំខ្មែរកាលពី ៥០ឆ្នាំ, លោកឯកអគ្គរដ្ឋទូតបារាំង Jean-Claude Poimboef និងលោក Jacques Godfrain ប្រធានមូលនិធិ Charles de Gaulle សុទ្ធតែថ្លែងអំណរគុណកម្ពុជា ដែលបានទទួលសាទរយ៉ាងកក់ក្តៅចំពោះរដ្ឋបុរសបារាំងដ៏ល្បីល្បាញសតវត្សទី២០។ ចំពោះលោកទាំងពីរ, ទស្សនកិច្ចរបស់ឧត្តមសេនីយ De Gaulle បានឆ្លុះបញ្ចាំងពីទំនាក់ទំនងកម្រិតខ្ពស់នៃប្រទេសជាតិទាំងពីរ ហើយសុន្ទរកថារបស់លោក ដែលគាំទ្រកម្ពុជាក្នុងគោលនយោបាយអព្យាក្រឹត្យនោះ គឺអាចឲ្យកម្ពុជាចៀសពីគ្រោះថ្នាក់គ្រប់យ៉ាង និងបន្តក្តីសង្ឃឹមទៅអនាគត។

សូមជ្រាបថា កាលពី ៥ទសវត្សមុន នៅភ្នំពេញ លោក Charles de Gaulle បាននិយាយជាភាសាបារាំងថា «យើងប្រកាន់យកជម្រើសសន្តិភាព និងជ្រោមជ្រែងបង្ខិតទស្សនៈយល់ឃើញរបស់យើង, កាត់បន្ថយភាពតានតឹង និងបង្ការជម្លោះ។ យើងមិនអាចកាន់ជើងខាងណាងមួយឡើយ។ ជាងនេះទៅទៀត គ្មាននរណាម្នាក់ អាចតម្រូវឲ្យយើងរើសយកជម្រើស ដែលផ្ទុយនឹងផលប្រយោជន៍ផ្ទាល់របស់យើងឡើយ»។

ប្រសាសន៍នេះ ត្រូវលោករដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានគូសបង្ហាញពីម្សិលមិញថា គឺនៅតែមានបច្ចុប្បន្នភាព រហូតមកទល់នឹងសព្វថ្ងៃ។ ចំពោះលោក ប្រាក់ សុខុន, ឧត្តមសេនីយ Charles de Gaulle ជារដ្ឋបុរសដ៏វិសេសវិសាល និងជាអ្នកមានចក្ខុវិស័យវែងឆ្ងាយ។

ចំពោះរដ្ឋមន្ត្រីក្រសួងវប្បធម៌ ដំណើរទស្សនកិច្ចរបស់រដ្ឋបុរសបារាំងរូបនេះ ថាមិនត្រឹមតែដើម្បីមិត្តភាពស៊ីជម្រៅ ដើម្បីប្រយោជន៍សេដ្ឋកិច្ច និងនយោបាយប៉ុណ្ណោះទេ តែក៏ដើម្បីបុព្វហេតុវប្បធម៌ផងដែរ។

សូមជម្រាបដែរថា ក្នុងឱកាសរម្លឹកខួបដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំងរូបនេះ គេបានរៀបចំកម្មវិធីរម្លឹកជាច្រើន ដូចជានៅក្រសួងការបរទេសពីម្សិលមិញ ហើយនៅសាលសន្នីសីទចតុមុខ ព្រឹកមិញនេះ មានការតាំងពិព័ណ៌ និងបញ្ចាំងភាពយន្តឯកសារ ៤០នាទី ពីដំណើររបស់លោក De Gaulle នៅកម្ពុជា។

នៅថ្ងៃទី ១២តុលា ល្ងាចស្អែកនេះ គឺនឹងមានការតាំងពិព័ណ៌នៅវិទ្យាស្ថានបារាំង ព្រមទាំងសន្និសីទមួយ ដែលមានលោកប្រធាន និងនាយកមូលនិធិ Charles de Gaulle ធ្វើជាវាគ្មិន។

ចំណែកនៅឯព្រលានយន្តភ្នំពេញ ក៏មានតាំងពិព័រណ៌ស្តីពីទស្សនកិច្ចរបស់លោក De Gaulle រយៈពេលមួយខែពេញ ហើយចប់ពីនោះ គេនឹងយករូបថតទៅតាំងបង្ហាញថែមទៀត នៅព្រលានយន្តក្រុងសៀមរាប រយៈពេល១ខែដែរ៕

ប្រភព៖ rfi