អាជ្ញាធរ​ប៉ោយប៉ែត​មិន​ព្រម​ចេញ​ឯកសារ​ឲ្យ​អ្នកស្រុក​​ដើម្បី​ចុះ​ឈ្មោះ​បោះឆ្នោត

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គណៈកម្មាធិការរៀបចំការបោះឆ្នោត គ.ជ.ប លើកឡើងថា ភាពចម្រូងចម្រាសនេះ អាចកើតមានឡើងដោយសារការមិនយល់ច្បាស់ពីនីតិវិធីចុះឈ្មោះបោះឆ្នោត ឬអាចពាក់ព័ន្ធនឹងចេតនាមិនអនុវត្តទៅតាមនីតិវិធីរបស់អជ្ញាធរមូលដ្ឋាន។

ភ្នំពេញ — យ៉ាងហោចណាស់មានពលរដ្ឋជាង២០នាក់ មកពីឃុំអូបីជាន់ និងឃុំប៉ោយប៉ែត ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានអាជ្ញាធរមូលដ្ឋាន បដិសេធមិនព្រមចេញ ឯកសារបញ្ជាក់សម្រាប់ការចុះឈ្មោះបោះឆ្នោត ដោយអាជ្ញាធរមូលដ្ឋាន សំអាងថា ពលរដ្ឋទាំងនោះមិនមានឯកសារបញ្ជាក់គ្រប់គ្រាន់។ នេះបើយោងតាមការឲ្យដឹងពីក្រុមអ្នកឃ្លាំមើលការចុះឈ្មោះបោះឆ្នោតខុមហ្វ្រែល (Comfrel) នៅថ្ងៃអង្គារនេះ។

Loading...

លោក កន សាវាង្ស ជាមន្ត្រីជាន់ខ្ពស់ផ្នែកអង្កេតរបស់គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា Comfrel ឲ្យដឹងថា ក្រុមការងាររបស់លោក នឹងជំរុញឲ្យពលរដ្ឋទាំងនោះ ដាក់ពាក្យបណ្តឹងទៅមន្ត្រីគ.ជ.ប ឲ្យសិក្សាលើករណីនេះ ដើម្បីឲ្យមានការដោះស្រាយ និងធ្វើអន្តរាគមន៍ ជៀសវាងមានភាពអសកម្មជុំវិញការចុះឈ្មោះបោះឆ្នោតនេះ។

យ៉ាងណាក៏ដោយ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គណៈកម្មាធិការរៀបចំការបោះឆ្នោត គ.ជ.ប លើកឡើងថា ភាពចម្រូងចម្រាសនេះ អាចកើតមានឡើងដោយសារការមិនយល់ច្បាស់ពីនីតិវិធីចុះឈ្មោះបោះឆ្នោត ឬអាចពាក់ព័ន្ធនឹងចេតនាមិនអនុវត្តទៅតាមនីតិវិធីរបស់អជ្ញាធរមូលដ្ឋាន។

លោក ហង្ស ពុទ្ធា អះអាងថា គ.ជ.ប កំពុងសិក្សាចំពោះករណីនេះ ហើយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ អាចនឹងប្រឈមមុខតាមផ្លូវច្បាប់ ប្រសិនបើរកឃើញថាអាជ្ញាធរទាំងនោះ មានចេតនារំខានដល់ការចុះឈ្មោះបោះឆ្នោតរបស់ពលរដ្ឋ។

ដំណើរការចុះឈ្មោះបោះឆ្នោតថ្មីតាមប្រព័ន្ធកំព្យូទ័រថ្មី បានចាប់ផ្ដើមកាលពីថ្ងៃទី១ ខែកញ្ញានេះ ហើយនឹងបន្តរហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខ។

គិតត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦នេះ ប្រជាពលរដ្ឋកម្ពុជាដែលបានចុះឈ្មោះបោះឆ្នោតមានចំនួនជាង៥លាននាក់ហើយ៕

ប្រភព៖ VOA