ប្រមូល​ពន្ធ​អចល​ទ្រព្យ ពី​សង្កាត់​ទាំង​២០ ដែល​កាត់​ចូល​រាជធានី​ភ្នំពេញ

ប្រមូល​ពន្ធ​អចល​ទ្រព្យ ពី​សង្កាត់​ទាំង​២០ ដែល​កាត់​ចូល​រាជធានី​ភ្នំពេញ



ភ្នំពេញ​: អាជ្ញាធរ​រាជធានី និង​នាយកដ្ឋាន​ពន្ធដារ​បាន​ឯកភាព​សម្រេច​ថា​នឹង​ធ្វើការ​ប្រមូល​ពន្ធ​អចល​ទ្រព្យ​ដែល​នៅ​សេ​សល់​អោយ​បាន​អស់​មុន​នឹង​ឈាន​ទៅ​ដល់​ការ​ប្រមូល​ពន្ធ​ផ្សេង​ៗ​ទៀត ជូន​រាជរដ្ឋាភិបាល​ចៀសវាង​អនុវត្តន៍​ទៅ​មិន​ទទួល​បាន​ជោគជ័យ និង​មិន​ទទួល​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​។

នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៦​លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ រួម​ជាមួយ អគ្គនាយកដ្ឋាន​ពន្ធដារ និង​មន្ទីរ​ពាក់ព័ន្ធ អាជ្ញាធរ​តាម​បណ្តា​ខណ្ឌ​ទាំង​១២ ក្នុង​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​នៅ​ជុំវិញ​បញ្ហា ប្រមូល​ពន្ធ​នៅ​ថ្នាក់​រាជធានី និង​ថ្នាក់​ក្រោម​រាជធានី​ភ្នំពេញ​។ កិច្ចប្រជុំ​បាន​ពិភាក្សា​ស្វែងរក​មធ្យោបាយ​ធ្វើ​យ៉ាងណា​ប្រមូល​ពន្ធ​ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​បង្កើន​ចំណូល​រដ្ឋ​បន្ថែម​។

លោកប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ក៏​បាន​ផ្តាំផ្ញើ​ទៅ​ខណ្ឌ និង​ពន្ធដារ ត្រូវ​មានការ​សហការ​គ្នា​ឱ្យ​បាន​ល្អ ដើម្បី​ប្រសិទ្ធភាព​ការងារ​ខ្ពស់​។

លោកប៉ា សុ​ជាតិ​វង្ស បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ក្នុង​នាម​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ឯកភាព​និង​សហការ​ជា​និច្ច​ជាមួយ​ស្ថាប័ន​ពន្ធដា ក្នុង​ការ​ប្រមូល​ពន្ធ​នេះ​អោយ​អស់​លទ្ធភាព ។ លោក​បន្ត​ថា "​ការ​ប្រមូល​ពន្ធ​អចល​ទ្រព្យ​នៅ​ភ្នំពេញ​ឃើញ​ថា​ល្អ​ប្រសើរ​ហើយ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​កត់សំគាល់​នោះ​គឺ​ការ​ប្រមូល​ពន្ធ​ពី​សត្តឃាត​ហាក់​មិន​ទាន់​បាន​ល្អ​ប្រសើរ​នោះ​ទេ ដោយសារ​តែ​ការ​គ្រប់គ្រង​ទីតាំង​សត្តឃាត​នេះ​មិន​បាន​ល្អ​ប្រើ​សើរ​នូវឡើយ ដោយ​បង្កើត​ជាទី​សត្តឃាត់​តូច​ៗ​ជា​ច្រើន​កន្លែង​"​។

លោក​គង់ វិបុល ប្រតិភូ​រដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​មាន​ប្រសាសន៍​ថា កិច្ចប្រជុំ​នេះ គឺ​ធ្វើ​ឡើង​ផ្តោត​សំខាន់​ទៅ​លើ​ការ​ប្រមូល​ពន្ធ​អចល​ទ្រព្យ ពិសេស​ពិភាក្សា​ទៅ​លើ​ការ​ប្រមូល​ពន្ធ​អចល​ទ្រព្យ​ពី​សង្កាត់​ចំនួន​២០​ដែល​កាត់​ចូល​មក​រាជធានី​ភ្នំពេញ​។ ពន្ធ​នេះ​ជា​ចំណូល​យ៉ាង​ធំ​របស់​រដ្ឋ ដើម្បី​យក​ថវិកា​ទាំងនោះ​ទៅ​អភិវឌ្ឍ​ប្រទេស​ជាតិ បើ​ចំណូល​ពី​ពន្ធ​នេះ​បាន​ច្រើន​វា​ក៏​បង្ហាញ អោយ​ឃើញ​ពី​កំណើន​សេដ្ឋកិច្ចជាតិ​ផង​ដែរ​។

លោក​បន្ត​ថា អគ្គនាយកដ្ឋាន​ពន្ធដារ ចង់​ធ្វើ​ជា​តាត​ដែល​អាច​បង់ពន្ធ​បាន​នៅ​តាម​ធនាគារ​និង​ធ្វើ​បច្ចុប្បន្នភាព​អចល​ទ្រព្យ​នេះ​ឡើង​វិញ ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ ក្នុង​ការ​ទៅ​បង់ពន្ធ ដោយ​មិន​ខាតបង់​ពេលវេលា​ច្រើន​។

លោក​ឃ្លាំង ហួត អភិបាល​ខណ្ឌ​ជ្រោយចង្វា​បាន​លើក​ឡើង​ដែរ​ថា សម្រាប់​អាជ្ញាធរ​ខណ្ឌ​ចាំតែ​សហការ​ជាមួយ​ពន្ធដារ​ទេ ដើម្បី​ប្រមូល​ពន្ធ​ជូន​រដ្ឋ ហើយ​ពន្ធដារ ដាក់​មន្ត្រី មក​ច្រក​ចេញចូល​តែ​មួយ​ដើម្បី​ប្រមូល​ពន្ធ ។ ការ​ធ្វើ​បែប​នេះ​ប្រជាពលរដ្ឋ​ងាយស្រួល​ក្នុង​ការ​បង់ពន្ធ កាត់​បន្ថយ​បាន​អំពើ​ពុក​រលួយ​និង​ម្យ៉ាងវិញទៀត​មិន​ខាតបង់​ពេល​វេ លា​ផង​ដែរ​។ 

ចំពោះ ការ​ចង់​បង្កើត​អោយ​មានការ​ប្រមូល​ប្រមូល​ពន្ធ​អចល​ទ្រព្យ​ពី​សង្កាត់​ទាំង​២០​ដែល​បាន​កាត់​ចូល​មក​រាជធានី​នេះ លោក​ឃ្លាំង ហួត ក៏​បាន​ស្នើ​អោយ​មើល​ពី​ស្ថាន ភាព​ជីវភាព​ប្រជាពលរដ្ឋ​ជាក់ស្តែង​ជា​មុន​សិន ដោយសារ​តែ​សង្កាត់​ទាំង​២០​នោះ មិនមែន​មាន​ប្រជាពលរដ្ឋ​ជា​អ្នកមាន​ទ្រព្យ​ច្រើន​នោះ​ទេ ហើយ​បើ​ធ្វើ​មិន​ស្រួល​គឺ​មិន​បាន​ជោគជ័យ​នោះ​ទេ​៕