ប្រទេសចិន រិះគន់ខ្លាំងៗទៅលើការជ្រៀតជ្រែករបស់អាមេរិក មកក្នុងបញ្ហាសមុទ្រចិនខាងត្បូង និង កូរ៉េខាងជើង

(ប៉េកាំង)៖ ទីក្រុងប៉េកកាំង បានវាយប្រហារដោយប្រើពាក្យសម្តីធ្ងន់ៗ ទៅលើទីក្រុងវ៉ាស៊ីនតោន ចំពោះការជ្រៀតជ្រែកចូលមកក្នុងតំបន់អាស៊ី ខណៈភាពតានទឹករវាងប្រទេសមហាអំណាចទាំងពីរ កាន់តែបន្តកើនឡើង លើបញ្ហាវិវាទនៅដែនសមុទ្រចិនខាងត្បូង និងដំណោះស្រាយរបស់អាមេរិក ចំពោះបញ្ហា កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នាល្ងាចថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០១៦។

ថ្លែងនៅក្នុងវេទិកាពិភាក្សាស្តីអំពី វិស័យការពារជាតិ ក្នុងតំបន់លើកទី៧ ដែលបានប្រព្រឹត្តទៅនៅ ទីក្រុងប៉េកាំង រដ្ឋមន្រ្តីការពារជាតិចិនលោក Chang Wanguan បានធ្វើការរិះគន់ទៅលើការចូលមក ពាក់ព័ន្ធរបស់អាមេរិក នៅក្នុងបញ្ហាដែលកើតមានឡើងនៅតំបន់អាស៊ី ដូចជាការធ្វើប្រតិបត្តិការយោធា របស់ខ្លួន យ៉ាងអាណាធិបតេយ្យ នៅក្បែរកោះសិប្បនិមិ្មត ដែលទីក្រុងប៉េកាំងបានកសាងឡើង នៅសមុទ្រចិនខាងត្បូង ក៏ដូចជាការព្រមព្រៀង ក្នុងដាក់ប្រព័ន្ធការពារមីស៊ីល THAAD នៅលើទឹកដី កូរ៉េខាងត្បូង ជាដើម។

Loading...

លោក Chang បានថ្លែងថា «ប្រទេសខ្លះចង់បានឧត្តមភាព នៃវិស័យយោធារបស់ខ្លួនហួសហេតុ និងចូលចិត្តបង្កើតសម្ព័ន្ធមិត្តយោធាឥតស្រាកស្រាន្ត ព្រមទាំងព្យាយាមធ្វើយ៉ាងណាធានាឲ្យបាន ទាំងស្រុង នូវសន្តិសុខនៅក្នុងប្រទេសរបស់ពួកគេ ទោះបីជាមានការប៉ះពាល់ដល់ប្រទេសដទៃទៀត យ៉ាងណាក៏ដោយ»។

ជាមួយគ្នានេះដែរ លោក Chang Wanguan ក៏បានលើកឡើងពីអំពីក្តីព្រួយបារម្ភរបស់ទីក្រុងប៉េកាំង ចំពោះការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន និងទីក្រុង សេអ៊ូល ក្នុងការដាក់ពង្រាយប្រព័ន្ធ THAAD នៅលើទឹកដីកូរ៉េខាងត្បូង ដោយបានសង្កត់ធ្ងន់ថា «ពួកយើងមានការព្រួយបារម្ភ អំពីបំណងមិនល្អ របស់ប្រទេសខ្លះ ក្នុងការឆ្លៀតឱកាសកេងយកផលប្រយោជន៍ ពីស្ថានការណ៍ស្មុគស្មាញ ដែលកំពុងកើតមានឡើងនៅឧបទ្វីបកូរ៉េ»។

គួរបញ្ជាក់ដែរ ទីក្រុងវ៉ាស៊ីនតោន បានជំទាស់នឹងការទាមទាររបស់ទីក្រុងប៉េកាំង ទៅលើដែនសមុទ្រចិនខាងត្បូង ហើយបានចល័តនាវានិងយន្តហោះយោធារបស់ខ្លួន ទៅកាន់តំបន់ទាំងនោះ ជារឿយៗថែមទៀតផង៕

ប្រភព៖ freshnewsasia