នៅ​កម្ពុជា​​ពាក្យ​ថា​​«​ប្រជាធិបតេយ្យ ​និង​អនាធិបតេយ្យ​» ​កំពុងតែ​ប៉ះ​ទង្គិច​គ្នា​​

គិតចាប់តាំងពីឆ្នាំ១៩៩៣មក ជាងពីរទសវត្សហើយ ដែលប្រទេសកម្ពុជា បានជ្រកក្រោមស្លាកប្រជាធិបតេយ្យ ។ ប៉ុន្តែជាងពីរទសវត្សកន្លងមកនេះ ការអនុវត្តទ្រឹស្តីតាមលិទ្ធប្រជាធិបតេយ្យ ត្រូវបានភាគីប្រឆាំង និងភាគីរដ្ឋាភិបាលយល់ឃើញខុសគ្នា។ អ្នកប្រឆាំងចោទរដ្ឋាភិបាលថា កំពុងដឹកនាំប្រទេសដើរ ខុសគន្លងលទ្ធិប្រជាធិបតេយ្យ។ ចំណែករដ្ឋាភិបាលថា ប្រជាធិបតេយ្យរបស់អ្នកប្រឆាំង អាចបង្កជាអនាធិបតេយ្យទៅវិញ។ ជាបន្តសូមស្តាប់បទវិភាគដោយ គួន សំបូរ៖

បច្ចុប្បន្ន បើទោះជាប្រទេសកម្ពុជា បានសម្រេចយកការដឹកនាំប្រទេស តាមរបបប្រជាធិបតេយ្យ សេរី ពហុបក្សក៏ដោយ ក៏ប្រជាពលរដ្ឋ និងអ្នកនយោបាយខ្មែរ នៅតែមិនទាន់ឲ្យនិយមន័យច្បាស់ អំពីលទ្ធិប្រជាធិបតេយ្យនៅឡើយ។ សព្វថ្ងៃទាំងអ្នកនយោបាយ និងអង្គការសង្គមស៊ីវិល ដែលធ្វើការពាក់ព័ន្ធនឹងសិទ្ធិមនុស្ស កំពុងតែចោទប្រកាន់ដាក់គ្នាទៅវិញទៅមក ជុំវិញការអនុវត្តទ្រឹស្តីតាមលទ្ធិប្រជាធិបតេយ្យ។

Loading...

ពាក្យប្រជាធិបតេយ្យ មានដើមកំណើតពីប្រទេសក្រិច ដែលភាសាក្រិចហៅថា (Demos) មានន័យថា ប្រជាជន ហើយពាក្យថា (Kratos) មានន័យថា ប្រជាជន ឬការគ្រប់គ្រង។ ចំណែកជាភាសាអង់គ្លេសហៅថា (Democracy) មានន័យថា ប្រជាជនមានភាពជាធំ ឬអំណាចប្រជាជន។ ទស្សនៈវិទូមួយចំនួន បានកំណត់ពាក្យ «ប្រជាធិបតេយ្យ»ថា ជារដ្ឋាភិបាលមួយដែលជារបស់ប្រជាពលរដ្ឋ កើតឡើងដោយ ប្រជាពលរដ្ឋ ហើយសម្រាប់ប្រជាពលរដ្ឋ។

ដោយឡែកនៅក្នុងវចនានុក្រមខ្មែរ ដែលរៀបចំដោយសម្តេចសង្ឃរាជ ជូន ណាត វិញ ព្រះអង្គបានសរសេរថា ប្រជាធិបតេយ្យ គឺជាភាពនៃប្រទេសដែលមានប្រជារាស្ត្រ ជាអធិបតី គឺប្រទេស ឬរដ្ឋ ដែលមានប្រជាជនជាធំ ក្នុងការជ្រើសរើស តំណាងរបស់ខ្លួនឲ្យមកធ្វើការដើម្បីសម្រេចកិច្ចការផ្សេងៗនៅក្នុង ប្រទេសតាមភាពត្រឹមត្រូវស្របច្បាប់ និងរដ្ឋធម្មនុញ្ញ។

តាមនិយមន័យខាងលើបានបញ្ជាក់យ៉ាងច្បាស់ថា សង្គមប្រជាធិបតេយ្យ គឺជាសង្គមមួយដែលបានឲ្យតម្លៃទៅលើប្រជាជន។ ដូច្នេះប្រជាពលរដ្ឋមានសិទ្ធិក្នុងការប្រើប្រាស់សេរីភាព និងការបញ្ចេញមតិ ដោយគ្មានការគាបសង្កត់។ ប៉ុន្តែសិទ្ធិនេះ ត្រូវអនុវត្តទៅតាមច្បាប់ ដែលមានចែកនៅក្នុងរដ្ឋធម្មនុញ្ញផងដែរ។ បើពលរដ្ឋប្រើប្រាស់សិទ្ធិមិនបានត្រឹមត្រូវ សង្គមប្រជាធិបតេយ្យនេះ នឹងបង្កជាសង្គមអនាធិបតេយ្យទៅវិញ។

បច្ចុប្បន្ននៅកម្ពុជា ការប្រើប្រាស់សិទ្ធិ និងការអនុវត្តច្បាប់ ក្នុងសង្គមប្រជាធិបតេយ្យកំពុងតែប៉ះទង្គិចគ្នា។ រាល់ការតវ៉ាធ្វើបាតុកម្មទាមទារអ្វីមួយពីប្រជាពលរដ្ឋ ត្រូវបានអាជ្ញាធររារាំង ដោយសំអាងថា ដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម។ ប៉ុន្តែអ្នកតវ៉ាវិញថា ការតវ៉ារបស់ខ្លួន គឺធ្វើឡើងស្របតាមច្បាប់។ ដោយសារតែការប្រកាន់ជំហរខុសគ្នានេះហើយ ជារឿយៗបានបង្កជាអំពើហិង្សាកើតឡើង រវាងអ្នកតវ៉ា ជាមួយ អាជ្ញាធរមានសមត្ថកិច្ច។

យើងគួរគប្បីសិក្សាពីឬសគល់មួយចំនួន៖

ទី១ឥទ្ធិពលរបស់អ្នកនយោបាយ ឥទ្ធិពលនយោបាយនេះ ជាចលករដ៏សំខាន់ដែលបង្កឲ្យការអនុវត្តប្រជាធិបតេយ្យមិនទាន់ល្អប្រសើរ។ អ្នកនយោបាយខ្មែរតែងប្រើយុទ្ធវិធីផ្តួលគ្នាតាមគ្រប់រូបភាពចាស់គំរិល ដើម្បីអំណាច ដោយមិនខ្វល់ពីផលវិបាកដែលអាចនឹងកើតមាននាពេលខាងមុខ។ យើងអាចមើលដឹងថា នៅពេលដែលអ្នកនយោបាយខ្មែរ ប្រើយុទ្ធវិធីផ្តួលគ្នា ប្រជាពលរដ្ឋជាអ្នករងគ្រោះ និងត្រូវបានគេលាបពណ៌ថា ជាអ្នកប្រឆាំង និងជាអ្នកកាន់អំណាច ដូច្នេះ ហើយឲ្យតែមានការតវ៉ាណាមួយត្រូវបានរារាំងពីអាជ្ញាធរ។

ទី២ ការអនុវត្តច្បាប់របស់អាជ្ញាធរ។ ពិតណាស់ការអនុវត្តច្បាប់ គឺជារឿងមួយដែលយើងត្រូវតែលើកទឹកចិត្ត។ ប៉ុន្តែការអនុវត្តច្បាប់របស់អាជ្ញាធរ នៅមិនទាន់ចែកឲ្យដាច់ពីការអនុវត្តច្បាប់ និងការបញ្ចេញមតិ របស់ពលរដ្ឋ។ អាជ្ញាធរតែងតែប្រើអំណាចរបស់ខ្លួន វាយមកលើអ្នកតវ៉ាបើទោះបីការតវ៉ានោះអហិង្សាក្តី។

ទី៣ អ្នកតវ៉ាមួយចំនួន បានយកការតវ៉ានេះធ្វើជាអាជីព ដោយមានអ្នកផ្តល់ជំនួយពីក្រោយ។

ទី៤ ការខ្លាចស្រមោលប្រវត្តិសាស្ត្រ។ រដ្ឋាភិបាលហាក់នៅខ្លាចស្រមោលអតីតកាល ពីព្រោះក្នុងប្រវត្តិសាស្ត្រកម្ពុជា រដ្ឋាភិបាលបានដួលរលំដោយមានបរទេសនៅពីក្រោយ។

សរុបមកវិញ ដើម្បីបញ្ចប់ការចោទដាក់គ្នាពីការអនុវត្តទ្រឹស្តីតាមលិទ្ធប្រជាធិបតេយ្យនេះ អ្នកនយោបាយ ត្រូវតែបញ្ចប់ការប្រើយុទ្ធវិធីផ្តួលគ្នា តាមរយៈនយោបាយចាស់គំរិល និងឈប់យកប្រជាពលរដ្ឋមកធ្វើជា ចំណាប់ខ្មាំង។ មួយវិញទៀតទាំងអាជ្ញាធរ និងអ្នកតវ៉ា ត្រូវតែមានគោលការណ៍មួយតាមរយៈការសម្រប សម្រូល។ ក្នុងន័យនេះ មតិភាគច្រើនត្រូវតែចេះគោរព នូវមតិភាគតិច ហើយមតិភាគតិចត្រូវគោរពមតិភាគច្រើន ដើម្បីជជែកពិភាក្សាគ្នារកហេតុផលក្នុងការកសាងប្រទេស។ វប្បធម៌លាបពណ៌ខ្មែរ និងខ្មែរ ការរើសអើង ត្រូវតែលុបបំបាត់ ពីព្រោះវាអាចបង្កឲ្យសង្គមខ្មែរប្រេះឆាគ្នាផងដែរ។

សូមបញ្ជាក់ថា ដើម្បីអនុវត្តប្រជាធិបតេយ្យទៅបាន លុះត្រាតែភាគីទាំងអស់ត្រូវតែចូលរួមគោរពច្បាប់ និងការអនុវត្ត ដោយគ្មានការរើសអើង ពេលនោះប្រជាធិបតេយ្យ នឹងមិនអាចក្លាយទៅជា អនាធិបតេយ្យបានឡើយ៕

(ដោយ៖គួន សំបូរ)

ប្រភព៖ វាយោ