ប្រហែស​មួយ​ភ្លែត ! បាត់បង់​កូនប្រុស​ម្នាក់​យ៉ាង​អាណោចអាធ័ម

ខេត្តឧត្តរមានជ័យ ៖ ខណៈ​ឪពុក​ម្តាយ​រវល់​ធ្វើ​កិច្ចការ​នៅ​រោង​សិប្បកម្ម​គ្រឿង​សង្ហា​រឹម​ដោយ​បណ្ដោយ​ឲ្យ​កូន​ៗ​រត់​លេង ប្រហែស​តែ​មួយ​ភ្លែត​ស្រាប់តែ​កូន​តូច​ម្នាក់​បាន​ធ្លាក់​រណ្ដៅ​ក្បែរ​ផ្ទះ​បណ្ដាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០១៦ នៅ​ភូមិ​អូរ​ស្រឡៅ  ឃុំ​ថ្លា​ត ស្រុក​អន្លង់​វែង ។

ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ ម៉េ​ង ហ៊ុន អាយុ​ជាង​១​ខួប ឪពុក​ឈ្មោះ ពុន ឈាង អាយុ​៣៤​ឆ្នាំ ម្តាយ​ឈ្មោះ នួន ផាត អាយុ​២៥​ឆ្នាំ មានកូន​ប្រុស​២​នាក់ មុខរបរ​ធ្វើ​សិប្បកម្ម​គ្រឿង​សង្ហា​រឹម និង​ធ្វើស្រែ​ចំការ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

ឪពុក​ម្តាយ​ក្មេង​ប្រុស​រង​គ្រោះ​បាន​រៀបរាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់​ទាំង​២​នាក់​ប្តី​ប្រពន្ធ​កំពុង​តែ​ជាប់រវល់​ធ្វើ​ការងារ​នៅ​ក្នុង​រោង​សិប្បកម្ម ហើយ​បាន​បណ្តោយ​ឱ្យ​កូន​ៗ​ទាំង​២​នាក់​បងប្អូន​រត់​លេង​នៅ​ក្បែ​ផ្ទះ ស្រាប់តែ​ឃើញ​កូនច្បង​ដែល​មាន​អាយុ​៣​ឆ្នាំ​នៅ​ក្នុងផ្ទះ ហើយ​រូប​គាត់​បាន​សួរ​កូនច្បង​ថា តើ​ប្អូន​ទៅ​ណា​ហើយ កូនច្បង​ថា​មិនដឹង​ទេ ក្រោយមក​រូប​គាត់​ទាំង​២​នាក់​ប្តី​ប្រពន្ធ​បាន​ដើរ​រក​គ្រប់​ទិស​ទី​នៅ​មិនឃើញ​សោះ ក៏​ចុះ​រាវ​នៅ​ក្នុង​រណ្ដៅ​ក្បែ​ផ្ទះ​ទើប​ជួប​ប្រទះ តែ​ហួសពេល​ទៅ​ហើយ ព្រោះ​កូន​បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​បាត់​ទៅ​ហើយ ។

ក្រោយ​ពេល​កើតហេតុ រូប​គាត់​បាន​រាយការណ៍​ដល់​សមត្ថកិច្ច​ឱ្យ​ចុះ​មក​ធ្វើការ​ពិនិត្យ និង​កោសល្យ​វិ​ច្ច័​យ ហើយ​សមត្ថកិច្ច​បាន​ប្រគល់​សព​កូន​ឲ្យ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕