ចិត្តលោភលន់គ្មានការគិត ឈ្មោះ ឆែប សុវណ្ណ នាយកក្រុមហ៊ុន «សុវណ្ណគន្ធា» សមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធករណីស៊ីដាច់ប្រាក់ជាង៤ម៉ឺនដុល្លារ

រាជធានីភ្នំពេញ ៖ នាយកក្រុមហ៊ុន «សុវណ្ណគន្ធា» ឈ្មោះ ឆែប សុវណ្ណ អាយុ៣១ឆ្នាំ ត្រូវបានសមត្ថកិច្ច នគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចាប់ខ្លួនបញ្ជូនទៅសាលាដំបូងកាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ពាក់ព័ន្ធករណីស៊ីដាច់ប្រាក់ជាង៤ម៉ឺនដុល្លារ និងទំនិញ២កុងតឺន័រ ។

មន្រ្តីតុលាការបានអោយដឹងថា ក្រោយការសាកសួរ ជនសង្ស័យពេញមួយព្រឹក លោក ងិន ពេជ្រ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ លោក ឆែប សុវណ្ណ ជានាយកក្រុមហ៊ុនដឹកទំនិញនាំចូលពីបរទេសយីហោ «សុវណ្ណគន្ធា»ពីបទរំលោភលើសេចក្ដីទុកចិត្ត តាមមាត្រា៣៩១, មាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនសំណុំរឿង និងជនត្រូវចោទឱ្យចៅក្រមចាត់ការតាមច្បាប់។

ប្រភពបានអោយដឹងថា  ឈ្មោះ ឆែប សុវណ្ណ ដែលជានាយកក្រុមហ៊ុន «សុវណ្ណ គន្ធា» នោះ បានទទួលរត់ការឯកសារ clear ទំនិញនាំចូលពីបរទេសចំនួន២កុងតឺន័រ នៅ ផែស្ងួតតេងឡាយ ក្នុងតម្លៃកម្រៃជើងសារ៤១,៤៥០ដុល្លារ។ ក្រោយពីយកទំនិញចេញបានពីផែស្ងួតតេងឡាយហើយ លោក ឆែប សុវណ្ណ មិនបានផ្ដល់ព័ត៌មានឱ្យម្ចាស់ទំនិញមកទទួលយកទំនិញទាំង២កុងតឺន័រនោះទេ បែរជាយកទំនិញទាំងនោះ លក់ ឱ្យក្រុមហ៊ុនផ្សេងទៀតបាត់អស់ទៅ។

ដោយសារតែបោកយកប្រាក់ ៤១,៤៥០ដុល្លារ និងទំនិញ២កុងតឺន័រខាងលើហើយ ទើបម្ចាស់ទំនិញប្ដឹងឱ្យកម្លាំងសមត្ថកិច្ចចាប់ខ្លួនលោក ឆែប សុវណ្ណ តែម្ដង៕