មិនដែលដឹងសោះថា ស្នាដៃទាំង ១០ នេះមានលាក់អាថ៌កំបាំង សឹងតែនឹកស្មានមិនដល់!

ការងារសិល្បៈ ជាមួយនឹងស្ថាបត្យកម្ម ជាច្រើន គឺសុទ្ធតែមានកេរ្តិ៍ឈ្មោះល្បីល្បាញ ពាសពេញទូទាំងពិភពលោក។ ប៉ុន្តែ ប្រសិនបើអ្នកបានសិក្សា អំពីប្រវត្តិសាស្ត្ររបស់វាទាំងនោះ បានដិតដល់បន្ថែមបន្តិចទៀតនោះ អ្នកនឹងរកឃើញថា មានរឿងសំងាត់ជាច្រើន ដែលអ្នកមិនបានដឹងទាល់តែសោះ។

ខាងក្រោមនេះ គឺជាស្នាដៃសិល្បៈ និងស្ថាបត្យកម្ម ទាំង ១០ ដែលអ្នកនឹងចង់ដឹងចង់ឮខ្លាំងបំផុត។ អ្នកប្រាកដជាភ្ញាក់ផ្អើល នៅពេលដែលអ្នកបានអាន! 

# បន្ទប់នៅលើកំពូល ទួលអេហ្វែល (Eiffel Tower)

Eiffel Tower គឺជាសំណង់អាគារលោហៈ ដែលមានទីតាំងលើតំបន់សួនសាធារណៈ Champ de Mars ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង និងបានបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ៣១ ខែមិនា ឆ្នាំ ១៨៨៩។ Eiffel Tower មានកម្ពស់រហូតដល់ទៅ ៣២៤ ម៉ែត្រ ដែលជាសំណង់អាគារខ្ពស់ជាងគេបង្អស់ នៅក្នុងប្រទេសបារាំង។

រីឯលោក Gustave Eiffel ដែលជាអ្នករចនា Eiffel Tower ដ៏អស្ចារ្យនេះឡើង ក៏បានសាងសង់ នូវបន្ទប់ដូចជាផ្ទះមួយ សម្រាប់ខ្លួនគាត់ នៅលើកំពូលខ្ពស់បង្អស់។ គាត់តែងតែទៅសម្រាកនៅទីនោះ និងទុកសម្រាប់ទទួលភ្ញៀវទៀតផង។ នៅលើកំពូលនោះ មានផ្ទះបាយមួយ បន្ទប់ទឹកមួយ បន្ទប់គេងពីរ និងបន្ទប់ទទួលភ្ញៀវមួយ ជាមួយនឹងទេសភាពដ៏ស្រស់ស្អាត។ សព្វថ្ងៃនេះ វាបានក្លាយជាសារៈមន្ទីរហើយ។ 

# ច្រវាក់ដាច់ នៅនឹងជើងរូបសំណាក “The Statue of Liberty”

The Statue of Liberty មានទីតាំងនៅលើកោះ Liberty Island នៅកំពង់ផែទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ រូបសំណាកនេះមានកម្ពស់ ៤៦ ម៉ែត្រ (បើគិតតាំងពីដីខាងក្រោម ដល់កំពូលខាងលើ មានកម្ពស់ ៩៣ ម៉ែត្រ)។ ប្រជាជនបារាំង បានប្រគល់រូបសំណាកនេះ ជូនអាមេរិក នៅថ្ងៃខួបលើកទៅ ១០០ នៃបដិវត្តន៍អាមេរិក។

The Statue of Liberty ជានិមិត្តរូបតំណាងសេរីភាព ប្រជាធិបតេយ្យភាព និងការបំបាត់នូវទាសភាព។ នេះជាហេតុ ដែលយើងឃើញមានច្រវាក់ដាច់ នៅត្រង់ជើង របស់រូបសំណាក។ ជាក់ស្តែង មានភ្ញៀវទេសចរជាច្រើននាក់ ដែលមើលរំលងត្រង់ចំណុចនេះ។ 

# រូបគំនូរ Mona Lisa

រូបគំនូរ ដ៏ល្បីល្បាញ “Mona Lisa” (ឬត្រូវបានគេហៅថា La Gioconda) រូបគំនូរពាក់កណ្តាលបញ្ឈរ នៃស្រ្តីម្នាក់ ដែលបានគូរដោយវិចិត្រករ ជនជាតិអ៊ីតាលី លោក Leonardo da Vinci។ រូបគំនូរនេះ បានក្លាយជាសិល្បៈដែលមានភាពល្បីល្បាញបំផុត និងអស្ចារ្យបំផុតលើលោក។

ជាក់ស្តែង មានវិចិត្រករជាច្រើន ដែលបានគូររូប Mosa Lisa ឡើងវិញ។ ប៉ុន្តែ អ្នកដឹងទេថា លោក Leonardo da Vinci បានគូររូប Mona Lisa មួយបន្ថែមទៀត ដោយខ្លួនគាត់ផ្ទាល់។ ពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ ពីព្រោះរូបគំនូរលើកទីពីរ របស់គាត់ មានចំនុចខុសគ្នាបន្តិចបន្តួចថែមទៀតផង។ មានមនុស្សមួយចំនួនគិតថា វាអាចជាស្នាដៃរបស់វិចិត្រករដទៃ ប៉ុន្តែ អ្នកជំនាញ ធ្វើការអះអាងថា វាគឺជាស្នាដៃរបស់ Leonardo da Vinci ។ 

# រូងពេលវេលា នៅឯ Mount Rushmore

Mount Rushmore មានទីតាំងនៅលើភ្នំ Rushmore ប្រទេស អាមេរិក។ Mount Rushmore គឺជាចម្លាក់ មានរូបផ្ទៃមុខរបស់ប្រធានាធិបតីទាំង ៤ របស់អាមេរិក ដូចជា George Washington Thomas Jefferson Theodore Roosevelt និង Abraham Lincoln ដែលមានកម្ពស់ ១,៧៤៥ ម៉ែត្រពីនីវ៉ូសមុទ្រ។

នៅអំឡុងការសាងសង់ចម្លាក់នេះ ស្ថាបត្យករ Gutzon Borglum បានចង់បង្កើតសាលមួយ នៅក្នុងរូបចម្លាក់ ដែលសាលនោះ មានគោលបំណងចង់ឲ្យ អ្នកជំនាន់ក្រោយ អាចដឹងពីកំណត់ត្រាផ្សេងៗ ជាប្រវត្តិសាស្រ្តរបស់ប្រទេសអាមេរិកទាំងមូល។ ហេតុនេះ គាត់ក៏បានជីករូងមួយ នៅពីក្រោយក្បាលរបស់លោកប្រធានាធិបតី Abraham Lincoln ។ ប៉ុន្តែក្រោយមកលោក Borglum ក៏បានស្លាប់ ទាំងមិនទាន់សាងសង់រួច។ សព្វថ្ងៃនេះ គេហៅរូងភ្នំនោះថា ជារូងពេលវេលា (Time capsule)។ 

# រូបរាងពិត របស់ចម្លាក់ Sphinx

The Great Sphinx នៃរដ្ឋធានី Giza គឺជារូបបដិមា ថ្មកំបោរ ដែលបង្ហាញពីសត្វទេវកថាមួយបែប ដែលមានខ្លួនជាតោ និងក្បាលជាមនុស្ស។ រូបបដិមា ដ៏អស្ចារ្យសម្បើមនេះ មានទីតាំងនៅដីខ្ពង់រាប ភាគខាងលិចទន្លេនីល រដ្ឋធានី Giza ប្រទេសអេហ្ស៊ីប។ The Great Sphinx គឺជារូបចម្លាក់ដែលមានវ័យចំណាស់ ជាងគេបង្អស់ក្នុងពិភពលោក។

តាំងពីដើមឡើយ រូបចម្លាក់នេះ មានលាបពណ៌ភ្លឺចែងចាំង ហើយថែមទាំងមានច្រមុះ និងពុកចង្ការ តាមបែបប្រពៃណីទៀតផង។ អ្នកជំនាញជាច្រើនជឿថា ដើមកំណើត Sphinx គឺមានក្បាលជាតោ រីឯក្បាលមនុស្សលើចម្លាក់នេះ ត្រូវបានឆ្លាក់តាមក្រោយប៉ុណ្ណោះ។ 

# អ្នកបង្កើត The Leaning Tower នៃទីក្រុង Pisa

The Leaning Tower នៃទីក្រុង Pisa គឺជាប៉ម ដែលត្រូវបានគេស្គាល់ទូទាំងពិភពលោក យ៉ាងល្បីល្បាញ ដោយសារតែលក្ខណៈផ្អៀងរបស់វា។ The Leaning Tower មានកម្ពស់ ៥៥.៨៦ ម៉ែត្រ នៅចំហៀងខាងទាប និងមានកម្ពស់ ៥៦.៦៧ ម៉ែត្រ នៅចំហៀងខាងខ្ពស់។

ប៉មដ៏ខ្ពស់នេះ មានអាថ៌កំបាំងជាច្រើន។ ម្នាក់ៗ សុទ្ធតែបានស្គាល់ពីភាពអស្ចារ្យរបស់វា ប៉ុន្តែគ្មានអ្នកណាម្នាក់ដឹងថា ប៉មកណ្តឹងប្រចាំទីក្រុង Pisa នេះ សាងសង់ដោយនរណាឡើយ និងគ្រាន់តែដឹងថា វាត្រូវបានសាងសង់រយៈពេលជាង ២០០ ឆ្នាំមកហើយ។ ប្រវត្តិវិទូ បានសន្និដ្ឋានថា The Leaning Tower អាចជាផែនការសាងសង់របស់លោក Bonanno Pizano ឬអាចជាលោក Diotisalvi ដែលបានសាងសង់អាគារមួយ មានរចនាបទស្រដៀងគ្នា នៅជិតប៉មនោះដែរ។ 

# ផ្ទៃមុខ របស់រូបគំនូរ Danaë របស់ Rembrandt

Danaë គឺជារូបគំនូរ របស់វិចិត្រករ Rembrandt ដែលបានគូសតាំងពីឆ្នាំ ១៦៣៦ មកម្ល៉េះ។ សព្វថ្ងៃនេះ រូបគំនូររបស់គាត់ ស្ថិតនៅក្នុងសារមន្ទីរ Hermitage របស់ប្រទេស រុស្ស៊ី។

Rembrandt បានចាប់ផ្តើមគូសរូបគំនូរ Danaë បន្ទាប់ពីរៀបការបាន ២ ឆ្នាំជាមួយប្រពន្ធឈ្មោះ Saskia van Uylenburgh ។ មនុស្សជាច្រើន ក៏តែងតែជឿថា រូបគំនូរនោះ ជារូបរបស់ប្រពន្ធគាត់ដែរ។ ប៉ុន្តែ អ្នកជំនាញក៏ទើបតែនឹករកឃើញ អាថ៌កំបាំងនេះថ្មីៗ ដោយប្រើប្រព័ន្ធកាំរស្មី X ទើបបានដឹងថា រូបគំនូរនេះ បានគូរបន្ថែមម្តងទៀត នៅពេលដែលប្រពន្ធគាត់ស្លាប់ និងជាពេលដែលគាត់ទៅចាប់ចិត្តស្រលាញ់ស្រ្តីផ្សេងម្នាក់ទៀត ឈ្មោះ Geertje Dircx ។ ហេតុនេះ ផ្ទៃមុខរបស់ Danaë គឺជាការរួមបញ្ចូលគ្នា រវាងមុខរបស់មនុស្សស្រីដែលគាត់ស្រលាញ់ទាំង ២ នាក់។ 

# ឈ្មោះពិត របស់នាឡិកាយក្ស Big Ben ក្នុងប្រទេសអង់គ្លេស

ប៉មនាឡិកាយក្ស Big Ben ដែលត្រូវបានគេស្គាល់ ពាសពេញពិភពលោកនោះ ស្ថិតក្នុងទីក្រុង ឡុងដ៍ ប្រទេសអង់គ្លេស និងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ ១៨៥៥ ជាមួយនឹងកម្ពស់ រហូតដល់ទៅ ៩៦ ម៉ែត្រ។

ជាក់ស្តែងឈ្មោះ Big Ben គឺគ្រាន់តែជា ឈ្មោះរបស់កណ្តឹង ដែលមាននៅក្នុងប៉មនោះប៉ុណ្ណោះ មិនមែនសំដៅលើអាគារទាំងមូលនោះទេ។ រហូតមកដល់ខែកញ្ញា ឆ្នាំ ២០១២ អាគារនេះ មានឈ្មោះជាផ្លូវការថា “The Bell Tower of the Palace of Westminster” ប៉ុន្តែ សព្វថ្ងៃនេះ ឈ្មោះផ្លូវការរបស់វាគឺ “The Elizabeth Tower” ។ មកដល់ឥលូវនេះ ក៏មិនមានមនុស្សច្រើនដែរ ដែលដឹងថា Big Ben ជាឆ្មោះរបស់កណ្តឹងនោះ។ 

# ពណ៌របស់ស្ពាន The Golden Gate

ស្ពាន The Golden Gate គឺជាស្ពានយោលមួយ ដែលមានកម្ពស់ ២២៧.៤ ម៉ែត្រ និងមានបណ្តោយប្រវែង ២.៧ គីឡូម៉ែត្រឯណោះ។ ស្ពាននេះ សាងសង់ចាប់តាំងពីឆ្នាំ ១៩៣៣ ដល់ ១៩៣៧ និងចាប់សម្ពោធជាផ្លូវការ នៅថ្ងៃទី ២៧ ខែឧសភា ១៩៣៧។

ស្ពាននេះ ចំណាយពេលយ៉ាងយូរ ទម្រាំតែកងទ័ពជើងទឹកសហរដ្ឋអាមេរិក យល់ព្រមឲ្យសាងសង់។ បន្ទាប់ពីបានអនុញ្ញាតរួច កងទ័ពជើងទឹកអាមេរិក ចង់ឲ្យស្ពាននេះ លាបពណ៌លឿង និងឆ្នូតខ្មៅ ដើម្បីឲ្យស្ពាននេះ មើលមិនឃើញ នៅពេលចុះអ័ព្ទ។ ចុងក្រោយ លោក Irving Morrow ដែលជាស្ថាបត្យករ បានបញ្ចុះបញ្ចូលកងទ័ពទាំងនោះ ឲ្យយល់ព្រមលាបស្ពាននោះ ពណ៌ទឹកក្រូចចាស់វិញ។ ពណ៌នេះមិនត្រឹមតែ អាចបំបាំងកាយស្ពាន បានគ្រប់រដូវនោះទេ វាថែមទាំងជាពណ៌ដែលទាក់ទាញទៀតផង។ 

# ផ្ទៃមេឃ លើរូបគំនូរ The Scream

រូបគំនូរ The Scream គឺជាគំនូរដែលគូរឡើង ដោយវិចិត្រករ Edvard Munch នៅចន្លោះឆ្នាំ ១៨៩៣ និងឆ្នាំ ១៩១០។ លោក Munch បានដាក់ឈ្មោះគំនូរនេះ ជាភាសាអាល្លឺម៉ង់ថា “Der Schrei der Natur” ដែលអាចប្រែមកបានថា “សំឡេងស្រែក របស់ធម្មជាតិ”។

នៅក្នុងឆ្នាំ ២០០៣ ក្រុមតារាវិទូ បានដាក់ទ្រឹស្តី លើរូបគំនូរនេះថា ជាការបង្ហាញពីបន្ទុះភ្នំភ្លើង Krakatoa ក្នុងឆ្នាំ ១៨៨៣ ទើបបានជាមានមេឃពណ៌បែបនេះ។ វាជាបន្ទុះភ្នំភ្លើង ដែលមានធូលី និងកម្ទេចភ្លើង ពាសពេញបរិយាកាស និងមិនមែនជា ទេសភាពថ្ងៃលិច ធម្មតានោះទេ៕ 

ប្រភព៖  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

មិនដែលដឹងសោះថា ស្នាដៃទាំង ១០ នេះមានលាក់អាថ៌កំបាំង សឹងតែនឹកស្មានមិនដល់!

មិនដែលដឹងសោះថា ស្នាដៃទាំង ១០ នេះមានលាក់អាថ៌កំបាំង សឹងតែនឹកស្មានមិនដល់!

មិនដែលដឹងសោះថា ស្នាដៃទាំង ១០ នេះមានលាក់អាថ៌កំបាំង សឹងតែនឹកស្មានមិនដល់!

មិនដែលដឹងសោះថា ស្នាដៃទាំង ១០ នេះមានលាក់អាថ៌កំបាំង សឹងតែនឹកស្មានមិនដល់!

មិនដែលដឹងសោះថា ស្នាដៃទាំង ១០ នេះមានលាក់អាថ៌កំបាំង សឹងតែនឹកស្មានមិនដល់!

មិនដែលដឹងសោះថា ស្នាដៃទាំង ១០ នេះមានលាក់អាថ៌កំបាំង សឹងតែនឹកស្មានមិនដល់!

មិនដែលដឹងសោះថា ស្នាដៃទាំង ១០ នេះមានលាក់អាថ៌កំបាំង សឹងតែនឹកស្មានមិនដល់!

មិនដែលដឹងសោះថា ស្នាដៃទាំង ១០ នេះមានលាក់អាថ៌កំបាំង សឹងតែនឹកស្មានមិនដល់!

មិនដែលដឹងសោះថា ស្នាដៃទាំង ១០ នេះមានលាក់អាថ៌កំបាំង សឹងតែនឹកស្មានមិនដល់!

មិនដែលដឹងសោះថា ស្នាដៃទាំង ១០ នេះមានលាក់អាថ៌កំបាំង សឹងតែនឹកស្មានមិនដល់!