គន់ រៀម​រតនៈ ត្អូញ​ត្អែ​ថា ត្រឹម​តែ​៥០​ដុល្លារ​សោះ ក៏​គ្មាន​អ្នក​ហៅ​ថត​ដែរ !

(ភ្នំពេញ)៖ តារាសម្តែងប្រុស លេចរស្មីចេញពីទឹកដី ខេត្តព្រៃវែង លោក គន់ រៀមរតនៈ បាន​ទ​​ម្លា​យប្រាប់អារម្មណ៍ពិត របស់ខ្លួនថា ពេលចូលសិល្បៈដំបូង និងពេលបច្ចុប្បន្ន ហាក់មានភាព​ខុស​គ្នាឆ្ងាយត្រង់តម្លៃខ្លួន នៃការ​សម្តែង​ ខណៈចូលសិល្បៈដំបូង លោកសុខចិត្តលះបង់ ពេលវេលាផ្ទាល់ខ្លួន ដើម្បីសិល្បៈ តែបច្ចុប្បន្នគ្រាន់តែទារតម្លៃតែ៥០ដុល្លារ ដើម្បីចំណាយលើការ ចាក់សាំងឡាន និងទិញសម្ភារៈខ្លះៗ បែរជាគ្មានអ្នកហៅថត ទៅវិញ។

តារាសម្តែង ដែលភាគច្រើន ត្រូវបានអ្នកដឹកនាំ តម្រូវឲ្យស្ដែងតួជាភេទទី៣ លោក គន់ រៀមរតនៈ បាននិយា​យថា « នេះជារឿងពីមុន ស្រឡាញ់ពេក ចង់ពេក ឲ្យតែបានគេហៅថត និយាយពីថា សែនម​ហាសប្បាយចិត្ត តួអ្វីក៏ថតដល់ណា ម៉ោងណា ក៏មិនរាថយ។ នេះទឹកចិត្តអ្នកស្រឡាញ់​​សិល្បៈ ដល់ឥឡូវ សព្វថ្ងៃ បច្ចុប្បន្ន គឺថា​ដើម្បី ដើម្បីគឺថា គ្រាន់តែសុំទារថ្លៃ៥០ដុល្លារឬ៦០ដុល្លារសោះ ក្នុង១ថ្ងៃ ឬ១ថ្ងៃមួយយប់ គ្រាន់រួចថ្លៃចំណាយទៅវិញ សម្លៀកបំពាក់សាំងឡានជាដើម ក៏ត្រូវគេឈប់ហៅថតដែរ!»

លោក គន់ រៀមរតនៈ បាននិយាយទៀតថា «ចុះបើព្រមយកតម្លៃថោកពេក១៥ដុល្លារ ឬ២០ដុ​ល្លារនោះ តើការចំណាយទៅវិញ មិនគ្រប់របស់ គួរគិតយ៉ាងម៉េច? ពីមួយថ្ងៃទៅមួយថ្ងៃ មួយខែទៅមួយខែ មួយឆ្នាំទៅមួយឆ្នាំ ធ្វើឲ្យជីវភាពអ្នកសម្តែង​ខ្លះ កាន់តែយ៉ាប់ទៅៗ ស្ទើរកអង្ករច្រកឆ្នាំងគ្មាន ពេលមានជំងឺរកលុយមើលខ្លួន មិនបាន ត្រង់ថា អ្នកខ្លះក៏គេ​មានជីវភាពធូរធា ជារឿងរបស់គេ ព្រោះថា មានរឿងខ្លះ​យើងដឹងមិនដល់ ដឹងដល់ហើយ ក៏ត្រឹមបានតែដឹង ឬក៏អ្នកខ្លះ គឺគេមានជីវភាពធូរធា របស់គេស្រាប់!»

ទន្ទឹមគ្នានឹងការបង្ហោះសារ រៀបរាប់ និងត្អួញត្អែពីសំណាក់ តារាសម្តែងប្រុស លោក គន់ រៀម​រតនៈ នេះដែរភ្លាមៗនេះ គេសង្កេតឃើញតារាសម្តែង​ស្រី ​ ចាស់វស្សា ដែលនៅតែរក្សាបានប្រជា​ប្រិយភាព អ្នកនាង ចន ច័ន្ទលក្ខិណា បានចូលទៅ Comment ហាក់ផ្លែផ្កា ដល់អ្នកដឹកនាំ ឬផលិ​តករក្នុងស្រុក ដោយខ្លីថា «គេទុកលុយជួលតារាថៃ មកសម្តែងឲ្យខ្មែរមើល!»

ប្រភព ៖
Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  តារាសម្តែងប្រុសមានឈ្មោះ ល្បីគួរសម ក្នុងវិស័យសិល្បៈ លោក គុន រៀមរតនៈ បានជួបទុក្ខធំ សោកសៅ ក្នុងគ្រួសារ ខណៈលោកយាយជាទីស្រឡាញ់ របស់តារាប្រុសរូបនេះ​ បានទ​ទួលមរណៈភាព ចាកចោលលោក នឹងកូនចៅដោយគ្មានថ្ងៃវិលត្រឡប់វិញ នោះឡើយ។

នៅលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់តារាសម្តែងលោក គុន រៀមរតនៈ កាលពី​ប៉ុ​ន្មា​នម៉ោងមុននេះបានសរសេរបង្ហោះ ភ្ជាប់ជាមួយរូបភាព នៃការដង្ហែសពជាច្រើនសន្លឹក ហើយ​បញ្ជាក់ថា «ជូនដំណើរលោក​យាយថ្ងៃចុងក្រោយ...។ លោកកយាយទៅចោលចៅហើយ ទៅគ្មានថ្ងៃត្រឡប់ ជាតិមុនខ្ញុំបានសាងបាបកម្មអ្វីខ្លះ បានជាជាតិនេះ ខ្ញុំជួបតែរឿងនិរាសព្រាត់ប្រា​ស មិនចេះចប់មិនចេះហើយ សោះអ៉ីចឹង?? ​»។

តារាប្រុសដែលភាគច្រើន គ្រងតំណែងជាតួភេទទី៣ លោក គុន រៀមរតនៈ បានបន្តថា «មច្ចុរាជសូមអ្នកប្រណីដល់ខ្ញុំខ្លះផង លោកឪពុក អ្នកម្តាយ បងប្រុសខ្ញុំ លោកតា លោកយាយ ទាំងខាងពុក នឹងខាងម៉ែ ពូ និង​ម្តាយធំខាងម៉ែ អ្នកបានឆក់យកជីវិតពួកគាត់​ ទៅអស់ហើយ ទាំងអ្នកខ្លះ​នៅវ័យក្មេងៗនៅឡើយ។ តទៅទៀត សូមអ្នកមេត្តាដល់ជីវិតកំព្រីកំព្រា ក្រលំបាកម្នាក់នេះ​រស់​បានសុខចប់ចុង​ចប់ដើម ដូចគេឯងផងចុះ!»។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload