កាន់​តែ​កក្រើក​ហើយ! កំពូល​តា​រា​ចម្រៀង ៤​រូប ត្រៀម​​បង្ហាញ​​ខ្លួន​​ក្នុង​ពិធី​បើក​កីឡា​ជាតិ​ចុង​ខែ​នេះ

(ភ្នំពេញ)៖ យោងតាមការបង្ហើបឲ្យដឹងពីមន្ដ្រីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឱកាស​ពិធី​បើក​ការ​ប្រកួត​កីឡា​ជាតិ លើក​​ទី​​១ ក្រោម​អធិប​តី​ភាព​ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ដ្រី​នៃ​កម្ពុជា​នា​ចុង​ខែ​នេះ នឹង​មាន​តារា​ចម្រៀង​លំដាប់​កំពូល​កម្ពុជា ៤​រូប បង្ហាញ​វត្ត​មាន​លើ​ទី​លាន​ពហុ​កី​ឡ​ដ្ឋាន​ជាតិ ដើម្បីធ្វើឲ្យពិធីបើកការប្រកួតព្រឹត្តិការណ៍កីឡាប្រវត្តិសាស្រ្ដនេះ កាន់តែកក្រើកបន្ថែមទៀត។

stadium

តារាចម្រៀងល្បីៗខាងលើរួមមានលោក ព្រាប សុវត្ថិ, លោក ខេមរៈ សេរីមន្ដ កញ្ញា ឱក សុគន្ធកញ្ញា និងកញ្ញា មាស សុខសោភា រួម​ទាំង​វត្ត​មាន​តារា​​ចម្រៀង និង​​តារា​​កំប្លែង​​ជា​​ច្រើន​ទៀត ដើម្បីបង្កើតបរិយាកាសឲ្យកាន់តែសប្បាយរីករាយ ខណៈគណៈកម្មការរៀបចំការប្រកួតកីឡាជាតិនេះ រំពឹងយ៉ាងហោចណាស់ ក៏មានមហាជនប្រមាណពី ៥ម៉ឺននាក់ទៅ ៦ម៉ឺននាក់ចូលរួមដែរ ហើយការចូលរួមគឺមិនតម្រូវឲ្យមានការលក់សំបុត្រអ្វីឡើយ។

គួរបញ្ជាក់ថា ពិធីបើកការប្រកួតកីឡាជាតិ ជាប្រវត្តិសាស្ដ្រនេះ នឹងធ្វើឡើងនៅថ្ងៃទី២៨ ខែតុលា ហើយពិធីបិទនឹងធ្វើឡើងនៅថ្ងៃទី៥ ខែ​វិច្ឆិកា ដោយ​​ទទួល​​បាន​​ការ​​ផ្ដល់​​កិត្ដិ​យស​​ចូល​រួម​ដ៏​ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ ចំណែកកីឡាត្រៀមប្រកួតរយៈពេល ១០ថ្ងៃពីថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកាសរុប ១៥ប្រភេទ រួមមាន កីឡាអត្តពលកម្ម ហែលទឹក វាយសី បាល់បោះ ប្រដាល់គុនខ្មែរ បាល់ទាត់ ចំបាប់ វាយកូនឃ្លីលើតុ តេក្វាន់ដូ វាយកូនបាល់ បាល់ទះ ប៉េតង់ ល្បុក្កតោ កាយសម្ព័ន្ធ និង​កីឡា​សូរិនហ្សិកាំប៉ូ ដែលជាប្រភេទកីឡា ទើបបញ្ចូលក្រោយគេ កាលពីពេលថ្មីៗកន្លងទៅ៕

ប្រភព៖ Khmertalking

The post កាន់​តែ​កក្រើក​ហើយ! កំពូល​តា​រា​ចម្រៀង ៤​រូប ត្រៀម​​បង្ហាញ​​ខ្លួន​​ក្នុង​ពិធី​បើក​កីឡា​ជាតិ​ចុង​ខែ​នេះ appeared first on CamboSport.